របរ​ឡើង​ត្នោត​បាន​ចំណូល​តិច​និង​ប្រឈម​ហានិភ័យ​គ្រោះថ្នាក់​ខ្ពស់ តែ​នៅ​តែ​មាន​អ្នក​រក​

ដោយ៖ គង់ ឧត្តម 28-10-2017 5:29 pm 1322
អ្នកស្រីសូវ សារឿន និងលោក ម៉ៅ មី អ្នកប្រកបរបរឡើងត្នោត និងលក់ទឹកត្នោត ក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រូបថត គង់ ឧត្តម ។

ស្តាប់បទយកការណ៍ជាសំឡេង៖

​ថ្ងៃនេះ​ខ្ញុំ​សូម​បង្វែរ​អារម្មណ៍​លោកអ្នក​ស្តាប់ទៅ​ជួប​ជាមួយ​អ្នក​ប្រកប​របរ​ឡើងត្នោត និង​លក់​ទឹកត្នោត​ធម្មជាតិ​មួយកន្លែង ដែល​មាន​ទីតាំង​នៅក្នុង​ភូមិរ​ទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ទាំង​ល្បី​ថា​មាន​រសជាតិ​ឆ្ងាញ់ មិន​មាន​លាយ​មេ ឬ​ទឹក​អង្ករ​ធ្វើជា​ទឹកត្នោត ដូច​អ្វី​ដែល​យើង​ធ្លាប់​ឮ​ពាក្យ​ច​ចាម​អារាម​នៅ​ភ្នំពេញ​ឡើយ ។​

​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​មួយ រហូត​ដល់​រមណីយដ្ឋាន​កៀនស្វាយ​ក្រៅ នៅ​ខាងស្តាំ​ដៃ​របស់​លោក​អ្នក លោកអ្នក​នឹង​បាន​ឃើញ​នូវ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយកន្លែង រួច​សូម​បត់​ទៅ​តាម​ផ្លូវលំ​នៅ​ខាងស្តាំ​ដៃ​នោះ​ទៅ​ត្រង់​រហូត​ដល់​ផ្លូវ​ទា​ល់ ប្រមាណ​ជិត​៣​ទៅ​៤​រយ​ម៉ែត្រ​ប៉ុណ្ណោះ ។ នៅពេល​ទៅដល់​ផ្លូវ​ទាល់​នោះ លោកអ្នក​ប្រាកដជា​បានឃើញ​សាលាបឋមសិក្សារ​ទាំង​នៅ​ចំ​ពីមុខ​តែម្តង រួច​សូម​បត់​ឆ្វេង​បន្តដំណើរ​ទៅមុខ​ទៀត​ប្រមាណ​ជិត​៥០០​ម៉ែត្រ នៅ​ខាងស្តាំ​ដៃ លោកអ្នក​នឹង​បាន​ឃើញ​ផ្ទះ​ប្រក់​ស្លឹក​មួយកន្លែង និង​មាន​ព្យួរ​បំពង់​ទឹកត្នោត​ជ័រ ធុង​ទឹកកក និង​កញ្ចុះ​សម្រាប់​អង្គុយ​កម្សាន្ត​បី​កន្លែង​ផងដែរ ។​

​តាម​ការសាកសួរ​ពី​អ្នកលក់​ផ្ទាល់​និង​ពលរដ្ឋ​រស់នៅ​ទីនោះ ពួក​គេ​ប្រាប់​ខ្ញុំ​ថា នៅ​ទីតាំង​ក្នុងភូមិ​នេះ មានតែ​មួយ​កន្លែង​នេះ​ប៉ុណ្ណោះ​ដែល​ប្រកប​របរ​លក់​ទឹកត្នោត ។​ក្នុង​សំលៀក​បំពាក់​អាវយឺត​ក្រឡា​ពណ៌​ក្រហម​លាយ​ខ្មៅ ខោ​វែង​ពណ៌​ក្រ​ម៉ៅ និង​មាន​ពាក់មួក​ពណ៌​បៃតង​ផង​នោះ អ្នកស្រី​សូវ សារឿ​ន បាន​ប្រាប់​ខ្ញុំ​ថា គាត់​លក់​ទាំង​ទឹកត្នោតផ្អែម និង​ទឹកត្នោតជូរ ។ បើ​និយាយ​ពី​រឿង​តម្លៃ​វិញ ស្ត្រី​រូបនោះ​បាន​ប្រាប់​ខ្ញុំ​បន្តថា ទឹកត្នោតផ្អែម​គាត់​លក់​១​លីត្រ​២០០០​រៀល ឯ​ទឹកត្នោតជូរ​វិញ មួយ​លីត្រ​១៥០០​រៀល ។ ភាគច្រើន​ភ្ញៀវ​ច្រើន​តែ​និយម​ញុំា​ទឹកត្នោត​ក្នុង​រដូវប្រាំង​ប៉ុណ្ណោះ បើ​នៅ​ក្នុង​រដូវវស្សា មាន​ភ្លៀង​ធ្លាក់ គេ​មិន​និយម​ញុំ​វា​ឡើយ​…
សំឡេង​អ្នកស្រី​សូវ សារឿ​ន ៖

​ដោយ​តម្រូវ​តាម​ទីផ្សារ ស្ត្រី​មាន​ដើមកំណើត​ពី​ខេត្ត​កំពង់ចាម​រូបនេះ​ប្រាប់​ខ្ញុំ​ថា​ប្តី​អ្នកស្រី​ធ្វើ​ទឹកត្នោតជូរ​ច្រើនជាង​ទឹកត្នោត​ផ្អែម ។ បើ​គាត់​ធ្វើ​ទឹកត្នោតជូរ​១០​ស្មាច់ (១​ស្មាច់​ស្មើ​៧​លីត្រ​) នោះ​ទឹកត្នោតផ្អែម​ធ្វើ​តែ​១​ស្មាច់​ទេ ។ ហើយ​ក្នុង​មួយថ្ងៃៗ​បើ​ថ្ងៃ​ណា​ទឹកត្នោត​លក់​មិន​ដាច់ នោះ​អ្នកស្រី​យក​ទៅ​ចាក់ចោល​តែម្តង មិន​ទុក​លក់​បន្ត​ទេ ព្រោះ​អ្នកស្រី​ធ្វើ និង​លក់​តែ​ទឹកត្នោត​ដែល​ធ្វើ​ថ្មីៗ​ប៉ុណ្ណោះ ។​

​ក្នុង​ទឹកមុខរ​សរាយ​រាក់ទាក់ អ្នក​សារឿន​និយាយ​ប្រាប់​ខ្ញុំ​ទាំង​សើច​កក្អឹក​ថា របរ​ទឹកត្នោត​ដែល​អ្នកស្រី​កំពុង​រក​សព្វថ្ងៃនេះ​លក់​មិន​សូវ​ដាច់​និង​មិន​បាន​តម្លៃ​ថ្លៃ​ទេ តែ​បើ​អ្នក​លក់​នៅ​ច្បារអំពៅ ភ្នំពេញ​អី គឺ​លក់ដាច់​ជាង​និង​បាន​តម្លៃ​ថ្លៃ​ជាង ។ ស្ត្រី​វ័យ​៣០​ឆ្នាំ​ក្រាស់​រូបនេះ​អះអាងថា របរ​លក់​ទឹកត្នោត​ដែល​អ្នកស្រី​កំពុង​រក​នៅ​តាម​ជនបទ​សព្វថ្ងៃ ច្រើន​តែ​គេ​ជឿ ជំពាក់ ជួន​ក៏​មិន​ឱ្យ​លុយ​ទៅទៀត​…
​សំឡេង​អ្នកស្រី​សូវ សារឿ​ន ៖

​អ្នកស្រី​សារឿន​ប្រាប់​ខ្ញុំ​បន្តថា ក្នុង​រដូវ​ធ្លាក់ភ្លៀង​ដូច​សព្វថ្ងៃនេះ ថ្ងៃ​ខ្លះ​គាត់​លក់​អត់​ដាច់​សូម្បី​មួយ​កែវ ព្រោះ​ដោយសារ​ភ្ញៀវ​មិន​ញុំ​ា ដោយ​គេ​គិត​ថា​ទឹកត្នោត​អាច​ចូល​ទឹកភ្លៀង​ដែល​អាច​ធ្វើឱ្យ​រាគ​បើសិនជា​ញុំ​ា ដូច្នេះ​គាត់​ត្រូវ​បង្ខំចិត្ត​ចាក់ចោល​ជា​រៀងរាល់ថ្ងៃ ។​ដោយឡែក​បើ​និយាយ​អំពី​ចំណូល​ដែល​គាត់​អាច​រកបាន​ពី​របរ​នេះ​គាត់​ប្រាប់​ខ្ញុំ​ថា បើសិនជា​សល់ គឺ​អាច​សល់​១០០​ទៅ​២០០​ដុល្លារ​អីហ្នឹង​…
​សំឡេង​អ្នកស្រី​សូវ សារឿ​ន ៖

​សព្វថ្ងៃ គាត់​ជួល​ដី​គេ​សម្រាប់​រកស៊ី​របរ​លក់​ទឹកត្នោត ដែល​ក្នុង​មួយ​ឆ្នាំ​ម្ចាស់​ដី​យក​ពី​គាត់​ចំនួន​២០​ម៉ឺន​រៀល ។ ជួនកាល​ឆ្នាំ​ខ្លះ ម្ចាស់​ដី​ក៏​ពុំ​យក​ថ្លៃ​ដី​ពី​គាត់​ក៏មាន ។​ក៏​ព្រោះ​ម្ចាស់​ដី​និង​គាត់​រស់​នៅ​ដូច​ជា​បងប្អូន អ្នកភូមិផង​របង​ជាមួយ​គ្នា​ដូច្នោះ​ដែរ ។ រីឯ​ដើមត្នោត​ទាំង​ជិត​៥០​ដើម​ដែល​ប្តី​អ្នកស្រី​តែង​ឡើង​ទៅ​រក​ទឹក​ត្នោត​នោះ ក៏​ជួល​គេ​ដែរ ក្នុង​មួយ​ឆ្នាំ​ត្រូវ​បង់លុយ​ឱ្យ​គេ​ចំនួន​១​ម៉ឺន​៥​ពាន់​រៀល​ក្នុង​មួយ​ដើម ។​ទោះ​យ៉ាងណា​ក៏​ដោយ​ស្ត្រី​ដែល​មាន​កូនប្រុស​ភ្លោះ​២​នាក់​អាយុ​៩​ឆ្នាំ​ក្នុង​បន្ទុក និង​កូនប្រុស​ម្នាក់​ទៀត​អាយុ​១៤​ឆ្នាំ​បួស​នៅ​វត្ត​ក្បែរ​ផ្ទះ​រូប​នេះ​ប្រាប់​ខ្ញុំ​ថា ឆាប់ៗ​នេះ អ្នកស្រី​និង​ប្តី​អ្នកស្រី​អាច​នឹង​រើ​ទៅ​ជួល​ដី​នៅ​ខាងក្រោយ​ភូមិ​ដើម្បី​ប្រកប​របរ​ទឹកត្នោត​វិញ ព្រោះ​ដី​ខាងក្រោយ​មាន​អាកាសធាតុ​ត្រជាក់ មិន​លិច​ទឹក និង​អាច​ធ្វើ​កញ្ចុះ​អង្គុយលេង​បាន​ស្រួល​ជាង ណា​មួយ​វា​មាន​ទីតាំង​នៅ​ជិត​ដើមត្នោត​ដែល​គាត់​ឡើង​យក​ទឹក​មក​ផង ។​

​យ៉ាងណាម៉ិញ ប្តី​អ្នកស្រី​សារឿ​ន ដែល​មាន​ដើមកំណើត​ពី​ខេត្ត​កំពង់ចាម​ដូចគ្នា លោក​ម៉ៅ មី បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា របរ​ឡើងត្នោត​មិនសូវ​មាន​អ្នក​រក​ទេ​សព្វថ្ងៃ ក៏​ព្រោះ​វា​រកបាន​ចំណូល​តិច ពិសេស​នោះ​គឺ​របរ​នេះ​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៅទៀត ។ និយាយ​បណ្តើរ​ដៃ​ចាប់​កាន់​ច្រក​មីសួរ​ចូល​ក្នុង​ថង់​បណ្តើរ បុរស​វ័យ​ជាង​៣០​ឆ្នាំ រូប​នេះ​ប្រាប់​ខ្ញុំ​បន្តថា គាត់​ប្រកប​របរ​ឡើងត្នោត​នេះ​ចូល​ជាង​២០​ឆ្នាំ​មកហើយ និយាយ​រួម គឺ​តាំងពី​គាត់​រស់នៅ​ខេត្ត​កំពង់ចាម​មក​ម្ល៉េះ​។ 

​សម្បុរ​ស្រអែម​ក្នុង​សំលៀក​បំពាក់​អាវយឺត​ស​ខោ​ជើង​ខ្លី លោក​ម៉ៅ មី ប្រាប់​ខ្ញុំ​ថា សព្វ​ថ្ងៃ​គាត់​ធ្វើ​ត្នោត​វិលជុំ ។ គាត់​ឡើង​ពេល​ល្ងាច​ចិត​ផ្កា​ទុក​ពេល​ព្រឹក ហើយ​និង​ឡើង​ពេលព្រឹក​ចិត​ផ្កា​ទុក​ពេល​ល្ងាច​វិញ ។ តាម​កម្លាំង​គាត់​សព្វថ្ងៃ គាត់​ធ្វើ​តែ​ត្នោត​ចំនួន​ជិត​៥០​ដើម​ប៉ុណ្ណោះ …
​សំឡេង​លោក​ម៉ៅ មី ៖

​នៅពេល​សួរ​អំពី​គុណភាព​ទឹកត្នោត​របស់គាត់ បុរស​ប្រកបរ​បរជា​អ្នក​ឡើងត្នោត​រូបនេះ​បាន​អះអាង​ប្រាប់​ខ្ញុំ​ថា គាត់​ធ្លាប់​ឮ​ភ្ញៀវ​និយាយ​អំពី​ទឹកត្នោតជូរ​ដែល​គេ​លាយ​ចេញពី​ទឹក​អង្ករ​ដែរ ក៏​ប៉ុន្តែ​គាត់​ថា​មិន​ដឹង​ថា​គេ​ធ្វើ​ដូចម្តេច​ទេ តាំងពីដើម​រៀងមក គាត់​ធ្វើ​តែ​ទឹកត្នោត​ធម្មជាតិ​លក់​ប៉ុណ្ណោះ ។ ទោះ​យ៉ាងណា​ក៏​ដោយ​លោក​ម៉ៅ មី ប្រាប់ថា អនាគត​ទៅ​ដី​ដែល​គាត់​តែង​ទៅរក​ទឹក​ត្នោត​នោះ អាច​នឹង​ត្រូវបាន​គេ​ឈូសឆាយ ដូច្នេះ​គាត់​ក៏​អាច​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ប្រកបមុខរបរ​ទៅ​រក​កន្លែង​ផ្សេង​ទៀត​ដូចគ្នា ។ គាត់​ប្រាប់​ខ្ញុំ​ថា នៅក្នុង​ស្រុក​ភូមិ​ដែល​គាត់​ប្រកប​របរ​ត្នោត​នេះ គេ​មិនសូវ​ស្គាល់​ឈ្មោះ​គាត់​ទេ ភាគច្រើន​គេ​ហៅ​គាត់​តែ តា​ទឹកត្នោតៗ​ប៉ុណ្ណោះ ដូច្នេះ​បើសិនជា​បងប្អូន​ណា​មាន​បំណង​ចង់​ទៅ​សាក​ទឹកត្នោត​ធម្មជាតិ​របស់​គាត់ អាច​ទៅ​តំបន់​រមណីយដ្ឋាន​កៀនស្វាយ​ក្រៅ និង​សាកសួរ​រក​ឈ្មោះ​គាត់​ថា តា​ទឹកត្នោត​ម៉ែ​អា​ភ្លោះ​ភូមិរ​ទាំង នោះ​គេ​នឹង​ប្រាប់​ហើយ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត