ស៊ីម៉ាក់​ស្នើ​អង្គការ​ហាមឃាត់​អាវុធ​គីមី​របស់​សហប្រជាជាតិ​មក​ពិនិត្យ​គ្រាប់បែក​គីមី​អាមេរិក​

ដោយ៖ គង់ ឧត្តម 22-10-2017 1:30 pm 1818

​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់ បាន​បង្ហាញ​នូវ​ក្តីព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ក៏​ដូចជា​ពលរដ្ឋ​ដទៃទៀត​ដែល​កំពុង​រស់នៅ​តំបន់​មាន​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ជា​អាវុធ​គីមី នៅ​យប់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧ លើ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ខ្លួន ។​

​លោក ហេង រតនា បញ្ជាក់​អះអាងថា ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​បំភ័ន្ត​ការពិត​ថា គ្រាប់បែក​ដែល​កម្ពុជា​រកឃើញ​នោះ គឺជា​ឧស្ម័ន​បង្ហៀរទឹក​ភ្នែក​សម្រាប់​បង្ក្រាប​បាតុករ​ធម្មតា​តែប៉ុណ្ណោះ និង​គ្មាន​គ្រោះថ្នាក់​អ្វី​នោះទេ ។ លោក​ចាត់​ទុក​សេចក្តីថ្លែងការណ៍​របស់​អាមេរិក​នេះ គឺជា​ការបន្ថែម​ការធ្វើ​បាប​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្វះ​ការប្រុងប្រយ័ត្ន ពិសេស​គឺ​បាន​បង្កឱ្យមាន​ហានិភ័យ​គ្រោះថ្នាក់​កាន់តែ​ខ្ពស់​ថែម​ទៀត ។ 

​ជាងនេះទៅទៀត អ្នកជំនាញ​ខាង​កម្ចាត់មីន​នៅ​កម្ពុជា​រូប​នេះ​សន្មត់​អះអាង​បន្ថែមថា សំណាក​នៃ​សំណល់​សារធាតុ​គីមី និង​ប្រភេទ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​អាមេរិក​នេះ អាចជា​ប្រភេទ​សារធាតុ​គីមី CS-2 ។ វា​ជា​សារធាតុ​ផ្ទុះ ជា​គ្រាប់បែក​ធំ​មួយ ដែល​ទំហំ​ទទឹង​ប្រមាណ​ជាង​កន្លះ​ម៉ែត្រ និង​កម្ពស់​ជិត​១​ម៉ែត្រ រាង​ដូច​ធុងសាំង​ចំណុះ​២០០​លីត្រ មិនមែន​ជា​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​ទេ ។ តាម​ធម្មតា ប្រសិនបើ​វា​ជា​ឧស្មន័​បង្ហៀរទឹកភ្នែក វា​គ្មាន​នៅសល់​ជា​សំណល់​បង្ក​គ្រោះថ្នាក់​ទៀត​នោះទេ ។ នៅពេល​ដែល​បែកបាក់​ធុង​ឬ​សំបក​របស់​វា ឧស្ម័ន​ទាំងនោះ នឹង​ត្រូវ​សាបរលាប​តាម​ខ្យល់​អស់​ដោយ​ប្រើ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។​

​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​មីន​នៅ​កម្ពុជា​រូបនេះ ស្នើ​ឱ្យ​អង្គការ​ហាមឃាត់​អាវុធ​គីមី​របស់​អង្គការសហប្រជាជាតិ មក​ត្រួតពិនិត្យ​និង​ផ្តល់​របាយការណ៍​ប្រកបដោយ​តម្លាភាព ដើម្បី​កម្ពុជា​មាន​វិធានការ​សមស្រប​ជួយ​ដល់​ប្រជាជន​ខ្លួន ។​

​ស្រដៀង​គ្នា​នេះដែរ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី​២០ ខែ​តុលា​ថា ក្រោយ​ក្រុម​អ្នកជំនាញ​បាន​ចុះទៅ​ពិនិត្យ​ស្រាវជ្រាវ​រក​ផលប៉ះពាល់​បញ្ហា​សុខភាព យើង​រកឃើញ​ថា​ពិតជា​មាន​ផលប៉ះពាល់​ដែល​បន្សល់​ពី​គ្រាប់បែក​គីមី​របស់​អាមេរិក​កាលពី​សម័យ​សង្គ្រាម​ពិតមែន ។ ជាក់ស្តែង ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ទទួល​អ្នកជំងឺ​ជា​កុមារ​ចំនួន​០៣​នាក់ និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង បាន​ទទួល​អ្នកជំងឺ​ចំនួន​២៩​នាក់ ដែល​ពាក់ព័ន្ធ​ខ្លាំង​ទៅ​នឹង​ការប៉ះពាល់​សំណល់​គ្រាប់បែក​គីមី ។​

​លោក ម៉ម ប៊ុនហេង និង​លោក ហេង រតនា បន្ថែម​រំឭក​ណែនាំ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីតាំង​ដែល​មាន​គ្រាប់បែក​គីមី​បន្សល់​ទុក​រាយប៉ាយ​ស្រដៀង​គ្នា​ថា ត្រូវ​ប្រុងប្រយ័ត្ន​និង​ជួយ​ថែរក្សា​តំបន់​សុវត្ថិភាព ស្លាក​សញ្ញា​សម្គាល់​គ្រោះថ្នាក់ និង​ស្ថិតនៅ​ឱ្យ​ឆ្ងាយ​ពី​គ្រាប់បែក​ទាំងនេះ ។ ចៀសវាង​ដាច់ខាត​ទៅ​គាល់​កកាយ​ដោយ​យល់​ថា​គ្មាន​គ្រោះថ្នាក់ ឬ​គ្រោះថ្នាក់​ត្រឹម​ហៀរ​ទឹកភ្នែក ។ ក្នុងករណី​មាន​រោគសញ្ញា​ខុស​ប្រក្រតី ឬ​មាន​កុមារ​កើត​មក​មាន​រូបរាង​ខុស​ប្រក្រតី សូម​ទៅ​ទទួលយក​ការពិនិត្យ​និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ដោយ​ឥតគិតថ្លៃ ។​

​សូម​រំឭកថា ស្ថានទូត​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ទាក់ទង​នឹង​គ្រាប់បែក​ឧស្ម័ន​ធ្វើឱ្យ​ចេញ​ទឹកភ្នែក​នៅ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ ថា អាមេរិក​មាន​ការសោកស្តាយ​យ៉ាងខ្លាំង ដែល​កម្ពុជា​បាន​យក​រឿង​មនុស្សធម៌​នេះ ទៅ​ធ្វើ​ជា​រឿង​នយោបាយ ។ សហរដ្ឋអាមេរិក​ជឿថា ទាំង​កម្ពុជា​និង​អាមេរិក នឹង​ធ្វើការ​រួមគ្នា​ដើម្បី​លុបបំបាត់​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​និង​នៅ​ទូទាំង​ពិភពលោក ។ ក៏​ព្រោះ​ដោយ​សារ​ជា​ទំនួល​ខុស​ត្រូវ​របស់​អាមេរិក​ក្នុង​ការដោះស្រាយ​កេរ្តិ៍ដំណែល​របស់ខ្លួន អាមេរិក​តែងមាន​ឆន្ទៈ​ពិចារណា​លើ​សំណើ​សុំ​ជំនួយ​ដោយ​សុទ្ធ​ចិត្ត ។ ហេតុនេះហើយ​បានជា​អាមេរិក​បាន​ចំណាយ​ថវិកា​ចំនួន​ជាង​១៣១​លាន​ដុល្លារ នៅក្នុង​រយៈពេល​២​ទសវត្ស​កន្លង​ទៅនេះ ដើម្បី​រុករក​និង​ដោះស្រាយ​បញ្ហា​នេះ ។​

​ស្ថានទូត​អាមេរិក​បញ្ជាក់ថា មិនមែន​គ្រាន់តែ​ចំពោះ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែលមាន​ប្រភព​ដើម​ពី​សហរដ្ឋអាមេរិក​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ដោះស្រាយ​ចំពោះ​គ្រាប់មីន​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិន វៀតណាម និង​សហភាពសូវៀត​នៅ​ភាគ​ខាងលិច​ប្រទេស ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង​គ្រាប់​របស់​អាមេរិក​ទៅ​ទៀត ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត