ប្រវត្តិ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក បណ្តែត​ប្រទីប អកអំបុក ​និង​សំពះ​ព្រះ​ខែ​

ដោយ៖ ទ្រី សីហៈ 29-10-2017 5:15 pm 642
Photo National AIDS Athorothy

​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ គឺជា​ពិធី​បុណ្យ​ជាតិ​ដ៏​ធំ​មួយ នៃ​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ នៅក្នុង​រដូវ​ទឹកសម្រក​។ នៅក្នុង​ឆ្នាំ​២០១៧​នេះ ពិធីបុណ្យ​អ៊ុំ​ទូក នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​រយៈពេល​០៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។  ចង់ដឹងថា តើ​ព្រះរាជ​ពិធី​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ មាន​ប្រវត្តិ​យ៉ាងណា​នោះ សូម​ស្តាប់​នាទី​បទ​យកការណ៍ ដែល​រៀបចំ​ជូន​ដោយ ទ្រី សី​ហៈ ដូចតទៅ​៖

ស្ដាប់បទយកការណ៍ជាសំឡេង៖

​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ជា​មរតក​វប្បធម៌​របស់​ដូនតា​ខ្មែរ មាន​ប្រវត្តិ​ជា​យូ​លង់​ណាស់​មកហើយ​។ ពិធីបុណ្យ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ ប្រារព្ធ​ធ្វើឡើង នៅ​ថ្ងៃ​១៤​កើត ដល់​ថ្ងៃ​១ រោច ខែ​កត្តិក ជា​រៀងរាល់ឆ្នាំ​។​

​យ៉ាងណាមិញ ប្រវត្តិ​នៃ​ពិធីបុណ្យ​នេះ ត្រូវបាន​គេ​បកស្រាយ​មាន​លក្ខណៈ​ខុសគ្នា​ខ្លះ ដោយ​ផ្អែក​តាម​ឯកសារ​ប្រវត្តិសាស្ត្រ និង​ឯកសារ​បែប​ព្រះពុទ្ធសាសនា​។​

​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ត្រូវបាន​អ្នកប្រវត្តិសាស្ត្រ អះអាងថា ធ្វើឡើង​ដើម្បី​បង្ហាញ​ការដឹងគុណ របស់​ប្រជាជន​កម្ពុជា ចំពោះ​បុព្វបុរស​ខ្មែរ ក៏ដូចជា​កងទ័ពជើងទឹក ដែល​បាន​កម្ចាត់​សត្រូវ​ឈ្លានពាន ព្រមទាំង​ដើម្បី​បង្ហាញ​ពី​ការដឹងគុណ ចំពោះ​ទឹក និង​ធម្មជាតិ​ផងដែរ​។​

​លោក សំបូរ ម៉ា​ណ្ណា​រ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​ជា​សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ឲ្យដឹងថា ប្រវត្តិ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក គឺ​មាន​ជាប់ទាក់ទង​នឹង​សម័យមុន​អង្គរ និង​សម័យ​អង្គរ ដែល​កាលនោះ ប្រទេស​កម្ពុជា ស្ថិតក្រោម​ការដឹកនាំ ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ លោក​ដំណាល​ថា ដើមឡើយ​ពិធីបុណ្យ​អ៊ុំ​ទូក និង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ គឺ​ត្រូវបាន​រៀបចំឡើង ក្នុងពេល​ដំណាលគ្នា ពោល​គឺ​នៅក្នុង ខែ​កត្តិក​នេះ​តែម្ដង​។ ចំណេរ​ក្រោយមក ព្រះរាជា​ខ្មែរ បាន​បំបែក​ធ្វើ​ពី​ធី​បុណ្យ​ទាំងពីរ​នេះ​ផ្សេង​ពី​គ្នា ពោល​គឹ​ពី​ធី​បុណ្យចូលឆ្នាំ ត្រូវ​ប្ដូរ​ទៅ​ធ្វើ​នៅក្នុង​ខែ​ចែ​ត្រ រីឯ​ពី​ធី​បុណ្យ​អ៊ុំ​ទូក​ត្រូវធ្វើឡើង នៅក្នុង​ខែ​កក្ដិក​ដដែល​។

​ចំពោះ​ដំណើរ​ដើមទង នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​អ៊ុំ​ទូក លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណ្ណា​រ៉ា អះអាងថា គឹ​ផ្តើមចេញពី​ការ ប្រឡង​ប្រណាំងទូក ដើម្បី​ជ្រើសរើស​កងទ័ពជើងទឹក និង​ការហ្វឹកហ្វឺន​កងទ័ពជើងទឹក​ដ៏​ខ្លាំងពូកែ របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ លុះ​ក្រោយមក ការប្រឡងប្រណាំង​ទូក​នេះ បាន​ក្លាយជា​ពិធីបុណ្យ​ដ៏​សំខាន់​មួយ គឺ ពិធីបុណ្យ​អ៊ុំ​ទូក​នេះ​តែម្ដង​.......

​សំឡេង​លោក សំបូរ ម៉ា​ណ្ណា​រ៉ា​៖

​ស្រដៀង​គ្នា​នេះដែរ «​សៀវភៅ​ជ័យវរ្ម័ន​ទី​៧» បានសរសេរថា​៖ «​នៅ​សម័យ​អង្គរ នា​គ្រឹស្តសករាជ​សតវ​ត្ស​ទី​១២ កម្ពុជា​មាន​សេចក្តីសុខក្សេមក្សាន្ត រុងរឿង​ណាស់ ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ស្តេច​ចេញ​ធ្វើសង្គ្រាម​ជើង​ទឹក បង្ក្រាប​ពួក​ចាម ដោយ​កងទ័ព​ទូក ជា​ចំបាំង​រំដោះ​ក្រុង​កម្ពុជា ឲ្យ​រួច​ស្រឡះ​ចេញពី​ខ្មាំង​សត្រូវ​។ រឿង​ចំបាំង​គ្រា​នេះ មាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​បាយ័ន និង​បន្ទាយឆ្មារ​។ ក្នុង​ចម្លាក់​ទាំងនោះ គេ​ឃើញ​មាន​កងទ័ព​ទូក​យ៉ាងច្រើន​មហិមា ដែល​មាន​ព្រះ​ឆាយា​លក្ខណ៍ នៃ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ប្រថាប់​ឈរលើ​ទីតាំង​នាវាចំបាំង ដោយ​ទ្រង់​ធ្នូ និង​ដំបង​យ៉ាង​ស្វាហាប់ ក្នុងចំណោម កងទ័ព​ទូក​ទាំងឡាយ​»​។​

​រយៈពេល​បី​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក តែង​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​កុះករ​ចូលរួម​ទស្សនាការ ប្រណាំង​ទូកង ដែល​ជា​ធម្មតា​តែង​ធ្វើឡើង​នៅ​តាម​ដង​ទន្លេ​ចតុមុខ នា​មុខ​ព្រះបរមរាជវាំង។​

ក្រៅតែពី​ការប្រណាំង​ទូកង នៅ​ពេល​ថ្ងៃ​ហើយ​នោះ ក៏​មាន​ពិធី​មួយចំនួន​ទៀត​នៅពេល​រាត្រី​ដូចជា ការ​បណ្តែតប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ជាដើម​។

​ចំពោះ​ពិធី​បណ្តែតប្រទីប លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណ្ណា​រ៉ា បាន​អះអាង​ថា​គឺធ្វើឡើង ដើម្បី​ជា​ការ​រម្លឹក​គុណ​ដល់ ព្រះ​គង្គារ ដែល​បាន​ស្រោចស្រព​ផល​កសិកម្ម នៅ​ទូទាំង​ប្រទេស​។ ជាមួយគ្នានេះ លោក​សាស្ត្រាចារ្យ ក៏​បន្ថែម​ដែរ​ថា គឺជា​ពិធី​មួយ​ដែល​ធ្វើឡើង​ដើម្បី ទទួល​ពរ​ជ័យ​ពី​ទឹក​អម្រិ​តដែល បាន​ហូរ​ចុះ​ពីលើ​ភ្នំ​គូលែន​មក​....

​សំឡេង​លោក សំបូរ ម៉ា​ណ្ណា​រ៉ា​៖

​ដោយឡែក​ពិធី​អក​អំបុក និង​សំពះ​ព្រះ​ខែ តែង​ធ្វើ​ឡើង​នៅ​រាត្រី​ពេញ​បូរ​មី​ថ្ងៃ​១៥​កើត ខែ​កក្តិក​រៀងរាល់ឆ្នាំ​។ នៅក្នុង​ពិធី​នេះ ពលរដ្ឋ​ខ្មែរ តែង​យក អំ​បុក ចេក និង​ដូង​ជាដើម  ទៅ​បូជា​ចំពោះ​ព្រះ​ច័ន្ទ ព្រមទាំង​មាន​ពិធី​សម្រក់​ទៀន ដើម្បី​ទស្ស​ទាយ​ទឹកភ្លៀង​នៅ​ក្នុង​ឆ្នាំ​បន្ទាប់​ផងដែរ​។

​លោក សំបូរ ម៉ា​ណ្ណា​រ៉ា បញ្ជាក់ថា ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជាការ ដឹង​គុណ​ដល់​ព្រះ​ច័ន្ទ ដែល​ព្រះ​ច័ន្ទ នៅក្នុង​សម័យ​បុរាណ​គឺ​តំណាង​ឲ្យ​ស្ត្រី​...

​សំឡេង​លោក សំបូរ ម៉ា​ណ្ណា​រ៉ា​៖

​ទាក់ទង​នឹង​ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​នេះដែរ បើ​តាម​ឯកសារ​ព្រះពុទ្ធសាសនា​វិញ បាន​អះអាង​ថា ធ្វើឡើង​ដើម្បី​បូជា​ចំពោះ​ទន្សាយ​ព្រះ​ពោធិ​សត្វ ឈ្មោះ សស​បណ្ឌិត ដែល​ហ៊ាន​លះបង់​ជីវិត​របស់​ខ្លួន ដោយ​ការ​លោត​ចូល​ភ្លើង​ដើម្បី​ធ្វើ​ជា​អាហារ​ដល់​ព្រា​ហ្ម​ចាស់​ម្នាក់​។ បើ​តាម​ព្រះពុទ្ធសាសនា គេ​ជឿ​ថា​ស្រមោល​នៅលើ​ព្រះ​ច័ន្ទ គឺជា​ព្រះ​ឆាយា​លក្ខណ៍ របស់​ទន្សាយ​ព្រះ​ពោធិ​សត្វ​។ ហេតុ​នេះ​នៅ​ថ្ងៃ​ពេញ​បូរ​មី ខែ​ក​ក្ដិក ដែល​ខ្មែរ​តែង​ប្រារព្ធ ពិធី​អកអំបុក សំពះ​ព្រះ​ខែ​នោះ គឺ​ដើម្បី​បូជា​ចំពោះ ព្រះ​ពោធិសត្វ ក្នុង​កំណើត​ជា សត្វ​ទន្សាយ​នោះឯង​។​

យ៉ាងណាក៏ដោយ ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ត្រូវបាន​អ្នកប្រវត្តិសាស្ត្រ អះអាងថា ជា​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ផូផង់ ដែល​បាន​បង្ហាញ​ពី​តម្លៃ នៃ​កត្តា​ញ្ញូ​តាធម៌​របស់​ប្រជាជន​ខ្មែរ​....

​សំឡេង​លោក សំបូរ ម៉ា​ណ្ណា​រ៉ា​៖

ព័ត៌មានផ្សេងទៀត