កម្លាំងប្រដាប់អាវុធ​បង្ហាញ​ភក្តីភាព​ក្រោយ​លោក​សម​រង្ស៊ី​ស្នើ​បែរ​ចុង​កាណុង​ទម្លាក់​រដ្ឋាភិបាល​

ដោយ៖ គង់ ឧត្តម 21-10-2017 3:30 pm 1228

​ក្រោយ​វីដេអូ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស ត្រូវ​បាន​បញ្ចេញ​ដោយ​សារព័ត៌មាន Fresh News មន្ត្រី​ស្មោះស្ម័គ្រ​នឹង​រដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃ​បាន​ចេញ​ថ្កោលទោស​នូវ​ពាក្យ​សម្តី​របស់​លោក​សម រង្ស៊ី ព្រមៗ​គ្នា ។ ញត្តិ​ថ្កោលទោស​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​អតីត​ប្រធាន​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​មួយ​នេះ ត្រូវបាន​ធ្វើឡើង​ព្រោងព្រាត​ជា​បន្តបន្ទាប់ និង​បាន​ចុះ​ផ្សាយ​ដោយ Fresh News ដែល​ជា​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចាប់តាំងពី​វីដេអូ​នេះ​ចេញ​ដំបូង​នៅ​ថ្ងៃទី​១៨ សប្តាហ៍​មុន​រហូត​ដល់​ថ្ងៃនេះ ។ ភាគច្រើន​អត្ថន័យ​នៃ​ញត្តិ​ថ្កោលទោស​ទាំងនោះ សុទ្ធ​តែ​បង្ហាញ​ពី​គោលបំណង​ស្ទើរតែ​ដូចគ្នា​ទាំងស្រុង គឺ​ចង់ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ទៅលើ​លោក​សម រង្ស៊ី និង​បាន​ហៅ​សកម្មភាព​នេះ​ថា គឺជា​អំពើ​ក្បត់ជាតិ ហើយ​បាន​អះអាងថា សង្គ្រាម​នឹង​កើតមានឡើង បើសិនជា​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ចំណាត់កា​រលើ​លោក​សម រង្ស៊ី​។​

​វីដេអូ​ដែល​គេ​ជឿ​ថា លោក សម រង្ស៊ី និយាយ​កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១១​នេះ កើតឡើង​នៅ​ទីក្រុង​ឡូ​វែល រដ្ឋ​ម៉ាស្សា​ឈូ​សែត សហរដ្ឋអាមេរិក ពោល​គឺ​មុននឹង​លោក​បាន​ចាប់ដៃ​លោក​កឹម សុខា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ។ ក្នុងនាម​ជា​ប្រធាន​គណបក្ស​សមរង្ស៊ី លោក​បាន​ថ្លែង​ក្នុង​ន័យ​ដើម ដោយ​បាន​ស្នើ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​និង​កងកម្លាំងប្រដាប់អាវុធ ក្រោក​បះបោរ​ប្រឆាំង បែរ​ចុង​កាណុង​ទៅ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ លោក ហ៊ុន សែន ដើម្បី​ទម្លាក់​លោក​ហ៊ុន​សែន​ចេញពី​តំណែង …
​សំឡេង​លោក សម រង្ស៊ី ៖

​យ៉ាងណាម៉ិញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ហៅ​ការ​ថ្លែង​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ  គឺ​ការ​ថ្លែង​ដែល​ស្រដៀង​ទៅ​នឹង​វីដេអូ​របស់លោក កឹម សុខា ដែល​កំពុង​ជាប់ចោទ​ពី​បទ​ក្បត់ជាតិ ព្រោះ​តែ​បង្ហាញ​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​ដោយ​ឃុបឃិត​ជាមួយ​បរទេស (​អាមេរិក​) ។ លោក​ហ៊ុន​សែន​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​រំលាយ បើ​ស៊ើប​ឃើញ​ពី​ភស្តុតាង​រំលំ​រដ្ឋាភិបាល​…
​សំឡេង​លោក ហ៊ុន សែន ៖

​ឆ្លើយតប​ទៅនឹង​ការ​អំពាវ​របស់​អតីត​មេគណបក្ស​សង្គ្រោះ​ជាតិ កម្លាំង​កងទ័ព​កម្ពុជា​សុទ្ទតែ​បាន​ថ្លែងថា កងទ័ព​ទាំងអស់​នឹង​មិន​ក្រោក ហើយ​ក៏​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន ទេ គឺមាន​តែ​ត្រៀម​កម្ចាត់​និង​វាយបំបាក់​ក្រុម​ក្បត់ជាតិ​ប៉ុណ្ណោះ ។ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ នាយ​ឧត្តមសេនីយ៍ មាស សុភា បានប្រកាស​ទៅកាន់​កងទ័ព​ទាំងអស់​ថា កងទ័ព​ត្រូវតែ​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​បទបញ្ជា និង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ។​

​ស្របគ្នា​នេះ មេបញ្ជាការ​កងទ័ព​ជើង​អាកាស​នាយ​ឧត្តមសេនីយ៍ សឹង សំណាង បាន​ថ្លែង​ផងដែរ​ថា កងទ័ព​ជើង​អាកាស​សូម​ប្រកាស​ប្តេជ្ញា​ការពារ​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្នើសុំ​ស្ថាប័ន​តុលាការ​ចាត់វិធានការ​ឱ្យខាងតែបាន ។ ចំណែកឯ​សេចក្តីថ្លែងការណ៍​មួយ​ផ្សេង​ទៀត​របស់​កងទ័ពជើងទឹក​បានសរសេរថា «​យើងខ្ញុំ​ទាំងអស់គ្នា​ជា​កងទ័ពជើងទឹក​សូម​ប្រកាស​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ញុះញង់​របស់​ពួក​អគតិ​ដែល​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​យើងខ្ញុំ​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​»​។​

​ដូចគ្នា​នេះ ក្រសួងការពារជាតិ​កម្ពុជាក៏​បានប្រកាសប​ង្ហា​ញ​ពី​បំណង​ថា ខ្លួន​កំពុង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ដើម្បី​ដាក់ពាក្យ​ប្តឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បាន​ធ្វើ​សកម្មភាព​ញុះញង់​ឱ្យ​កងទ័ព​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន ។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា លោក ឈុំ សុជាតិ បាន​ថ្លែងថា ក្រុម​អ្នកច្បាប់​កំពុង​សិក្សា​ពី​ទិដ្ឋភាព​ច្បាប់​ដើម្បី​ដាក់​បណ្តឹង​ប្រឆាំង​លោក សម រង្ស៊ី ។ លោក​បាន​ហៅ​សកម្មភាព​នេះ គឺ​ជា​ទង្វើ​ក្បត់ជាតិ និង​បាន​ញុះញង់ បំបែកបំបាក់​ជាតិ ទាំងអស់នេះ នឹង​ធ្វើ​បាត់​សន្តិសុខ​ជាតិ ។​

​ទោះយ៉ាងណា​ក៏ដោយ មេធាវី​តំណាង​រដ្ឋាភិបាល​កម្ពុជា លោក គី តិច ថ្លែងថា លោក​នៅ​ពុំទាន់​ទទួលបាន​ការស្នើសុំ​ពី​ក្រសួង​ការពារជាតិ​នៅឡើយ​ទេ ហើយក៏​មិន​ទាន់​បាន​ពិចារណា​ថា តើ​គួរ​យក​ភ័ស្តុតាង​នៃ​ឃ្លីប​វីដេអូ​នេះ ទៅ​បន្ថែម​លើ​សំណុំរឿង​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត