ស្ត្រី​វ័យ​៩៥​ឆ្នាំ​ប្រកប​របរ​រើស​អេតចាយ​ចិញ្ចឹមជីវិត​និង​ថា​ចង់​បាន​ប្រដាប់​ជំនួយ​ត្រចៀក​មួយ​

ដោយ៖ គង់ ឧត្តម 22-10-2017 5:22 pm 1037

ក្នុង​វ័យ​៩៥​ឆ្នាំ​ទៅហើយនោះ អ្នក​ស្រីស្រឺក លាភ បាន​ចាប់រ​បរជា​អ្នក​រើស​អេតចាយ​ចាប់តាំងពី​គាត់​មាន​ជំនឿ​លើ​ព្រះ​យេស៊ូគ្រិស្ត ក្នុង​អំឡុង​ឆ្នាំ​១៩៩០​មក ដើម្បី​ចិញ្ចឹម​ខ្លួន​តែ​ម្នាក់ឯង ដែល​ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​រកបាន​១០០០ ទៅ​២០០០​រៀល ។ កាល​ពី​មួយ​ឆ្នាំ​មុន អ្នក​ស្រីស្រឺក លាភ បាន​ទៅ​រស់នៅ​តាម​ចេតិយ ផ្នូរខ្មោច ឬ​ម៉ុង​ខ្មោច​ជាដើម តែ​ក្រោយ​មាន​ការអនុញ្ញាត​ពី​គ្រូ​គង្វាល បច្ចុប្បន្ន​អ្នកស្រី​បាន​មក​រស់នៅ​ក្នុង​ព្រះវិហារ​ព្រះ​យេស៊ូ​គ្រិស្ត ក្រុម​ជំនុំ​គ្រួសារ​ព្រះ ដែល​មាន​ទីតាំងនៅ​តាម​ផ្លូវ​ជា​សុផារ៉ា ។ អ្នកស្រី​ថា គាត់​ចង់បាន​ប្រដាប់​ជំនួយ​ត្រចៀក​មួយ ព្រោះ​រាល់​ពេល​គេ​និយាយ​ម្តងៗ គាត់​ស្តាប់​មិនសូវ​បាន​ទេ ។ រៀបរៀងដោយ៖ គង់ ឧត្តម ។​

ស្តាប់បទយកការណ៍ជាសំឡេង ៖

ក្នុងពេល​ចរាចរ​កំពុង​មមាញឹក​លើ​ផ្លូវ​ជា​សុផារ៉ា ស្ត្រី​វ័យ​៩៥​ឆ្នាំ​ម្នាក់ បាន​កំពុង​ជិះ​កង់​ក្លេត​សំណព្វចិត្ត​របស់ខ្លួន​ដែល​ទិញ​តាំងពី​ឆ្នាំ​១៩៧៩ ដើម្បី​ដើរ​រក​រើស​អេតចាយ​ចិញ្ចឹមជីវិត​ម្នាក់ឯង ។ វេលា​ម៉ោង​៤​ទៅ​៥​ល្ងាច គឺជា​ពេលវេលា​មួយ​ដែល​ចរាចរ​លើ​ផ្លូវ​នានា​ចាប់ផ្តើម​កកស្ទះ តែ​ខណៈ​ម៉ោង​នេះ គឺជា​ពេលវេលា​របស់​អ្នកស្រី ស្រឺ​ក លាភ ចាប់ផ្តើម​ត្រាច់ចរ​រក​សម្បក​កំប៉ុង ដប ឬ​សម្ភារៈ​ផ្សេងៗ​ដើម្បី​លក់ ។​
​ខ្ញុំ​បាន​ទៅដល់​កន្លែង​ស្នាក់នៅ​របស់​ស្ត្រី​ដែល​មាន​មាឌតូច​ល្អិត​ម្នាក់នេះ ។ ក្នុង​បន្ទប់​ល្ហល្ហេវ​មួយ ដែល​មាន​ប្រវែង​ទទឹង​ប្រមាណ​២​ម៉ែត្រ និង​មាន​បណ្តោយ​ប្រមាណ​ជិត​៣០​ម៉ែត្រ គឺ​ជា​ទីកន្លែង​ដែល​ស្ត្រី​ម្នាក់​នេះ​ស្នាក់នៅ ដោយ​អាស្រ័យ​លើ​ប៉ៅ​អ៊ី​តូច​មួយ​ធ្វើ​ជា​គ្រែ និង​មាន​ចង​មុង​ពណ៌​ផ្កាឈូក​ដោយមាន​ចង​តង់​គ្រប​ពីលើ​មួយ​ជាន់​ទៀត ដើម្បី​ស្នាក់នៅ​ដូចជា​ផ្ទះ​របស់​ខ្លួន ។​

​ស្ត្រី​ចំណាស់​រូបនេះ​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ប្រកប​របរ​រើស​អេតចាយ​ចាប់​តាំងពី​គាត់​ចាប់ផ្តើម​ជឿ​លើ​ព្រះ​យេស៊ូ​គ្រិស្ត ក្នុង​អំឡុង​ឆ្នាំ​១៩៩០​មកម្ល៉េះ ។ គាត់​ថា ដោយសារ​គ្មាន​ទីជម្រក គាត់​បាន​មក​ទាក់ទង​សុំ​គ្រូ​គង្វាល​នៅ​ព្រះវិហារ ស្នាក់នៅ ដែល​កាលពីមុន​គាត់​ដើរ​ស្នាក់នៅ​ចេតិយ ផ្នូរខ្មោច​វត្ត​ប្រយូ​វង្ស នៅតាម​សំ​យ៉ាប​ផ្ទះ​គេ ឬ​នៅ​ម៉ុង​ខ្មោច​ជាដើម​...
​សំឡេង​អ្នកស្រី ស្រឺ​ក លាភ ៖

​គាត់​ប្រាប់​ខ្ញុំ​ថា ដោយសារ​គាត់​ធ្លាប់​មក​ចូលរួម​សិក្ខាសាលា និង​ថ្វាយបង្គំ​ព្រះ​នៅ​ព្រះវិហារ​មួយ​នេះ ហើយ​ណាមួយ​ដោយសារ​គាត់​ឃើញ​គ្រូ​គង្វាល​មាន​ក្តីស្រឡាញ់​មេត្តាករុណា ដូច្នេះ​ហើយ​គាត់​ក៏​ដាច់ចិត្ត​សុំ​គ្រូ​គង្វាល​ដើម្បី​ស្នាក់នៅ​តែ​ម្តង​ទៅ ។​

​ក៏​ព្រោះ​ដោយសារ​គាត់​មាន​បញ្ហា​ត្រចៀក គាត់​មិនសូវ​ស្តាប់​ខ្ញុំ​ឮ​ទេ ដូច្នេះហើយ រាល់​ពេល​ខ្ញុំ​និយាយ​ឬ​សួរ​ទៅ​កាន់​គាត់​ម្តងៗ គឺ​ត្រូវ​និយាយ​ខ្លាំងៗ ឮៗ ហាក់បីដូច​ជា​ស្រែក​អ៊ីចឹង ដើម្បី​ឱ្យ​គាត់​បាន​ឮ​ពាក្យ​ខ្ញុំ​និយាយ ។ ស្ត្រី​ដែល​មាន​ដើមកំណើត​ពី​ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម​រូប​នេះ​ប្រាប់​ខ្ញុំ​បន្តថា គាត់​មានកូន​៥​នាក់ ។ ដែល​សព្វថ្ងៃ​ពួក​គាត់​រស់​នៅ​កម្ពុជា​ក្រោម​៤​នាក់ និង​ម្នាក់​រស់នៅ​ខេត្ត​ព្រះវិហារ ។​
​ស្ត្រី​វ័យ​៩៥​ឆ្នាំ​មាឌ​ល្អិត​រូបនេះ​ប្រាប់​ខ្ញុំ​ថា គាត់​តែង​ដើររក​រើស​អេតចាយ​ជាមួយ​កង់​ក្លេត​របស់​គាត់​អំឡុង​ម៉ោង​៣ ម៉ោង​៤​ល្ងាច ហើយ​ត្រឡប់​មក​វិញ​ប្រហែល​ម៉ោង​៥ ម៉ោង​៦​ល្ងាច​អីហ្នឹង ។ ជាទូទៅ គាត់​អាច​រកបាន​១០០០ ទៅ​២០០០ រៀល ក្នុង​មួយ​ថ្ងៃ ។ ជួនកាល​កំពុង​ដើរ​រើស​អេតចាយ​តាមផ្លូវ ក៏​មាន​អ្នកដំណើរ​គេ​ជូន​ជា​លុយ​បន្តិចបន្តួច ឬ​របស់​ញុំ​ា​តាម​ផ្លូវជាដើម​…
​សំឡេង​អ្នកស្រី ស្រឺ​ក លាភ ៖

​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ភាគច្រើន​ចេញ​រើស​អេតចាយ​ពី​ម្តុំ​ផ្លូវ​ជា​សុផារ៉ា​ទៅ​ដល់​ម្តុំ​វិមានឯករាជ្យ ។ បើ​និយាយ​អំពី​ការហូបចុក​វិញ គាត់​ប្រាប់​ខ្ញុំ​ថា នៅ​វិហារ​ព្រះ​យេស៊ូ​ក្រុម​ការងារ​ក៏​បាន​រៀបចំ​ម្ហូបអាហារ​ឱ្យ​គាត់​បរិភោគ​ដែរ ក៏ប៉ុន្តែ​ដោយសារ​គាត់​ហូប​មិនបាន ដូច្នេះ​ហើយ​គាត់​ក៏​សុំ​លោកគ្រូ​គង្វាល​នៅ​ទីនោះ ហូប​ផ្សេង​ពី​គេ តាមរយៈ​លុយ​ដែល​គាត់​រកបាន​ពី​របរ​រើស​អេតចាយ​…
​សំឡេង​អ្នកស្រី ស្រឺ​ក លាភ ៖

​គាត់​ប្រាប់​ខ្ញុំ​ថា កូនចៅ​របស់​គាត់​ទាំង​ប្រាំ​នាក់​មិនសូវ​ពេញចិត្ត​នឹង​ការ​ដែល​គាត់​ចូល​មក​ជឿ​លើ​ព្រះ​យេស៊ូគ្រិស្ត​ទេ ហេតុនេះហើយ ទើប​មិន​សូវ​បាន​ទាក់ទង​គ្នា​រហូត​មក ។ ស្ត្រី​ចំណាស់​រូបនេះ​ប្រាប់​មូលហេតុ​ដែល​គាត់​មក​មាន​ជំនឿ​លើ​ព្រះ​យេស៊ូគ្រិស្ត​ថា កាល​ដើមឡើយ​គាត់​ធ្លាក់ខ្លួន​ឈឺ ហើយ​ព្រះ​យេស៊ូគ្រិស្ត​បាន​ប្រាប់​គាត់​ឱ្យ​ទៅ​អធិដ្ឋាន រហូត​ជា​ដល់​សព្វថ្ងៃនេះ​តែម្តង​…
សំឡេង​អ្នកស្រី ស្រឺ​ក លាភ ៖

​គាត់​ប្រាប់​ខ្ញុំ​បន្តថា សព្វ​ថ្ងៃ​គាត់​មិន​មាន​បំណង​ចង់ឱ្យ​កូនចៅ​មកជួបជុំ​គាត់​វិញ​ទេ ព្រោះ​កូនចៅ​របស់​គាត់​តែង​រំខាន​គាត់​មិន​ឱ្យ​ជឿ​លើ​ព្រះ​…
​សំឡេង​អ្នកស្រី ស្រឺ​ក លាភ ៖

​ស្ត្រី​វ័យ​៩៥​ឆ្នាំ​រូប​នេះ អះអាងថា បើ​ប្រៀបធៀប​ពី​មុន​និង​សព្វថ្ងៃ គាត់​ថា​ឥឡូវ​គាត់​រស់នៅ​ស្រួល​ជាង​កាលពីមុន ។ អ្វី​ដែល​ពិបាក​នោះ គឺ​នៅ​ពេល​ធ្លាក់ខ្លួន​ឈឺ ដើរ​ទៅ​ណា​មិន​រួច គឺ​ប្រាកដជា​មិន​មាន​ថវិកា​សម្រាប់​ចាយវាយ​រាល់ថ្ងៃ​ទេ ។ ដោយសារ​វ័យ​កាន់តែ​ជរា ខ្នង​ចាប់ផ្តើម​កោង ភ្នែក​ចាប់ផ្តើម​ព្រិល​មើល​មិនសូវ​ច្បាស់ ហើយ​ត្រចៀក​ក៏​ចាប់ផ្តើម​ធ្ងន់​ស្តាប់​មិន​សូវ​ឮ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ចង់បាន​វ៉ែនតាម្ញ៉ូប​មួយ​សម្រាប់​ពាក់ ហើយ​អ្វី​ដែល​គាត់​ចង់បាន​សំខាន់​នោះ​គឺ ប្រដាប់​ជំនួយ​ត្រចៀក​របស់គាត់ ព្រោះ​រាល់​ពេល​គេ​និយាយ​ម្តងៗ គាត់​ស្តាប់​គេ​មិនសូវ​ឮ​ទេ​…
​សំឡេង​អ្នកស្រី ស្រឺ​ក លាភ ៖

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត