ការឡាយព្រះហស្តលេខាទៅលើច្បាប់ទាំង៤ ដែលមិនមានការចូលរួមអនុម័តពីតំណាងរាស្ត្រគណបក្សប្រឆាំងនាពេលនេះ បានធ្វើឡើងបន្ទាប់ពីសេចក្តីស្នើវិសោធនកម្មច្បាប់ទាំងនេះ ទទួលបានការគាំទ្រជាបន្តបន្ទាប់ពីរដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ។ ស្ថាប័នកំពូលៗទាំងនេះ អះអាងថា សេចក្តីស្នើច្បាប់ទាំង៤ គឺត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ។
ក្រោយពេលច្បាប់នេះបានចូលជាធរមានរួចហើយនោះ ហាក់ផ្ទុយពីបំណងរបស់គណបក្សសង្គ្រោះជាតិ និងសហគមន៍អន្តរជាតិ រួមទាំងពលរដ្ឋមួយចំនួនជាអ្នកគាំទ្រ ព្រោះអ្នកទាំងនោះ មានការបារម្ភ និងមិនចង់ឲ្យយកច្បាប់ដែលកែប្រែនេះមកអនុវត្តឡើយ ដោយពួកគេយល់ថា ច្បាប់ទាំង៤ ដែលមានចេតនាយកអាសនៈសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់របស់បក្សប្រឆាំង ទៅច្រៀកចែកឲ្យគណបក្សនយោបាយផ្សេងទៀត ជាការផ្តួលគូរប្រកួតមុនការបោះឆ្នោត និងអយុត្តិធម៌ធ្ងន់ធ្ងរចំពោះសំឡេងម្ចាស់ឆ្នោត។
បែបនេះក្តី អ្នកនាំពាក្យរដ្ឋាភិបាល លោកផៃ ស៊ីផាន លើកឡើងថា ការបារម្ភរបស់មជ្ឈដ្ឋាននានាជុំវិញច្បាប់នេះ គឺជាសិទ្ធិដាច់ដោយឡែករបស់អ្នកទាំងនោះ។ លោកបញ្ជាក់ជាថ្មីថា ច្បាប់នេះត្រូវតែអនុវត្តឲ្យបានដិតដល់ និងមិនប្រឆាំងរដ្ឋធម្មនុញ្ញជាដាច់ខាត។ លោកផៃ ស៊ីផាន បន្ថែម...
សំឡេងលោកផៃ ស៊ីផាន៖
គួរបញ្ជាក់ថា ច្បាប់ទាំង៤ ដែលព្រះមហាក្សត្រឡាយព្រះហស្តលេខា និងត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការហើយ រួមមាន៖ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ។
មែនទែនទៅ ច្បាប់ដែលកើតចេញពីការផ្តួចផ្តើមរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ត្រូវបានគេដឹងថា នឹងត្រូវយកទៅអនុវត្តដំបូងទៅលើគណបក្សសង្គ្រោះជាតិនៅពេលគណបក្សនេះ ត្រូវរំលាយចោលមែននោះ ព្រោះថា គណបក្សប្រឆាំងដ៏ធំមួយនេះ កំពុងរងបណ្តឹងស្នើសុំរំលាយចោលនៅតុលាការកំពូល ដែលចៀសមិនផុតពីការរំលាយ។
បានជាគេនិយាយថា ច្បាប់នេះនឹងបើកផ្លូវឲ្យមានការបែងចែកអាសនៈគណបក្សដែលត្រូវរំលាយឲ្យទៅគណបក្សដទៃ ព្រោះនៅក្នុងមាត្រា១៣៨ស្ទួន នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានកំណត់ថា៖ «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយ ណាមួយប្រកាសបោះបង់ចោលអាសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្ត្រទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ»។
មាត្រាដដែលបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ ទៅឲ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្ត...។ ចំណែកខ្លឹមសារនៃច្បាប់ ៣ផ្សេងទៀត ក៏មានអត្ថន័យប្រហាក់ប្រហែលគ្នាដែរ គឺទាក់ទងទៅនឹងការអស់សុពលភាពបញ្ជីឈ្មោះគណបក្សដែលត្រូវរំលាយ និងការបែងចែកអាសនៈថ្នាក់មូលដ្ឋានទៅឲ្យគណបក្សដទៃ។ ពោលគឺគណបក្សសង្គ្រោះជាតិ នឹងត្រូវបាត់បង់តំណែងទាំងអស់ ប្រសិនបើគណបក្សនេះត្រូវគេរំលាយមែននោះ។
មកទល់ពេលនេះ មន្ត្រីមួយចំនួនរបស់គណបក្សសង្គ្រោះជាតិ នៅរក្សាជំហរស្ងប់ស្ងាត់នៅឡើយ ពោលគឺមិនទាន់មានការធ្វើអត្ថាធិប្បាយបន្ថែម ជុំវិញច្បាប់ដែលចូលជាធរមាននេះនោះទេ។ គណបក្សប្រឆាំងធ្លាប់បានហៅការសម្រេចលើច្បាប់នេះជាការ «ប្លន់ឆន្ទៈប្រជាពលរដ្ឋ» យ៉ាងកម្រោល ហើយថា អ្នកទទួលយកអាសនៈនេះជាអ្នក «ទទួលផលចោរកម្ម»។ ក៏ប៉ុន្តែ សមាជិកសភា និងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ គឺជាភាពចាំបាច់ ដើម្បីស្ថិរភាពនយោបាយ និងគ្មានបំណតបំផ្លាសគណបក្សណាមួយឡើយ។
រីឯ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញមុខការពារ ដោយលោកអះអាងថា ច្បាប់នេះគឺសម្រាប់អនុវត្តគ្រប់គណបក្សនយោបាយទាំងអស់។ បក្សនយោបាយណាខុស ត្រូវតែរំលាយ ទោះបីជាគណបក្សកាន់អំណាចខុស ក៏ត្រូវរំលាយដែរ។ សូមស្តាប់ប្រសាសន៍របស់លោកហ៊ុន សែន បន្ថែម...
សំឡេងលោកហ៊ុន សែន៖
ជាមួយគ្នានេះ លោកហ៊ុន សែន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានទាំងប្រកាសស្វាគមន៍មេឃុំ ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សា នៅពេលគណបក្សសង្គ្រោះជាតិ ត្រូវរំលាយនាពេលខាងមុខ ឲ្យមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយអាចរក្សាតួនាទីនៅដដែល។ ក៏មានអ្នកតំណាងរាស្ត្រ និងមន្ត្រីថ្នាក់មូលដ្ឋានរបស់គណបក្សប្រឆាំងមួយចំនួនហើយ បានសម្រេចចិត្តចុះចូលក្នុងដំបូងតែមួយ ជាមួយគណបក្សកាន់អំណាច។
យ៉ាងណាក៏ដោយចុះ សម្រាប់ជំហានបន្ទាប់ក្នុងគ្រាដែលច្បាប់នេះ បានចូលជាធរមានរួចហើយ គេកំពុងរងចាំងមើលថា តើអាសនៈតំណាងរាស្ត្រ៥៥ និងអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ជាង៥០០០ របស់គណបក្សសង្គ្រោះជាតិ ដែលអាសនៈទាំងនេះ បោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋ នឹងត្រូវយកទៅបែងចែកឲ្យគណបក្សនយោបាយផ្សេងទៀត ដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យ ឬក៏យ៉ាងណា?