ហេតុអ្វី​​នៅ​ប្រទេស​ចិន​​មាន​មេដឹកនាំ​​ជា​ស្ដ្រី​​តិចតួច​?

ដោយ៖ ពេញ ផេង 24-10-2017 6:00 pm 603
លោកស៊ី ជីនពីង(ស្ដាំ)​និងមន្ដ្រីជាន់ខ្ពស់ជាស្ដ្រី

​ចិន​គឺជា​ប្រទេស​មហា​អំ​ណាមួយ​នៅក្នុង​ពិភពលោក​និង​នៅក្នុង​តំបន់​អាស៊ី​ផងដែរ​។​បើ​និយាយ​ពី​មេដឹកនាំ​ចិន​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ស្ទើរតែ​គ្មាន​ស្ដ្រី ហើយ​បើ​គិត​តាំងពី​គណ​បក្សកុម្មុយនិស្ដ​ចូលកាន់​អំណាច​ក្នុង​ឆ្នាំ​១៩៤៩ ចិន​គ្មាន​ប្រធានាធិបតី​ជា​ស្ដ្រី​ទេ​។​ចិន​បាន​ប្រារព្ធ​ធ្វើ​សមាជ​គណ​បក្សកុម្មុយនិស្ដ​លើក​ទី​១៩ ដែលជា​ព្រឹត្ដិការណ៍​នយោបាយដ៏​ធំ​បំផុត​ធ្វើឡើង​៥​ឆ្នាំ​ម្ដង ចាប់ផ្ដើម​នៅក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​១៨​តុលា​។​ប្រធានាធិបតី​ចិន​និង​ជា​មេដឹកនាំ​គណបក្ស​លោក​ស៊ី ជីន​ពីង បាន​ថ្លែង​សុន្ទរកថា​នៅមុខ​គណៈប្រតិភូ​ជាង​២​ពាន់​នាក់ ដែល​ជាង​២​ពាន់​នាក់​មាន​ស្ដ្រី​តិចតួច​ប៉ុណ្ណោះ​។​សមាជ​បក្ស​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២៤​តុលា​នេះ​។​

​បើ​ប្រៀបធៀប​ទៅ​លោកខាងលិច និង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី មាន​ថៃ មី​យ៉ាន់​ម៉ា កូរ៉េខាងត្បូង សិង្ហ​បុរី​ជាដើម សុទ្ធតែ​ធ្លាប់មាន​និង​កំពុងមាន​មេដឹកនាំ​ជា​ស្ដ្រី​។​សូម្បីតែ​តៃវ៉ាន់ និង​ហុងកុង​ដែល​ចិន​ចាត់ទុកជា​ផ្នែក​មួយ​របស់ខ្លួន ក៏មាន​មេដឹកនាំ​លេចធ្លោ​ជា​ស្ដ្រី​ដែរ​។​តាមពិតទៅ​ស្ថាបនិក​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លោក​ម៉ៅ សេទុង ធ្លាប់បាន​ប្រកាស​លើក​ទឹកចិត្ដ​ឲ្យមាន​មេដឹកនាំ​ជា​ស្ដ្រី​ដែរ​។​ប៉ុន្ដែ​ហេតុអ្វី​មកដល់ពេលនេះ អ្នកនយោបាយ​ថ្នាក់ខ្ពស់​ជា​ស្ដ្រី​នៅ​ចិន នៅតែមាន​ចំនួន​តិច​?

​យើង​សូម​បង្ហាញ​នូវ​ចំណុច​សំខាន់ៗ​ចំនួន​បី​៖

​សំឡេង​៖

១ គោលនយោបាយ​រើសអើង​

​ទោះបី​រដ្ឋធម្មនុញ្ញ​ចិន​បានកំណត់​សមភាព​យេ​ឌ័​រក៏​ដោយ ការរើសអើង​នៅតែ​រីក​រាលដាល​ដដែល​។​នេះ​បើតាម​ការអះអាង​ពី​អ្នកវិភាគ​។​គោលនយោបាយ​ចូលនិវត្ដន៍​នៅ​ចិនប​ច្ចុ​ប្បន្ន តម្រូវឲ្យម​ន្ដ្រីសាធារណៈ​ជា​ស្ដ្រី ចូលនិវត្ដន៍​មុន​បុរស​រហូតដល់​១០​ឆ្នាំ​។​សម្រាប់​បុគ្គលិក​របស់​រដ្ឋ រួមទាំង​អ្នកធ្វើការ​ក្នុង​សហគ្រាស​រដ្ឋ បុរស​ចូលនិវត្ដន៍​នៅ​អាយុ​៦០​ឆ្នាំ រីឯ​ស្ដ្រី​វិញ​ចូលនិវត្ដន៍​នៅ​អាយុ​៥០​ឆ្នាំ​ឬ​យ៉ាងយូរ​៥៥​ឆ្នាំ​ប៉ុណ្ណោះ​។​

​អ្នកជំនាញ​មួយចំនួន​លើកឡើងថា ភាព​ចន្លោះប្រហោង​ត្រង់ចំណុច​នេះ​បាន​ធ្វើឲ្យមាន​ការយល់​ឃើញថា ការកំណត់​ឲ្យ​ស្ដ្រី​ចូល​និ​វត្ដ​ន៍​នៅ​អាយុ​៥០​ឬ​៥៥​ឆ្នាំ ដោយ​សារស្ដ្រី​មិន​អាចធ្វើការ​បានយូរ​ដូច​មនុស្ស​ប្រុស និង​ថែមទាំង​មាន​ការជំរុញ​ដល់​និយោជក មិនឲ្យ​ជ្រើសរើស​បុគ្គលិក​ស្ដ្រីធ្វើការ​រយៈពេល​យូរ​ទៀត​។​វា​ក៏​ជា​កត្ដា​នាំឲ្យ​ស្ដ្រី​មានឱកាស​តិចតួច​បំផុត ក្នុង​ការស្វែងរក​ភាព​រីកចម្រើន ទាំង​នៅក្នុង​ឆាកនយោបាយ​ចិន ដែល​ទម្រាំ​ទទួលបាន​លទ្ធផល​ឬ​តួនាទី​ធំដុំ គេ​ដល់​អាយុ​ចូលនិវត្ដន៍​ទៅហើយ​។​អ្នកតាមដាន​ស្ថានការណ៍​មួយចំនួន​ទៀតថា រដ្ឋាភិបាល​ចិន​គ្មាន​ចេតនា​ធ្វើ​អ្វីដែល​សំខាន់ ដើម្បី​កែលម្អ​អ្នកនយោបាយ​ស្ដ្រី​ទេ​។​ចិន​គ្រាន់តែ​រៀបចំ​កិច្ចពិភាក្សា​ដើម្បី​ចង់ឲ្យ​អន្ដរជាតិ​ឃើញថា គេ​បាន​ព្យាយាម​ធ្វើការ​លើ​បញ្ហា​នេះ ប៉ុន្ដែ​ធាតុពិត​គ្មានអ្វី​ឡើយ​។​

​អ្នកស្រី​Fu Yingអនុរដ្ឋមន្ដ្រីការបរទេសចិន

​មាន​ស្ដ្រី​មួយចំនួន​សុទ្ធតែ​ទទួលជោគជ័យ​ក្នុង​អាជីវកម្ម​និង​ការសិក្សា​របស់គេ ប៉ុន្ដែ​សម្រាប់​អ្នកនយោបាយ​ជា​ស្ដ្រី​ក្នុងប្រទេ​សចិន​នៅតែ​កម្រ​នឹងមាន​ដដែល​។​ប្រទេស​ចិន​មាន​មន្ដ្រីជាន់ខ្ពស់​ជា​ស្ដ្រី​តែ​ពីររូប​ប៉ុណ្ណោះ​គឺ​អ្នកស្រី​Liu Yandong​ជា​ឧបនាយករដ្ឋមន្ដ្រី​មានត្រកូល​ជា​អ្នកនយោបាយ និង​អ្នកស្រី​Sun Chunlan​ជា​សមាជិក​ការិយាល័យ​នយោបាយ​ចិន​។​ប៉ុន្ដែ​អ្នក​ទាំងពីរ​ដល់​អាយុ​ចូលនិវត្ដន៍​ទៅហើយ​។​ស្ដ្រី​ម្នាក់ទៀត​គឺ​អ្នកស្រី​Fu Ying មិនមែនជា​សមាជិក​ការិយាល័យ​នយោបាយ​ចិន​ទេ ប៉ុន្ដែ​ត្រឹម​ជា​ស្ដ្រី​ដែលធ្លាប់​កាន់តំណែង​ជា​អនុ​រដ្ឋមន្ដ្រីការបរទេស​។​

២ វប្បធម៌​Baijiu

Baijiu​គឺជា​ប្រភេទ​ស្រាស​ម្យ៉ាង​របស់​ចិន​។​លើកឡើង​ពី​វប្បធម៌​នេះ​ព្រោះ​វា​ជា​ឧបសគ្គ​សម្រាប់​ស្ដ្រី ដែល​ត្រូវ​រួមផ្សំ​ជាមួយ​កត្ដា​ជាច្រើន​ទៀត​។​ការរស់រានមានជីវិត​នៃ​ប្រព័ន្ធ​នយោបាយ​ចិន​ដែល​គ្រប់គ្រង​ដោយ​បុរស មានន័យថា​ជា​ច្បាប់​មួយ​ត្រូវបាន​កំណត់ដោយ​ពួកគេ ដូចជា​ការ​ផឹកស្រា​ដែលមាន​ជាតិ​អាល់កុល​ខ្ពស់​គឺ​ប្រភេទ​ស្រា​Baijiu​នេះឯង​។​បុរសៗ​តែង​ទទួលទាន​ស្រា​នៅពេល​ពួកគេ​ទៅ​ចូលរួម​ពិធីជប់លៀង​ឬ​កិច្ចប្រជុំ​នានា​។​

ហាងលក់ស្រាBaijiu​

ចំពោះ​ស្ដ្រីមាន​បញ្ហា​អាក្រក់​ចំនួន​ពីរ​។​ទីមួយ​បើសិន​ពួកគេ​ចូលរួម​ពិសា​ស្រា គេ​អាច​នឹងត្រូវ​រង​ការរិះគន់​ថា​មិន​គោរព​វិន័យ​ក្នុង​ការរស់នៅ រស់នៅ​មិន​សមរម្យ​ជាដើម​។​ទី​ពីរ បើសិន​ពួកគេ​បដិសេធ​ពួកគេ​ត្រូវ​រង​ការ​រិះគន់ថា ធ្វើឲ្យ​ខកខាន​នូវឱ​កាសរួបរួម​រឹ​ត​ចំណងមិត្ដភាពឬ​បង្កើន​ចំណងមិត្ដភាព​។​ហេតុនេះ​បើសិន​មាន​មេដឹកនាំ​ជា​ស្ដ្រី ហើយ​ត្រូវ​ពិភាក្សា​លើ​ការងារ​ផ្សេងៗ ច្បាស់​ណាស់​នឹងមាន​ផលប៉ះពាល់ អ៊ីចឹង​ទេ​មានតែ​បុរស​ទើប​អាច​មានលទ្ធភាព​គ្រប់គ្រាន់​។​

វប្បធម៌​នៃ​ការរើសអើង​ស្ដ្រី​បែបនេះ​ជារឿយៗ​កើតមាន​នៅ​តំបន់​ភាគ​ខាងលិច​។​នេះ​បើតាម​ការបញ្ជាក់​ពី​លោក​Cheng Li អ្នកជំនាញ​ចិន​នៅ​វិទ្យាស្ថាន​Brookings​មាន​មូលដ្ឋាន​នៅ​វ៉ាស៊ីនតោន​។​ពិធីជប់លៀង​ដ៏​ខ្ជះខ្ជាយ​ដែល​វត្ដ​មាន​ស្រា​Baijiu​ត្រូវគេ​ប្រើប្រាស់​ច្រើន បាន​ក្លាយជា​គោលដៅ​ដ៏​សំខាន់​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​របស់លោក​ស៊ី ព្រោះ​ធ្វើឲ្យប៉ះពាល់​ដល់កា​រលក់ស្មារតី​និង​ឧត្ដមគតិ​។​តែ​កាលណា​បាត់បង់​ស្មារតី​ហើយ រឿង​អ្វី​ក៏​អាច​កើតឡើង​បានដែរ​។​

៣ ការប្រឆាំង​ស្ដ្រីនិយម​

​នៅក្នុង​ប្រទេស​លោកខាងលិច មាន​ការផ្លាស់ប្ដូរ​និង​បើកទូលាយ​ដល់​ស្ដ្រី​ប្រលូក​ក្នុង​វិស័យ​នានា ពិសេស​ក្នុង​វិស័យ​នយោបាយ​។​ប៉ុន្ដែ​នៅ​ក្នុងប្រទេស​ចិន​ការបង្ហាញ​ការគាំទ្រ​លើ​ស្ដ្រី​អាច​នឹង​បង្ក​ភាពចម្រូងចម្រាស​។​កាលពី​ឆ្នាំមុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ស៊ីន​ហ៊ួ​រ​បាន​បោះពុម្ព​អត្ថបទ​រិះគន់​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន ដោយសារតែ​លោកស្រី​មិនទាន់​រៀបការ​។​អត្ថបទ​រិះគន់​លើកឡើងថា ស្ដ្រីជា​អ្នកនយោបាយ​ដែល​នៅ​ម្នាក់ឯង មិនទាន់​ស្គាល់​នូវ​អ្វី​ជា​ក្ដី​ស្រឡាញ់ ក្ដី​ស្រឡាញ់​ចំពោះ​កូន​និង​ចំពោះ​គ្រួសារ​។​ដូច្នេះ​ចរិត​នយោបាយ​និង​យុទ្ធសាស្ដ្រ​របស់​លោកស្រី​អាត្មានិយម​ណាស់​។​ប៉ុន្ដែ​ការរិះគន់​នេះ​ក៏​ត្រូវបាន​លុបចោល​វិញ បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​តាម​អ៊ី​ន​ធឺ​ណេត​។​

នៅ​ឆ្នាំ​២០១៥ សកម្មជន​ស្ដ្រីនិយម​ចំនួន​៥​រូប​ត្រូវបាន​ចាប់ឃុំខ្លួន និង​ចោទប្រកាន់ថា​បង្កជម្លោះ​បង្កបញ្ហា បន្ទាប់ពី​ពួកគេ​រៀបចំ​យុទ្ធនាការ​ប្រឆាំង​ការ​បៀតបៀន​ផ្លូវភេទ​នៅតាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​។​ទោះបី​ពួកគេ​ទាំង​៥​នាក់​ត្រូវបាន​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ ពួកគេ​នៅតែ​មិន​អនុញ្ញាតឲ្យ​ចាកចេញ​ពីប្រ​ទេសចិន ពួកគេ​នៅតែ​ជា​ជនសង្ស័យ​ឧក្រិដ្ឋកម្ម​ដដែល​។​រហូត​មកដល់ពេលនេះ​រដ្ឋាភិបាល​កំពុង​បង្ក្រាប​មិន​ប្រណី​ដៃ​លើ​សកម្មភាព​ស្ដ្រីនិយម​ដែ​ល​ក្នុង​បំណង​ព្យាយាម​កម្ចាត់​ចោល​ចលនា​ស្ដ្រីនិយម​តែម្ដង​។​អ្នកជំនាញ​មើលឃើញ​ដែរថា ប្រហែល​គ្មាន​ការផ្លាស់ប្ដូរ​អ្វី​ឡើយ​ក្នុង​រយៈពេល​៥​ទៅ​១០​ឆ្នាំ​ខាងមុខ​។​

ការទាមទារឲ្យដោះលែងស្ដ្រីជនជាតិចិនទាំង៥រូបកន្លងមក

ជារួម ទោះបី​ចិន​ជា​ប្រទេស​មាន​គោលនយោបាយ​ការបរទេស​ខ្លាំង មាន​សេដ្ឋកិច្ច​ខ្លាំង និង​មាន​កម្លាំងយោធា​ខ្លាំង ប៉ុន្ដែ​ចិន​នៅ​ជា​ប្រទេស​ខ្សត់ខ្សោយ​មេដឹកនាំ​ស្ដ្រី​ដដែល​។​ចិន​ហាក់​នៅ​ស្ទាក់ស្ទើរ​មិន​ទុកចិត្ដ​ឲ្យ​ស្ដ្រីដឹ​កនាំប្រទេស រួមផ្សំ​នឹង​កត្ដា​មួយចំនួន​ដូច​បាន​ជម្រាបជូន​ខាងលើ គឺ​គោលនយោបាយ​រើសអើង កត្ដា​វប្បធម៌ និង​ចលនា​គាំទ្រ​លើ​ស្ដ្រី​៕

ព័ត៌មានផ្សេងទៀត