ទូត​អាមេរិកនិង​ប្រតិបត្តិ​ការរំដោះ​គ្រាប់បែក​គីមី​ហាក់​កំពុង​​ចម្រូង​ចម្រាស់​​​

ដោយ៖ សៅ វិសាល 20-10-2017 5:10 pm 425

​ខណៈ​អាជ្ញាធរ​មីន​កម្ពុជា កំពុង​ធ្វើ​ប្រតិបត្តិការ​រំដោះ​គ្រាប់បែក​គីមី ស្ថិតនៅក្នុង​ឃុំ​គគី ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង សេចក្តីថ្លែងការណ៍ ជុំវិញ​ករណី​នេះ ត្រូវបាន​ធ្វើឡើង​ជា​បន្ត​បន្ទាប់ ពី​សំណាក់​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា​។ ជា​សេចក្តីថ្លែងការណ៍ ដែល​បាន​បញ្ជាក់ថា ថ្វី​បើ​ការប្រើ​ឧស្ម័ន​(​គ្រាប់បែក​គីមី​)​ធ្វើឲ្យ​ចេញ​ទឹកភ្នែក ជា​ញឹកញាប់ ជា​រឿងចំរូងចំរាស់​ក្តី តែ​គេ​មាន​វិធី​ច្បាស់លាស់​សម្រាប់​បំបាត់​វា ហើយ​ក៏​គ្មាន​ភស្តុតាង​ដែល​ថា វា​បណ្តាល​អោយ​មាន បញ្ហា​សុខភាព​យូរអង្វែង ឬ​ការ​កើត​មក​មិន​គ្រប់លក្ខណៈ​ដែរ​។ ​ម្យ៉ាងវិញទៀត អាជ្ញាធរ​មីន​កម្ពុជា បានដឹង​ពី​វត្តមាន នៃ​គ្រាប់បែក​បែបនេះ នៅ​ខេត្ត​ស្វាយរៀង អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​បាន​ទទួល​ការបង្រៀន ជា​លម្អិត​លើ​រឿងនេះ ចំនួន ២ លើក នៅ​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៦ ពី​អ្នកឯកទេស​យោធា​សហរដ្ឋអាមេរិក​។ ហេតុ​អ្វី​ទើប​មក​គាស់កកាយ​នៅពេលនេះ​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា អាមេរិក មាន​ការសោកស្តាយ ចំពោះ​ការប្រឹងប្រែង ជា​បន្ត ក្នុង​ការ​យក​រឿង​មនុស្សធម៌​នេះ ធ្វើ​ជា​រឿង​នយោបាយ​។ អាមេរិក​បាន​ចំណាយ​ថវិកា​ជាង​១៣១​លាន​ដុល្លា នៅក្នុង​រយៈពេល ២​ទសវត្ស​កន្លង​ទៅនេះ ដើម្បី​រុករក និង​ដោះស្រាយ មិនមែន​គ្រាន់ តែ​ចំពោះ យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​មាន​ប្រភព​ដើម ពី​សហរដ្ឋអាមេរិក នៅ​ភាគ​ខាងកើត នៃ​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ដោះស្រាយ ចំពោះ​គ្រាប់មីន​មកពី​ប្រទេស​ចិន វៀតណាម និង​សហភាពសូវៀត ដែល​មាន​គ្រោះថ្នាក់ ជាង​គ្រាប់​របស់​អាមេរិក​ឆ្ងាយ នៅ​ភាគ​ខាងលិច ប្រទេស​។

​យ៉ាងណាក៏ដោយ ជុំវិញ​បញ្ហា​នេះ ត្រូវបាន​លោក​សេរី កុសល អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​មីន​កម្ពុជា បាន​ថ្លែង​ប្រាប់​ដល់​សារព័ត៌មាន​Fresh News នៅ​ថ្ងៃ​ទី​២០ តុលា​នេះ​ថា ការលើកឡើង​ពី​ការ ផ្តល់​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក សម្រាប់​ការដោះមីន​នៅ​កម្ពុជា រយៈពេល​២​ទស្សវត្ស ក្នុង​ទំហំ​ទឹកប្រាក់​១៣១​លាន​ដុល្លារ គឺជា​រឿង​គួរឲ្យ​អៀនខ្មាស និយាយ​ចេញ​តែ​ពី​មាត់​របស់ខ្លួន ដោយ​គ្មាន​ឯកសារ​ច្បាស់លាស់​។

​លោក​សេរី កុសល បានបញ្ជាក់​ថា ជាគោលការណ៍ ការផ្តល់​ជំនួយ​ពី​ប្រទេស​មួយ មក​ប្រទេស​មួយទៀត ធ្វើឡើង​តាមរយៈ​ក្រសួងការបរទេស ប៉ុន្តែ​សម្រាប់​ការអះអាង​របស់​អាមេរិក ដែល​បាន​លើកឡើង​ថា ខ្លួន​បាន​ចំណាយលុយ​១៣១​លាន​ដុល្លារ រយៈពេល​ជាង​២០​ឆ្នាំ ក្នុង​ការជួយ​ដល់​សកម្មភាព ដោះមីន​នៅ​កម្ពុជា គឺ​មិន​ដែល​មាន​ឯកសារ​ណាមួយ​បញ្ជាក់​នោះឡើយ​។​

​ជាងនេះទៅទៀត ជំនួយ​ដែល​សហរដ្ឋអាមេរិក និយាយថា បាន​ជួយ​ដល់​កម្ពុជា ក្នុង​សកម្មភាព​ដោះមីន គឺ​ផ្តល់​តែ​ចំពោះ​អង្គការ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ដែល​អង្គការ​ទាំងនោះ​ធ្វើ​អ្វី​តាមតែ​ទំនើងចិត្ត​របស់​ពួកគេ ទៅ​តាម​ការបញ្ជា របស់​សហរដ្ឋអាមេរិក ដែល​ជា​ម្ចាស់​ជំនួយ​របស់​គេ​។​

​ចំពោះ​ការលើកឡើង របស់​សហរដ្ឋអាមេរិក​ថា គ្រាប់​មីន​នៅ​កម្ពុជា មិនមែន​មាន​តែ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​មាន​គ្រាប់បែក​ប្រទេស វៀតណាម ចិន និង​រុស្ស៊ី​ជាដើម ហេតុអ្វី​បានជា​ឲ្យ​អាមេរិក ជា​អ្នកទទួលខុសត្រូវ​ម្នាក់ឯង ត្រូវបាន​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា ចាត់ទុកថា ការជួយ​របស់​អាមេរិក ចំពោះ​កម្ពុជា​មិនមែន ជា​សកម្មភាព​មនុស្សធម៌​ពិតប្រាកដ​ឡើយ តែ​អាមេរិក គិត​រឿង​នយោបាយ​ទៅ​វិញ​។​

​ដោយឡែក ភ្លាមៗ​ក្រោយ​ការចោទប្រកាន់​របស់​អា​មេរិក ដែលថា អាជ្ញាធរ​មីន​បានដឹង​រឿង​គ្រាប់បែក​បង្ហូរទឹកភ្នែក នៅ​ខេត្ត​ស្វាយរៀង តាំងពី​យូរ​មក​ហើយ ប៉ុន្តែ​ទើប​គាស់​កកាយ នាពេលនេះ ដើម្បី​ចំនេញ​នយោបាយ ត្រូវបាន​អាជ្ញាធរ​មីន ចេញ​សេចក្តីប្រកាស ទាត់ចោល​នូវ​ការចោទប្រកាន់​នេះ ដោយ​ចាត់ទុកថា ជា​ចេតនា​គេចវេស​មិន​ទទួលខុសត្រូវ បំភ្លៃ​ការពិត និង​បំភ័ន្ត​មតិ​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​។​

​សេចក្តីថ្លែងការណ៍ របស់​អាជ្ញាធរ​មីន បាន​សង្កត់ធ្ងន់ថា យើង​ក៏​បាន​ទំនាក់ទំនង​តាម​គ្រប់​មធ្យោបាយ ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក ក្នុងន័យ​រួម​សហការ​គ្នា តាម​គោលការណ៍​មនុស្សធម៌​ដើម្បី​ធ្វើការ លុបបំបាត់​ការភ័យខ្លាច​របស់ ប្រជាពលរដ្ឋ​នៅ​ទីនោះ ប៉ុន្តែ​ជា​អកុសល យើង​ពុំ​ដែល​បានទទួល នូវ​ការឆ្លើយតប ជា​វិជ្ជមាន​ណាមួយ ពី​ស្ថានទូត​អាមេរិក នៅ​ទីក្រុង​ភ្នំពេញ​ឡើយ​។​

​ជាមួយគ្នានេះ អាជ្ញាធរ​មីន​នៅតែ​អំពាវនាវ ដ៏​ទទូច​ឲ្យ​សហរដ្ឋអាមេរិក មាន​វិចារណញ្ញាណ ប្រកប​ដោយ​មនុស្សធម៌ រួម​សហការ​គ្នា ក្នុងការ​បោសសម្អាត​បំផ្លាញ នូវ​គ្រាប់បែក​គីមី​ទាំងនោះ​ចេញ និង​បន្ត​បោសសំអាត​នៅ​កន្លែង​ផ្សេង​ទៀត​៕ ដោយៈ​សៅ វិសាល​

 


ព័ត៌មានផ្សេងទៀត