រឿង​លុបចោល​ការរំលាយ​គណបក្ស​ប្រឆាំង គ្រាន់​ជា​ល្បិច​លួង​ចិត្តរបស់​លោក​សម រង្ស៊ី​

ដោយ៖ សៅ វិសាល 27-10-2017 5:09 pm 9207

ក្រោយ​ពី​សង្កេតឃើញថា តំណាងរាស្ត្រ មេឃុំ ចៅសង្កាត់ គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន បាន​រត់​ទៅ​ចុះចូល និង​រួមរស់​ក្រោម​ដំបូល ជាមួយ​គណបក្ស​កាន់អំណាច ជា​បន្តបន្ទាប់​រួច​មក លោក​សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង នៅ​ថ្ងៃ​ទី​២៧ តុលា បាន​អំពាវនាវ ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ មិន​ត្រូវ​ចាញ់​ល្បិចកល់ គំរាម សំឡុត បំបែក បំបាក់ របស់​គណបក្ស​កាន់​​​​​​អំណាច ហើយ​ថា រដ្ឋាភិបាល​លោក​ហ៊ុន សែន បាន​លុបចោល គម្រោង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ ព្រោះ​ដោយសារ​រង​សម្ពាធ​ខ្លាំង ពី​សហគមន៍​អន្តរជាតិ​។ លោក​សម រង្ស៊ី បន្តថា ការអូសទាញ​បាន​មនុស្ស​ម្នាក់ ពីរ​នាក់ មិនមែន​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។​
​ការអះអាង​នេះ ធ្វើឡើង​តាមរយៈ​វីដេអូ ជិត​៧​នាទី ដែល​ត្រូវបាន​លោក​សម រង្ស៊ី ថត​ចេញពី​ប្រទេស​អ៊ីតាលី ជាមួយ​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​រូប​ផ្សេងទៀត​។​

សំឡេង​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​រំលាយ​ចោល នៅពេល​ខាងមុខ ប៉ុន្តែ​ចំពោះ​មេឃុំ​-​ចៅសង្កាត់ ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ឆ្នោត​ទាំងអស់ អាច​នៅ​រក្សា​តំណែង​ដដែល ប្រសិនបើ​ចុះចូល​ជាមួយ គណបក្ស​ប្រជាជន​។​

​លោក​ឯម វណ្ណា​រ៉ា អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ ធ្លាប់​បាន​បញ្ជាក់ថា តាម​អ្វី​ដែល​លោក​គិត គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​អាច​ត្រូវ​រំលាយ​នោះទេ​។ គណបក្ស​ប្រឆាំង​មួយ​នេះ អាច​មាន​ជម្រើស​ផ្សេង​ណាមួយ ក្នុង​ការរក្សា​គណបក្ស​ឲ្យនៅ​ដដែល​។ ប៉ុន្តែ​ផ្ទុយ​ពីនេះ ប្រសិនបើ​ស្ថានការណ៍​នយោបាយ ត្រូវ​បាន​វិវត្តន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​មែន​នោះ រដ្ឋាភិបាល​ដឹកនាំ ដោយ​គណបក្សកាន់អំណាច ប្រឈម​នឹង​ការដាក់​សម្ពាធ​នានា ពី​សហគមន៍​អន្តរជាតិ​។ ម្យ៉ាងវិញទៀត នឹង​ធ្វើឲ្យ​កម្ពុជា ទៅ​ថ្ងៃ​អនាគត មាន​ភាពផុយស្រួយ ទៅលើ​ស្ថេរភាព​នយោបាយ និង​ការបែកបាក់​សាមគ្គី​ជាតិ​។​

សំឡេង

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ថា ការលើកឡើង​របស់​លោក​សម រង្ស៊ី គ្រាន់តែ​ជា​ល្បិច ដើម្បី​កុំ​ឲ្យ​សមាជិក​របស់​ខ្លួន បាក់​ទឹកចិត្ត​តែប៉ុណ្ណោះ​។ លោក​ថា មកដល់ពេលនេះ មាន​តែ​ដំណើរការ​ទៅមុន គ្មាន​ថ្ងៃ​បក​ក្រោយ​នោះទេ​។ ម្យ៉ាងវិញទៀត ប្រមុខ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​ប្តេជ្ញា​ហើយ​ថា កម្ពុជា​នឹង​បន្ត​អនុវត្ត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដោយ​មិន​រាថយ ឬ​ឈឺ​ក្បាល ចំពោះ​ការដាក់​សម្ពាធ ពី​ខាង​ណា​នោះ​ទេ​។​

សំឡេង

សូមបញ្ជាក់​ថា ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​០៦ ខែតុលា បាន​សម្រេច​ដាក់​ពាក្យបណ្តឹង ទៅ​តុលាការ​កំពូល ដើម្បី​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង របស់​គណបក្ស​ពីរ គឺ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច របស់​សម្តេច​ក្រុមព្រះ និង​គណបក្ស​យុវជន​កម្ពុជា  របស់​លោក​ពេជ្រ ស្រស់​។

​ដោយឡែក ថ្មីៗ​នេះ ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ទ្រង់​បាន​ឡាយ​ព្រហស្ថ​លេខា លើ​សេចក្តីស្នើ​វិសោធនកម្ម ច្បាប់​ចំនួន​៤ ដែល​ជា​ច្បាប់​សម្រាប់ បើកផ្លូវ​ឲ្យមាន​ការ​បែងចែក​អាសនៈ របស់​គណបក្សប្រឆាំង ទៅ​ឲ្យ​គណបក្ស​ដទៃ​ផ្សេង​ទៀត ក្រោយពេល​ដែល​ត្រូវបាន​រំលាយ ដោយ​តុលាការ​កំពូល​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត