រដ្ឋាភិបាល​បង្កើន​ទំហំ​ចំណាយ​ថវិការដ្ឋ​ទ្វេ​ដង​នៅ​ឆ្នាំ​២០១៨​ដើម្បី​ប្រលោម​ចិត្ត​ម្ចាស់ឆ្នោត

ដោយ៖ គង់ ឧត្តម 28-10-2017 1:48 pm 5995
លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ក្នុងយុទ្ធនាការជួបសំណេះសំណាលជាមួយកម្មករកម្មាការិនីរោងចក្រនាពេលកន្លងមក ។ រូបថតពី fb លោកហ៊ុនសែន ។

​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន សព្វថ្ងៃ បាន​បង្កើន​ទំហំ​ចំណាយ​ថវិការដ្ឋ ពី ៣,៣៤៨ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៣ ឡើងដល់ ៥,២៤០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០១៧ ហើយ​នឹង​បន្ត​បង្កើន​ដល់ ៦,០៣៨​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨ ពោល​គឺ​គម្រោង​ចំណាយ​ថវិការដ្ឋ​នេះ ត្រូវបាន​បង្កើន​ជិត​ពីរដង​នៃ​គម្រោង​ចំណាយ​នៅក្នុង​ឆ្នាំ​២០១៣ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីអំពី លទ្ធផល​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ម្សិលម៉ិញ ។​

​សេចក្តីប្រកាស​ព័ត៌មានដដែល​នេះ​បាន​អះអាង សេដ្ឋកិច្ច​កម្ពុជា​បាន​រក្សា​កំណើន​ក្នុង​អត្រា​មួយ​យ៉ាង​ល្អប្រសើរ  រហូត​ទទួលបាន​ការលើកសរសើ​រ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ ដោយ​បាន​ចាត់ទុក​កម្ពុ​ជា​ថា​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​និង​រឹងមាំ ចំណាត់ថ្នាក់​ទី​៦​នៅក្នុង​ពិភពលោក ។ ជាងនេះទៅទៀត ធនាគារ​អភិវឌ្ឍន៍អាស៊ី​ក៏​ធ្លាប់​ចាត់ទុ​កកម្ពុជា​ថា​ជា​ខ្លាសេដ្ឋកិច្ច​ថ្មី​មួយ​នៅ​អាស៊ី ។ ដោយហេតុ​មើលឃើញ​ពី​កំណើន​សេដ្ឋកិច្ច​បែប​វិជ្ជមាន​នេះ រដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្ត​គោលនយោបាយ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ កង​កម្លាំងប្រដាប់អាវុធ និង​អ្នកមាន​ប្រាក់​ចំណូល​ទាប​មួយចំនួនទៀត ។ ក្នុង​ការគ្រោងទុក រដ្ឋាភិបាល​នឹង​រៀបចំ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ជាង​១​លាន​រៀល​នៅ​ឆ្នាំ​២០១៨ ។ ដូចគ្នានេះ កម្មករនិយោជិត​រាប់​សែន​នាក់​ទៀត ដែល​កំពុងតែ​បម្រើ​ការងារ​ក្នុង​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង ក៏​នឹង​ត្រូវ​រៀបចំ​ឱ្យមាន​ការដំឡើង​ប្រាក់​ឈ្នួល​អ​ប្បរមា​ចំនួន​១៧០​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០១៨ ។ 

​ជាងនេះទៅទៀត ក្នុង​ឆ្នាំ​បោះឆ្នោត​ថ្នាក់​ជាតិ​នីតិកាល​ទី​៦​នេះ​ដដែល ក្រៅ​ពី​គម្រោង​បង្កើន​ប្រាក់ខែ​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ រដ្ឋាភិបាល​ក៏​បាន​គ្រោង​ថវិកា​ចំនួន ៣​ម៉ឺន​លាន​រៀល​បន្ថែមទៀត ដើម្បី​រៀបចំ​ជា​មូលនិធិ​ថែទាំ​សុខភាព​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អ្នក​ចូល​និវត្ត ។​

​ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​និង​ដំឡើង​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ​គាំពារ​សង្គម​ចំនួន​២​ទៀត ដោយ​អនុវត្ត​ចាប់ពី​ដើម​ឆ្នាំ​២០១៨​ខាងមុខនេះ ។ គោលនយោបាយ​ទីមួយ​ផ្តោត​លើ​គម្រោង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​មាតុភាព​ដល់​មន្ត្រីរាជកា​រ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ជា​ស្ត្រី ។ ក្នុង​នោះ​រដ្ឋាភិបាល​បាន​បង្កើន​ទឹកប្រាក់​ពី ៦​សែន​រៀល ទៅ​៨​សែន​រៀល សម្រាប់​ការ​សម្រាល​បាន​កូន​មួយ និង​ចំនួន ១​លាន​៦​សែន​រៀល សម្រាប់​ការ​សម្រាល​បាន​កូនភ្លោះ​ពីរ និង​ចំនួន ២​លាន​៤​សែន​រៀល សម្រាប់​ការ​សម្រាល​បាន​កូនភ្លោះ​បី ។ ឯ​សម្រាប់​គោលនយោបាយ​ទី​ពីរ គឺ​ផ្តោត​លើ​គម្រោង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បុណ្យសព​មន្ត្រីរាជការ​ស៊ីវិល ដែល​ទទួលមរណភាព ដោយ​ក្នុង​ម្នាក់ៗ​ត្រូវបាន​ដំឡើង​ពី​ចំនួន ១​លាន​២​សែន​រៀល ទៅ ២​លាន​រៀល ចំពោះ​មរណភាព​ដោយ​ជំងឺ​ធម្មតា និង​ដំឡើង​ពី​ចំនួន ១​លាន​៥​សែន​រៀល ទៅ ៤​លាន​រៀល ចំពោះ​មរណភាព​ក្នុងពេល​បំពេញ​បេសកកម្ម ឬ​គ្រោះថ្នាក់​ការងារ ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាល​ក៏​បាន​កែសម្រួល​នូវ​កម្រិត​អប្បរ​មា​នៃ​ប្រាក់បៀវត្ស​ជាប់​ពន្ធលើប្រាក់បៀវត្ស ដើម្បី​អនុគ្រោះ​ដល់​មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និង​កម្មករ​និយោជិត​ដែល​ទទួល​ប្រាក់បៀវត្ស​ចាប់ពី ១​លាន​២​សែន​រៀល ឬ​តិច​ជាង​នេះ​ឱ្យ​រួចផុត​ពី​ការបង់​ពន្ធលើប្រាក់បៀវត្ស ។​

​ក្រៅ​ពី​គម្រោង​ចំណាយ​ថវិការដ្ឋ​ទ្វេ​ដង​នៅ​ក្នុង​ឆ្នាំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​បុរេ​ស​កម្មចាំបាច់​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ការ​បញ្ចុះតម្លៃ​ថាមពល​អគ្គិសនី បញ្ចុះតម្លៃ​ទឹក​ស្អាត ការបន្ធូរបន្ថយ​ពន្ធ ការ​អនុគ្រោះ​ពន្ធ​លើ​ប្រភេទ​ពន្ធ​មួយ​ចំនួន​ដូចជា ការលុបចោល​របប​ពន្ធ​ម៉ៅការ ការដំឡើង​កម្រិត​អ​ប្បរមា​នៃ​ប្រាប់​បៀវត្ស​ត្រូវ​ជាប់ពន្ធ ការលើកលែង​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​ទោចក្រយាន​យន្ត​និង​ត្រីចក្រយានយន្ត​កម្លាំង​ក្រោម​១៥០​សេះ និង​ការលើកលែង​ពន្ធ​ប្រថាប់ត្រា​ក្នុង​រង្វង់​សាច់ញាតិ​ជាដើម ។ ម្យ៉ាងទៀត នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ រដ្ឋាភិបាល​ក៏​បាន​រៀបចំ​មិនឱ្យ​មាន​ការបង់ថ្លៃ​ភាស៊ី និង​តម្លៃ​ផ្សេងៗ​ទៀត ពី​សំណាក់​ពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើរ ល្អី នៅតាម​ទីផ្សារ​ទូទាំង​ប្រទេស​កម្ពុ​ជា ។ រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឱ្យ​អាជីវករ ដែល​មាន​តូប រាន ស្តង់ ឬ​កន្លែង​លក់ដូរ​ដទៃទៀត ទទួលបាន​សិទ្ធិ​កាន់កាប់ ប្រើប្រាស់​និង​អាស្រ័យ​ផល​និង​អាច​ផ្ទេរសិទ្ធិ​បាន ព្រមទាំង​លុប​ចោល​ពន្ធ​សត្តឃាត និង​ការគ្រប់គ្រង​ផ្តាច់មុខ​នៅក្នុង​អាជីវកម្ម​សត្តឃាតដ្ឋាន​ផងដែរ ។ ទាក់ទង​នឹង​គម្រោង​គិតគូរ​ដល់​ជីវភាព​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាងថា គឺ​ធ្វើឡើង​ដើម្បី​ចូល​រួមចំណែក​លើកកម្ពស់​ជីវភាព និង​កាត់បន្ថយ​បន្ទុក​ចំណាយ​ពលរដ្ឋ​លើ​ម្ហូបអាហារ​ប្រចាំថ្ងៃ ។ ជាងនេះទៅទៀត គម្រោង​នេះ​នឹង​ផ្តល់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ទូទៅ ពិសេស​គឺ​អ្នក​មាន​ចំណូល​ទាប​តែម្តង​។ 

​សូម​រំឭក​ជូន​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត និង​និយោជក ដែល​បម្រើការ​នៅក្នុង​វិស័យ​កាត់ដេរ​ប៉ុន្មាន​ខែ​កន្លងទៅ​នេះ​ក្នុង​ឆ្នាំ​២០១៧ ។ សារ​នយោបាយ​លើកទឹកចិត្ត អម​ជាមួយ​នឹង​ពាក្យ​ផ្អែមល្ហែម​ជាច្រើន​ត្រូវ​បាន​បញ្ចេញ​ក្នុង​យុទ្ធនាការ​ចុះ​ជួប​ម្ចាស់ឆ្នោត​ដោយផ្ទាល់​នៅនឹងកន្លែង ជាមួយនឹង​ការប្រកាស​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ក្នុង​ការងារ ។ ជាងនេះទៅទៀត លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចែក​ជូន​ថវិកា​ដល់​អ្នកចូលរួម​ដោយ​ផ្ទាល់​ដៃ ។ 

​យ៉ាងណាម៉ិញ បើ​យើង​និយាយ​អំពី​ការចំណាយ​ថវិកា​រដ្ឋ​ក្នុង​ឆ្នាំ​២០១៧ និង​គម្រោង​ចំណាយ​ថវិការដ្ឋ​ទ្វេដង​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ធ្លាប់បាន​ព្រមាន​កម្ពុជា​នា​ថ្មីៗ​នេះ​ថា កម្ពុជា​គួរ​ត្រៀម​ខ្លួន​ប្រឈមមុខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​ចំណាយ​លើស​ចំណូល ទៅលើ​ការដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ និង​ការចំណាយ​សម្រាប់​ការរៀបចំ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ក្នុង​ឆ្នាំ​២០១៧ ។ យ៉ាងណាក៏ដោយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ផៃ ស៊ីផា​ន បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​បំពេញ​នូវ​អ្វី​ដែល​ខ្វះខាត​លើ​បញ្ហា​សេដ្ឋកិច្ច តាមរយៈ​ការរៀបចំ​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ ដូច្នេះ​កម្ពុជា​នឹង​មិន​ឱ្យ​កើតមាន​វិបត្តិ​សេដ្ឋកិច្ច​ឡើយ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត