តំបន់​កាតា​ឡាន​​​អាច​ទាមទារ​​​ឯករាជ្យ​​​ពី​អេ​ស្ប៉ាញ​​​បាន​ទេ​?

ដោយ៖ ពេញ ផេង 31-10-2017 4:07 pm 309
ប្រជាជន​កាតាឡាន​នាំគ្នា​តវ៉ា​ទាមទារ​ឯករាជ្យ

​ភាពចម្រូងចម្រាស​កើតឡើង​បង្ក​ជា​វិបត្ដិ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។​នោះ​គឺ​ការទាមទារ​ចង់បាន​ឯករាជ្យ​ពី​ក្រុម​កាតា​ឡាន រហូត​បោះឆ្នោត​ប្រកាស​ឯករាជ្យ​ជា​ឯកតោ​ភាគី​។​ប៉ុន្ដែ​យ៉ាងណាក៏ដោយ អេ​ស្ប៉ាញ​មិន​ផ្លាស់ប្ដូរ​ជំហរ​ដាច់ខាត មិន​ទទួលស្គាល់​ការប្រកាស​ឯករាជ្យ ថែមទាំង​បាន​រំលាយ​សភា​ក្នុង​តំបន់​កាតា​ឡាន​ចោល និង​បាន​ទម្លាក់​មេដឹកនាំ​កាតា​ឡាន​ចេញពី​តំណែង​ទៀត ក្នុងន័យ​រារាំង​ការផ្ដាច់​ខ្លួន​របស់​ក្រុម​នេះ​។​ម្ខាង​ចង់បាន​ឯករាជ្យ​តែ​ម្ខាង​ព្យាយាម​រាំងខ្ទប់​មិនឲ្យ​ចាកចេញ​។​តើ​នៅ​ថ្ងៃ​អនាគត​តំបន់​កាតា​ឡាន អាច​សង្ឃឹម​នឹង​ទទួលបាន​ឯករាជ្យ​ពី​អេ​ស្ប៉ាញ​ទេ​?

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង​នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

សំឡេង​៖

កាលពី​ថ្ងៃទី​០១​ខែតុលា​ឆ្នាំ​២០១៧​នេះ ប្រជាជន​កាតា​ឡាន​បាននាំគ្នា​ទៅ​បោះឆ្នោត​ប្រជាមតិ ដើម្បី​ស្វែងរក​សំឡេងគាំទ្រ​ឲ្យ​ផ្ដាច់ខ្លួន​ចេញពី​ការគ្រប់គ្រង​របស់អេ​ស្ប៉ាញ​។​ប្រជាជន​ប្រមាណ​ជាង​២​លាន​នាក់​បាន​ចូលរួម​ការបោះឆ្នោត ហើយ​តាម​លទ្ធផល​បញ្ជាក់ថា​ប្រមាណ​៩០​ភាគរយ​គាំទ្រ​ឲ្យ​ផ្ដាច់ខ្លួន​។​ប៉ុន្ដែ​មុននឹង​ទទួលបាន​លទ្ធផល មនុស្ស​ជាង​៨០០​នាក់​បាន​រងរបួស ដោយសារតែ​ការប៉ះទង្គិច​រវាង​ប៉ូលិស​ជាមួយ​ប្រជាជន​កាតា​ឡាន​នៅ​មណ្ឌលបោះឆ្នោត ព្រោះ​ប៉ូលិស​បាន​រារាំង​ការបោះឆ្នោត​ដោយ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់​។​

​យ៉ាងណាក៏ដោយ​មេដឹកនាំ​កាតា​ឡាន​បានប្រកាស​ជំហរ​មិន​ស្ថិតក្រោម​ការដឹកនាំ​របស់អេ​ស្ប៉ាញ​ទៀត​ទេ ហើយ​បានរៀបចំ​ការប្រកាស​ឯក​រាជ្យ​។​មេដឹកនាំ​ក្រុម​កាតា​ឡាន​លោក​Carles Puigdemont​និយាយថា ប្រជាជន​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស​អេ​ស្ប៉ា​ញ ជា​តំបន់​លោក​គ្រប់គ្រង បានឈ្នះ​សិទ្ធិ​ក្នុងការ​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ បន្ទាប់ពី​ប្រជាជន​រាប់លាន​នាក់​បាន​ចូលរួម​ការបោះឆ្នោត​។​ដូច្នេះ​ប្រជាជន​កាតា​ឡាន​ពិតជា​មាន​សិទ្ធិ​បង្កើតជា​សាធារណរដ្ឋ​មួយ​។​

​ការអះអាង​បែបនេះ​ធ្វើឡើង​ទាំង​រដ្ឋាភិបា​លអេ​ស្ប៉ាញ​មិន​ពេញចិត្ដ និង​មិន​ឯកភាព​ចំពោះ​ការចង់​ផ្ដាច់ខ្លួន​។​មហាក្សត្រអេ​ស្ប៉ាញ​ព្រះបាទ​Felipe VI ទ្រង់​មិន​សព្វព្រះទ័យ​លើ​អ្វីដែល​ក្រុម​កាតា​ឡាន​ចង់​បានទេ​។​កាលពី​ថ្ងៃទី​០៣​តុលា ទ្រង់​បាន​ចោទប្រកាន់​ក្រុម​កាតា​ឡាន បាន​គំរាមកំហែង​ដល់​ស្ថិរភាព​ក្នុងប្រទេស និង​ជំរុញ​ឲ្យ​រដ្ឋ​មួយ​នេះ​ត្រូវគោរព​តាម​រដ្ឋធម្មនុញ្ញ​។​
​នាយករដ្ឋមន្ដ្រី​អេ​ស្ប៉ាញ​លោក​Mariano Rajoy បាន​ជំទាស់​ដាច់អហង្ការ​ដូចគ្នា​។​

​តាំងពី​ថ្ងៃ​បោះឆ្នោត អេ​ស្ប៉ាញ​បាន​រង្គោះរង្គើ​ដោយសារ​ចលនា​ទាមទារ​ឯករាជ្យ​ពី​ក្រុម​កាតា​ឡាន ធ្វើឲ្យ​ប្រទេ​ស​ធ្លាក់ក្នុង​វិបត្ដិនយោបាយ​។​មិន​អស់​មិន​ហើយ​មេដឹកនាំ​ក្រុម​កាតា​ឡាន បាន​ព្យាយាម​សម្របសម្រួល​ចរចា​ពី​រឿង​ប្រកាស​ឯករាជ្យ​ជា​មួយអេ​ស្ប៉ាញ ប៉ុន្ដែ​នៅតែ​គ្មាន​លទ្ធផល​។​នៅ​ទីបំផុត​សភា​ក្នុង​តំបន់​កាតា​ឡាន​កាលពី​ថ្ងៃទី​២៧​តុលា បាន​បោះឆ្នោត​ប្រកាស​ឯករាជ្យ​ចេញពី​អេ​ស្ប៉ាញ​ជា​ឯកតោភាគី​។​ការបោះឆ្នោត​នៅក្នុង​សភា​ទទួលបាន​សំឡេងគាំទ្រ​៧០​ទល់នឹង​១០​សំឡេង ស្របពេល​សមាជិកសភា​គណបក្សប្រឆាំង​មិនបាន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ឡើយ​។​

​សភា​នៅក្នុង​តំបន់​រៀបចំ​ការបោះឆ្នោត​ខណៈ​ប្រជាជន​នៅក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​ជា​ទីក្រុង​ស្ថិតក្នុង​តំបន់​កាតា​ឡាន បាននាំគ្នា​ប្រមូលផ្ដុំ​នៅតាម​ដងផ្លូវ និង​ស្រែក​ទាមទារ​រក​សេរីភាព​ជា​ភាសា​កាតា​ឡាន និង​ច្រៀង​ចម្រៀង​ប្រពៃណី​កាតា​ឡាន​ផងដែរ អបអរ​នឹង​ការប្រកាស​ឯករាជ្យ​។​

​ទង្វើ​នេះ​ហាក់ដូចជា​ផ្គើន​នឹង​រដ្ឋាភិបាល​ទីក្រុង​ម៉ា​ឌ្រី​ដ ដែល​ហាម​មិនឲ្យ​ប្រកាស​ឯករាជ្យ​និង​ស្នើឲ្យ​រួបរួមជា​ធ្លុង​មួយ​។​នាយករដ្ឋមន្ដ្រី​អេ​ស្ប៉ាញ​លោក​Mariano Rajoy ធ្លាប់បាន​ប្រាប់​ទៅ​សមាជិកសភា​របស់លោក​ថា ចាំបាច់​ណាស់​ច្បាប់​គ្រប់គ្រង​ត្រូវតែ​ដាក់​លើ​តំបន់​កាតា​ឡាន ដើម្បី​នាំយក​ប្រជាធិបតេយ្យ​និង​ស្ថិរភាព​នៅក្នុង​តំបន់​នេះ​វិញ​។​រយៈពេល​មិន​ដល់​មួយ​ម៉ោង​ផង បន្ទាប់ពី​សភា​ក្នុង​តំបន់​កាតា​ឡាន​ប្រកាស​ឯករាជ្យ ព្រឹទ្ធសភា​អេ​ស្ប៉ា​ញក៏​អនុម័ត​លើ​ផែនការ​គ្រប់គ្រង​តំបន់​កាតា​ឡាន​វិញ​ភ្លាមៗ​ដែរ​។​

​បន្ដ​មកទៀត​នៅ​ថ្ងៃទី​២៨​ខែតុលា សភាជាតិ​អេ​ស្ប៉ាញ​បានបោះឆ្នោត​រំលាយសភា​ក្នុង​តំបន់​កាតាឡាន និង​បាន​ទម្លាក់​មេដឹកនាំ​ក្រុម​កាតា​ឡាន​លោក​Carles Puigdemont​ចេញពី​តំណែង​ទៀត​។​ទាំង​សភា​ក្នុង​តំបន់​ក៏ត្រូវ​រលាយ មេដឹកនាំ​ក៏​ធ្លាក់​ចេញពី​តំណែង ពិតជា​ធ្វើឲ្យ​ប្រជាជន​កាតា​ឡាន​ពិបាក​សម្រេច​គោលដៅ​បំផុត​។​ទោះ​លោក​Puigdemont​អំពាវនាវ​ឲ្យ​បន្ដ​រើ​បម្រាស់ ប៉ុន្ដែ​រហូតមកទល់​ពេល​នៅ​មិនទាន់មាន​ច្រកចេញ ឬ​លេចចេញ​វិធីសាស្ដ្រ​ណា​អាចឲ្យ​កាតាឡាន​ផ្ដាច់ខ្លួន​បានឡើយ​។​

​បើ​ពិនិត្យមើល​ជារួម តំបន់​កាតា​ឡាន​កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង​។​ទី​មួយអេ​ស្ប៉ាញ​ចាត់ទុក​ការប្រកាសឯ​ករា​ជ្យ​របស់​គេជា​ទង្វើ​ខុសច្បាប់ ខុស​រដ្ឋធម្មនុញ្ញ​។​ទី​ពីរ​ប្រជាជន​អេ​ស្ប៉ា​ញក៏នាំ​គ្នា​ប្រមូលផ្ដុំ​តវ៉ា​ប្រឆាំងនឹង​ការ​ផ្ដាច់ខ្លួន ហើយ​ទាមទារ​ឲ្យ​រួបរួម​បន្ដរស់នៅ​ជា​មួយអេ​ស្ប៉ាញ​។​ហេតុនេះ​បើសិន​តំបន់​កាតា​ឡាន​អាច​ទទួលបាន​ឯករាជ្យ​ក៏ដោយចុះ ប្រជាជន​អេ​ស្ប៉ាញ​ច្បាស់​ជានាំគ្នា​តវ៉ា​ប្រឆាំង អាច​បង្ក​ជា​បញ្ហា​អសន្ដិសុខ​សង្គម និង​បង្ក​ជា​វិបត្ដិនយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​ក៏​ថា​បាន​។​ចង់​ឬ​មិន​ចង់​រដ្ឋាភិបា​លអេ​ស្ប៉ាញ​នឹងមិន​ភ្លេច​ចំណុច​នេះឡើយ ហើយនឹង​បន្ដ​រារាំង​ក្រុម​កាតា​ឡាន​។​

​ទី​បី​សហគមន៍​អន្ដរជាតិ​នៅ​មិនទាន់មាន​ប្រទេស​ណាមួយ​ចេញមុខ​គាំទ្រ​ការផ្ដាច់​ខ្លួន​របស់​ក្រុម​កាតា​ឡាន​ទេ មានតែ​ប្រទេស​ប្រឆាំង ជាក់ស្ដែង​ដូច​អាល្លឺម៉ង់​ជាដើម​។​លទ្ធភាព​ដែល​តំបន់​កាតា​ឡាន​ចង់​ស្វែងរក​ជំនួយ​ពី​អន្ដរជាតិ​ក៏​គ្មាន​សង្ឃឹមថា​អាចទៅរួច សបញ្ជាក់​កាន់តែច្បាស់​ថា ការចង់បាន​ឯករាជ្យ​នៅ​តំបន់​កាតា​ឡាន ពិតជា​មិន​ងាយស្រួល​ដូច​និយាយ​ទេ​៕

ព័ត៌មានផ្សេងទៀត