ចិនអាចជា​ខ្នងបង្អែក​កម្ពុជា​ដើម្បីទប់ឥទ្ធិពល​ប្រទេសជិតខាង ​និងពង្រឹងអំណាច​ផ្ទៃក្នុង​

ដោយ៖ គួន សំបូរ 26-10-2017 2:43 pm 2045
(ខាងឆ្វេង)លោកនាយករដ្ឋមន្ត្រីហ៊ុន សែន (ខាងស្តាំ) ប្រធាធិបតីចិនលោកស៊ី ជិនពីង មកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង កាលពីចុងឆ្នាំ២០១៦។ រូបពីAP

នយោបាយការបរទេសរបស់ប្រទេសកម្ពុជា នាពេលចុងក្រោយនេះ ត្រូវបានគេមើលឃើញថា កម្ពុជាកំពុងតែងាកទៅរកមហាអំណាចចិន ខណៈដែលទំនាក់ទំនងជាមួយប្រទេសលោកសេរី ហាក់មានភាពល្អក់កក។ ជំហរងាករកចិននេះ ត្រូវបានមតិខ្លះរិះគន់កម្ពុជា។ ប៉ុន្តែសម្រាប់អ្នកជំនាញយល់ថា នយោបាយការទូតកម្ពុជា ដែលផ្អៀងទៅរកចិនពេលនេះ គឺដើម្បីទប់ឥទ្ធិពលប្រទេសជិតខាងដែលធ្លាប់ជាប់ដិតដានពីអតីតកាល ដើម្បីសេដ្ឋកិច្ច និងដើម្បីពង្រឹងអំណាចផ្ទៃក្នុង។

ស្តាប់សំឡេង៖

ចាប់ពីតាំងពីប្រធាធិបតីចិនលោកស៊ី ជិនពីង មកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងកាលពីចុងឆ្នាំ២០១៦មក គេសង្កេតឃើញថា ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលក្រុងភ្នំពេញ និងទីក្រុងប៉េកាំង កាន់តែមានភាពស្អិតរមួត។ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ មានការវិវត្តន៍យ៉ាងរហ័សក្រោមក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ចំណែកជំនួយ និងអ្នកវិនិយោគរបស់ចិនក៏ចេះតែកើនឡើងជាបន្តបន្ទាប់ផងដែរ។

កាលពីពាក់កណ្តាលឆ្នាំ២០១៧ កម្ពុជា និងចិនបានគូសបញ្ជាក់រួមគ្នាថា នឹងបង្កើនវិសាលភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដើម្បីឈានទៅសម្រេចបានទំហំពាណិជ្ជកម្មចំនួន ៦ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២០។ តាមរយៈនេះចិនថាបានត្រៀមរួចជាស្រេចក្នុងការបន្តផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួនដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងគាំទ្រដល់សហគ្រាសចិនដើម្បីជំរុញគម្រោងមួយចំនួនដូចជា៖គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប ព្រមទាំងសាងសង់តំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុរួមគ្នា។

បច្ចុប្បន្នចិន គឺជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជា ដែលគិតត្រឹមឆ្នាំ ២០១៦ វិនិយោគរបស់ចិនកើនដល់៥ពាន់១រយលានដុល្លារដែលផ្តោតលើវិស័យមួយចំនួនដូចជា សំណង់ វាយនភ័ណ និងអគ្គសនី។ ចំណែកភ្ញៀវទេសចរណ៍ចិនមកកម្ពុជាបានកើនដល់ ៨៣ម៉ឺននាក់នៅក្នុងឆ្នាំ ២០១៦ ហើយ ចិនក៏បានយល់ព្រមឲ្យកម្ពុជានាំចូលអង្ករ ៣០ម៉ឺនតោនផងដែរ។បើទោះជាកម្ពុជាទទួលបានកាដូរជាបន្តបន្ទាប់ ពីមហាអំណាចចិនក្តី ក៏កម្ពុជារងការរិះគន់ពីភាពលំអៀងទៅរកចិនដែរ។ និយាយមួយបែបទៅ គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិននៅកម្ពុជា គឺជាប្រភពនៃជម្លោះដីធ្លី និងទំនប់វារិអគ្គិសនី សុទ្ធសឹងជាគម្រោងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន និងដល់បរិស្ថាន ហើយរដ្ឋាភិបាលក៏ឈឺក្បាលមិនតិចដែរចំពោះបញ្ហានេះ។ ដូច្នេះហើយបានជា កេរ្តិ៍ឈ្មោះរបស់ចិនមិនសូវល្អសម្រាប់ពលរដ្ឋកម្ពុជា។

តែចង់មិនចង់ កម្ពុជាគឺត្រូវការចិន ព្រោះថាជំនួយរបស់ចិនជាជំនួយគ្មានលក្ខខ័ណ្ឌនយោបាយ ហើយចិនក៏អាចជួយពង្រឹងអំណាចរបស់គណបក្សកាន់អំណាច ដើម្បីគ្រប់គ្រងប្រទេស។ ម្យ៉ាងទៀតកម្ពុជាធ្លាប់ឋិតនៅក្រោមឥទ្ធិពលពីប្រទេសជិតខាងមានដូចជា ថៃ និងវៀតណាម ដែលកើតមានតាំងពីប្រវត្តិសាស្ត្រ។ ដូច្នេះប្រទេសទាំងពីរនេះ តែងតែគំរាមគំហែងកម្ពុជា ជាក់ស្តែងដូចជា៖ការកើនឡើងនៃជនអន្តោប្រវេសន៍របស់វៀតណាមចូលមកទឹកដីកម្ពុជា និងការប៉ះទង្គិចគ្នានៅតាមព្រំដែនខ្មែរថៃកាលពីឆ្នាំ២០០៨។

ការកើនឡើងនៃជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាម ជាចំណុចសំខាន់ធ្វើគណបក្សសង្គ្រោះជាតិ បានទទួលជោគជ័យច្រើនក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣។ ព្រោះគណបក្សប្រឆាំង បានដាក់ចេញនូវគោលនយោបាយ ប្រឆាំងជនអន្តោប្រវេសន៍របស់វៀតណាមដើម្បីទាក់ចិត្តម្ចាស់ឆ្នោត ដែលកំពុងមានគំនិតស្អប់វៀតណាមស្រាប់។ ដូច្នេះគណបក្សកាន់អំណាចត្រូវតែដោះស្រាយកិច្ចទាំងនេះ។នេះបើតាមការមើលឃើញរបស់អ្នកជំនាញ។

តែយ៉ាងណាក្តីចិនក៏ត្រូវការកម្ពុជាដែរ ក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់អាស៊ាន។មួយវិញទៀត មហាយក្សចិន ត្រូវការរកសម្ព័ន្ធមិត្តបន្ថែមដើម្បីគាំទ្រសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ ព្រមទាំងគោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវសេដ្ឋកិច្ចសូត្រ និងការបង្កើតធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលជានយោបាយរបស់ចិនតភ្ជាប់បណ្តាប្រទេសក្នុងតំបន់អាស៊ានទំាងមូល។

ជារួមមកវិញ សម្រាប់កម្ពុជាគួរតែមានភាពប្រុងប្រយ័ត្នខ្ពស់ ចំពោះទំនាក់ទំនងជាមួយប្រទេសមហាអំណាចធំៗ។ បើតាមអ្នកជំនាញ បើទោះបីកម្ពុជាមានចិនជាខ្នងបង្អែកក្តី ក៏កម្ពុជាមិនអាចចោលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយលោកសេរីដែរ។ ពីព្រោះលោកសេរី អាចជួយឲ្យវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់កម្ពុជា រឹងមាំនាពេលអនាគត៕ 

ដោយ គួន សំបូរ

ព័ត៌មានផ្សេងទៀត