២៦​ឆ្នាំ ការបកស្រាយ​​កិច្ចព្រមព្រៀង​​ក្រុងប៉ារីស​​នៅតែ​ជា​​ចម្រូងចម្រាស​​លើ​សង្វៀន​​នយោបាយ​​

ដោយ៖ ខាត់ សុធី 23-10-2017 4:28 pm 627

​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ស្តីពី​កម្ពុជា ២៣ តុលា ឆ្នាំ ១៩៩១ ២៣ តុលា ឆ្នាំ​២០១៧ បាន​កន្លងផុត​២៦​ឆ្នាំ​ហើយ​។​កិច្ចព្រមព្រៀង​នេះ ជា​សមិទ្ធ​ផល​នៃ​ដំណោះស្រាយ​រួម ស្តីពី​ជម្លោះ​កម្ពុជា កាលពី​អតីតកាល​ដ៏​ឈឺចាប់​។ ក្រុម​ប្រដាប់អាវុធ ៤​ភាគី​របស់​ខ្មែរ បាន​អង្គុយ​ចុះហត្ថលេខា​បញ្ចប់សង្គ្រាម​ស៊ីវិល​ជាង​ពីរ​ទសវត្ស​រ៍នៅ​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត ពិសេស គឺ​ប្រទេស​បារាំង និង​ឥណ្ឌូនេស៊ី​។ ប៉ុន្តែ​ក្រោយ​កិច្ចព្រមព្រៀង​កាលណោះ កម្ពុជា​ក៏​នៅ​មិនទាន់​បញ្ចប់​សង្គ្រាមស៊ីវិល​បាន​ទាំងស្រុង​នោះទេ ពោលគឺ​រហូតដល់​ឆ្នាំ ១៩៩៨​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ស្តីពី​កម្ពុជា ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១​គឺជា​លទ្ធផល​នៃ​ការចរចា​ជាច្រើនលើក​រវាង​សម្តេចព្រះ​នរោត្តម សីហនុ ប្រធាន​រដ្ឋាភិបាលចម្រុះ​ត្រីភាគី និង លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជា​មានិតុ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៨៧ មក តាម​នយោបាយ​បង្រួបបង្រួម​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បញ្ចប់សង្គ្រាម​រាំ​រ៉ៃ​រវាង​ភាគី​ខ្មែរ​ក្នុង​ជម្លោះ​។​

​លោក​សុខ ឥសាន បន្តថា​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស មាន​សុពលភាព​អនុវត្ត ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​ថ្ងៃ ទី​២៣ ខែ តុលា ឆ្នាំ​១៩៩១ ហើយ​ត្រូវ​បញ្ចប់​នៅពេល​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី​១ នៃ​រដ្ឋសភា ឆ្នាំ ១៩៩៣ ដូច​មាន​បញ្ជាក់​ក្នុង​ភាគ​ទី​១ ផ្នែក​ទី​១ ស្តី​ដំណាក់កាល​អន្តរកាល ទំព័រ​ទី​៤ នៃ​កិច្ចព្រមព្រៀង​។ ប៉ុន្តែ បណ្តា​ប្រទេស​ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​នៅ​បន្ត​អនុវត្ត​ការសន្យា​របស់ខ្លួន​ក្នុង​ការជួយ​ស្តារ និង​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ ឲ្យមាន​ការរីកចម្រើន​ដូចប​ណ្តា​ប្រទេស​លើ​សកលលោក​។​

​តែ​ក្នុង​រយៈពេល ២៦​ឆ្នាំ​មកនេះ ភាគី​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នៅតែ​រិះគន់ថា រដ្ឋាភិបាល​កម្ពុជា​នៅតែ​មិនទាន់​អាច​អនុវត្តឲ្យ​បានពេ​ញ​លេញ​នូវ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​នៅឡើយ​ទេ​។​ក្នុង​សារលិខិត​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹម សុខា ដែល​ពេលនេះ កំពុងមាន​វត្តមាន​ក្នុង​ពន្ធនាគារ បាន​និយាយថា ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​ដើម្បី​បញ្ចប់ សង្គ្រាម​ឈ្លានពាន​ពី​បរទេស និង​សង្គ្រាមស៊ីវិល​រវាង​ខ្មែរ និង​ខ្មែរ បង្រូបបង្រួម និង​ផ្សះផ្សា​ភាគី​ខ្មែរ​តាមរយៈ​ការបោះឆ្នោត ដែល​ប្រព្រឹត្តទៅ​ស្រប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​។ ប៉ុន្តែ​ផ្ទុយទៅវិញ ការ​លាប​ពណ៌ ដែលជា​លេស មិនឲ្យ​ខ្មែរ​ដូចគ្នា​ចូលរួម​ការបោះ​ឆ្នោត​ដោយ​ពេញលក្ខណៈ​ដូចដែល​បានឃើញ​សព្វថ្ងៃនេះ គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ និង​ស្មារតី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លៀត​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់ ចូលរួម​ការពារ​ស្មារតី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស និង ពិសេស​ការពារ​រដ្ឋធម្មនុញ្ញ​។​ស្នើ​ភាគី​នយោបាយ​ទាំង​អស់ប​ឈ្ឈប់​ការ​លាបពណ៌​ដើម្បី​បំបាត់​សំឡេង​ជំទាស់ បំបែកបំបាក់​ខ្មែរ និង​ស្នើឲ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ ជួយ​កម្ពុជា​ដើម្បី​ស្រោចស្រង់​បញ្ហា​នេះ ឡើងវិញ​។​

​ស្រដៀង​នឹង​គណបក្សប្រឆាំង​ដែរ អង្គការ​គណៈកម្មាធិកា​រ​សហប្រតិបត្តិការ​ដើម្បីក​ម្ពុ​ជា ដែល​បណ្តុំ​ដោយ​អង្គការ​ជាច្រើន រហូតដល់​ជាង​១០០ បានចេញ​សេចក្តី​អំពាវ​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា គោរព​កាតព្វកិច្ច​របស់ខ្លួន​តា​ម​កិច្ចព្រមព្រៀង​នេះ និង​ស្នើ​ប្រទេស​ហត្ថលេខី កោះប្រជុំ​ជាបន្ទាន់​ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​ប៉ុន្តែ ពេល​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​មួយកន្លែង​នៅថ្ងៃនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ស្លាប់​ទៅហើយ បន្ទាប់ពី​កម្ពុជា​បង្កើត​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ដោយ​ថា បាន​ច្របាច់​ខ្លឹមសារ​នោះ​បញ្ចូល​គ្នា ទៅក្នុង​រដ្ឋធម្មនុញ្ញ ដែល​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ ពិបាក​ក្នុង​កោះប្រជុំ​សើរើ​រឿងនេះ​ឡើងវិញ​។​លោក​បាន​ហៅ​ការអំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ហត្ថលេខី នៃ​កិច្ច​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស បើក​កិច្ចប្រជុំ​ឡើងវិញ ថា​ជា​រឿង​ហួស​សម័យ​។ លោក​ចំអក​ថា បើ​ចង់ឲ្យ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​រស់ឡើង​វិញ ត្រូវឲ្យ​ហ្វ៊ុន ស៊ិន ប៉ិច បង្កើត​ទ័ព​ឡើងវិញ ឲ្យ​លោក​សឺន សាន បង្កើត​ទ័ព​ឡើងវិញ ឲ្យ​ខ្មែរក្រហម​បង្កើត​អង្គការ​ចាត់តាំង​នយោបាយ​ឡើងវិញ​ឬ​យ៉ាងណា​?........

សំឡេង​៖

​សេចក្តី​អំពាវ​របស់​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា បាន​លើក​យកសម្តី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​លោកធា្ល​ប់​អះអាងថា​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ក្លាយទៅជា​ខ្មោច​ទៅហើ​យក្តី ក៏​កិច្ចព្រមព្រៀង​នេះ ជាពិសេស​ស្តីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ​នៃ​នយោបាយ​កម្ពុជា និង​កិច្ចព្រមព្រៀង​ទាក់ទិន​នឹង​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន នៃ​ដែនដី​អព្យាក្រឹតភាព ឯកភាព​ជាតិ​កម្ពុជា បង្កើតបានជា​សន្ធិសញ្ញា​ពហុភាគី ដែល​ជាប់​កាតព្វកិច្ច​ផ្លូវច្បាប់​។ ​ម្យ៉ាងទៀត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស មានចែង​ក្នុង​មាត្រា​១ មាត្រា​៣១ មាត្រា​៣៤​ថ្មី និង​មាត្រា​៣៥​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បង្កើតជា​កាតព្វកិច្ច​បន្ថែមទៀត​សម្រាប់​អាជ្ញា​ធរ​កម្ពុជា ដែល​ពុំមែន​ត្រឹមតែ​គោរព​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ត្រូវ​លើកកម្ពស់​គោលការណ៍​សំខាន់​ទាំងនោះ​ផងដែរ​។​


​តែ​យ៉ាងណា លោក​ហ៊ុន សែន បាន​ថ្លែង​រំលឹក ពី​ដំណើរ​ដើមទង​ដ៏​វែង​អន្លាយ មុននឹង​ឈានដល់​ការសម្រេច​នៃ​កិច្ចព្រមព្រៀង​នេះ លោក​ហ៊ុន សែន បាន​ថ្លែង​នូវ​ការដឹងគុណ ចំពោះ​ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទ​សម្តេចព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​តស៊ូ​លះបង់ និង​បូជា​គ្រប់យ៉ាង ដើម្បី​ឯករាជ្យ​ជាតិ និង​សន្តិភាព​ជាតិខ្មែរ​។​ប៉ុន្តែ​លោក​ថា ទន្ទឹមនឹង​ដំណោះស្រាយ​សន្តិភាព​នេះ ក៏ត្រូវ​ផ្សារភ្ជាប់​ជាមួយ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់លោក​បន្ថែមទៀត​ទើប​អាច​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង ដែល​ធ្វើឲ្យ​ខ្មែរគ្រប់​និ​ន្នាការ​ឈ្នះ​ទាំងអស់គ្នា​។ 

បន្ថែម​ពីលើ​នេះ លោក​សុខ ឥសាន ថា ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​អស់​រយៈ​២៦​ឆ្នាំកន្លងមក បានធ្វើឲ្យ​កម្ពុជា បោះ​ជំ​ហ៊ាន​យ៉ាង​លឿន​ក្នុង​បរិបទ​ដែល​ប្រកាន់ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​និង​ពង្រឹង​នីតិរដ្ឋ​យ៉ាង​ខ្ជាប់ខ្ជួន ធ្វើឲ្យ​កម្ពុជា​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ក្រោយ​ដែល​កម្ពុជា​មាន​សន្តិភាព​ពេញលេញ តាម​នយោបាយ​ឈ្នះ - ឈ្នះ របស់លោក​ហ៊ុន សែន​៕ 

ព័ត៌មានផ្សេងទៀត