ការបើក​ទ្វារស្វាគមន៍​មន្ត្រីគណបក្សសង្រ្គោះជាតិ​ពីលោកហ៊ុន សែន ​ជាយុទ្ធសាស្ត្រល្អឬ?​

ដោយ៖ គួន សំបូរ 25-10-2017 2:55 pm 1371
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលជួបជាមួយកម្មករកន្លងទៅ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បានប្រកាសថា នៅពេលគណបក្សសង្គ្រោះជាតិ ត្រូវរំលាយ មេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ ដែលជាប់ឆ្នោតទាំងអស់ នឹងត្រូវរក្សាតំណែងដដែល ប្រសិនបើស្ម័គ្រចិត្ត មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ការប្រកាសបើកផ្លូវនេះ ត្រូវបានអ្នកវិភាគខ្លះថា ជាយុទ្ធសាស្រ្តបំបែកបំបាក់ផ្ទៃក្នុងដៃគូរ។ប៉ុន្តែអ្នកជំនាញខ្លះទៀតថា ជាយុទ្ធសាស្ត្រនយោបាយល្អរបស់លោកនាយករដ្ឋមន្ត្រី។ 

សំឡេងលោកមាស នី៖

នេះជាការមើលឃើញរបស់លោកបណ្ឌិតមាស នី អ្នកតាមដានស្ថានការណ៍នយោបាយ។ចំណែកហេតុផលទី២ លោកយល់ថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងអាចធ្វើឲ្យសមាជិករបស់គណបក្សសង្រ្គោះជាតិ មានការបែកបាក់ផ្ទៃក្នុង តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើ ហើយគណបក្សសង្រ្គោះជាតិ អាចនឹងបន្តចុះខ្សោយ…

សំឡេងលោកមាស នី៖

ផ្ទុយពីមតិយល់ឃើញរបស់លោកបណ្ឌិតមាស នី សម្រាប់លោកបណ្ឌិតយង់ ពៅ អនុប្រធាន រាជបណ្ឌិត្យសភាកម្ពុជា បានយល់ថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺជានយោបាយមិនរើសអើងបក្សពួក និងជានយោបាយល្អ ដើម្បីជួយបម្រើប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន…

សំឡេងលោកយង់ ពៅ៖

ទាក់ទងនឹងការបែកបាក់ផ្ទៃក្នុងវិញ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានកត់សម្គាល់ថា សមាជិកគណបក្សសង្រ្គោះជាតិ មានខ្សោយរួចទៅហើយ។ខ្សោយដោយលោកពន្យល់ថា កន្លងទៅ ការតតាំង ឬការប្រតិកម្មលើបញ្ហាអ្វីមួយ គឺសមាជិកគណបក្សសង្រ្គោះជាតិ មិនបានមើលច្បាប់ទម្លាប់ របស់ប្រទេសកម្ពុជាទេ ...

សំឡេងលោកយង់ ពៅ៖

ដោយឡែកលោកគង់ គាំ ជាទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ថ្លែងការពារមន្ត្រីរបស់ខ្លួន ដោយលោក អះអាងថា សមាជិករបស់គណបក្សសង្រ្គោះជាតិ គ្រប់ជាន់ថ្នាក់ច្រើនលើសលុប គឺមានភាពរឹងមាំ។លោកបន្ថែមទៀតថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រហែលជាគណបក្សប្រជាជនកម្ពុជា ពិបាកក្នុងការបែងចែកអាសនៈរបស់គណបក្សសង្រ្គោះជាតិ ព្រោះថាជាឆន្ទៈ របស់ប្រជាពលរដ្ឋ…

សំឡេងលោកគង់ គាំ៖

យ៉ាងណាក្តី សម្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា ការបើកទ្វារស្វាគមន៍ សមាជិករបស់គណបក្សសង្រ្គោះជាតិ គឺជាការអនុគ្រោះសម្រាប់សមាជិកដែលគ្នា មិនបានដឹងរឿង។លោកហ៊ុន សែន បានប្រៀបធៀបការអនុវត្តន៍គោលការណ៍ពេលនេះ ដូចគ្នានឹងការអនុវត្តន៍នយោបាយឈ្នះឈ្នះ របស់លោកជាមួយកងទ័ពខ្មែរក្រហមកាលពីសម័យសង្គ្រាម….

សំឡេងលោកហ៊ុន សែន៖

គួរកត់សម្គាល់ថា ក្រោយការប្រកាសបើកទ្វារ ពីប្រមុខគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អ្នកតំណាងរាស្ត្រ និងមន្ត្រីថ្នាក់មូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិមួយចំនួន បានប្រកាសសុំចុះចូល និងរួមរស់ក្នុងដំបូលតែមួយ ជាមួយគណបក្សកាន់អំណាចមួយនេះ ជាបន្តបន្ទាប់។ប៉ុន្តែក៏មានមេឃុំ ចៅសង្កាត់ គណបក្សសង្គ្រោះជាតិ មួយចំនួន ប្រកាសជំហរមិនចូលចុះជាមួយគណបក្សកាន់អំណាចជាដាច់ខាត ដោយគេអះអាងថា ដើម្បីការពារឆន្ទៈរបស់ប្រជាពលរដ្ឋដែលបាន បោះឆ្នោតឲ្យខ្លួន៕ 

ព័ត៌មានផ្សេងទៀត