“ក្បត់​ឆន្ទៈ​រាស្ត្រ”​ ជា​ពាក្យ​របស់​អ្នកនយោបាយ​ខ្មែរ​ចាស់វស្សា​យកមក​ហែកហួរ​គ្នា​

ដោយ៖ អឿន ភារ៉ា 19-10-2017 5:10 pm 1882

​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បានធ្វើ​ការអត្ថាធិប្បាយ​តប​ទៅនឹង​ការ​ប្រតិកម្ម​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញ​គម្រោង​រំលាយ​គណបក្សប្រឆាំង​។

​លោក​សម រង្ស៊ី នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃទី​១៨ តុលា​ម្សិលមិញ បាន​ហែកហួ​រលោក​ហ៊ុន សែន ថា តែងតែ​ប្លន់​អំណាច​ពី​ប្រជារាស្ត្រ​តាមរយៈ​ការ​ប្លន់​សន្លឹកឆ្នោត ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក​។ អតីត​ប្រធាន​ប្រឆាំង​រូបនេះ អះអាងថា ប្រជាពលរដ្ឋ​មិនដែល​បោះឆ្នោតឲ្យ​លោក​ហ៊ុន សែន ម្តងណា​ឡើយ ដោយ​លោក​ថា អំណាច​ដែល​បាន​នេះ គឺ​វៀតណាម​ជា​អ្នករៀបចំ​ឲ្យ​ប៉ុណ្ណោះ​។ សូម​ស្តាប់​ការលើកឡើង​របស់លោក​សម រង្ស៊ី​....
​សំឡេង​លោក​សម រង្ស៊ី​៖

"​ក្រោយមកទៀត ដើម្បី​អំណាច​ដឹកនាំ​ប្រទេស លោក​ហ៊ុន សែន ចាប់ផ្តើម​រៀបចំ​ឲ្យមាន​ការបោះឆ្នោត​ក្លែង គឺ​តាមរយៈ​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដ៏​ទន់ជ្រាយ​មួយ ដែល​គណបក្សកាន់អំណាច​អាច​បញ្ជា​បាន​តាមចិត្ត ក្នុង​ការលួចបន្លំ​សន្លឹកឆ្នោត រហូតដល់​ឆ្នាំ​២០១៣ ដែល​នេះ​ជាការ​ប្លន់​អំណាច​ពី​ប្រជារាស្ត្រ និង​មិន​គោរព​ឆន្ទៈ​ប្រជារាស្ត្រ​" ជា​អ្វីដែល​លោក​សម រង្ស៊ី បាន​ថ្លែង​ក្តែងៗ​នៅក្នុង​បទសម្ភាសន៍​ដដែល​នេះ​។​

​លោក​បន្ថែមថា មិន​ត្រឹមតែ​មិន​គោរព​ឆន្ទៈ​រាស្ត្រ​ទេ រដ្ឋាភិបាល​របស់លោក​ហ៊ុន សែន ថែមទាំង​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត ដែល​នេះ លោក​សម រង្ស៊ី ថា​ជាការ​ក្បត់​ឆន្ទៈ​ប្រជារាស្ត្រ​យ៉ាង​ជាក់ស្តែង​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់ថា ការលើកឡើង​របស់លោក​សម រង្ស៊ី ជាការ​បំភ័ន្ត​មតិ​ប្រជាពលរដ្ឋ​។ ហើយ​ការណ៍​ដែល​លោក​សម រង្ស៊ី ចោទថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្លន់​ឆន្ទៈ​រាស្ត្រ​នោះ អ្នកនាំពាក្យ​រូបនេះ ចាត់ទុកថា ជាការ​ប្រមាថមើលងាយ​ប្រជារាស្ត្រ​។ លោក​សុខ ឥសាន បន្ថែម​....
​សំឡេង​លោក​សុខ ឥសាន​៖

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បញ្ជាក់ថា ការបោះឆ្នោត​នៅ​កម្ពុជា ជា​ការបោះឆ្នោត​តាម​ប្រព័ន្ធ​សម​មាត្រ​ដែល​ប្រជាពលរដ្ឋ​អាច​បោះឆ្នោតឲ្យ​គណបក្ស​ណាមួ​យ​។ ការណ៍​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោតឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ដែលមាន​លោក​ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ឲ្យ​បន្ត​កាន់អំណាច​នេះ លោក​សុខ ឥសាន អះអាងថា គឺ​បាន​ស្របទៅតាម​គោលការណ៍​ច្បាប់​ហើយ​។​

​គួរ​ជម្រាប​ថា នៅ​ចំពោះមុខ​កម្មករ​រោងចក្រ​ជាង​មួយ​ម៉ឺន​នាក់ នៅ​ជាយក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៨ តុលា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រតិកម្ម​ចំពោះ​អ្នក​រិះគន់​ដែល​ចោទថា រដ្ឋាភិបាល​របស់លោក​មាន​គម្រោង​រំលាយ​បក្សប្រឆាំង គឺជា​ការ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាង​ពាក់កណ្ដាល​ប្រទេស​។ លោក​ហ៊ុន សែន បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ ហើយ​ថា អ្នក​រិះគន់​ទាំងនោះ មិន​យល់​ពី​សភាពការណ៍​នយោបាយ​។​

​លោក​នាយករដ្ឋមន្ត្រី យល់ឃើញថា ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល គឺមាន​ហេតុផល​សមរម្យ​ចំពោះ​ភាពឆ្គាំឆ្គង​របស់​បក្សប្រឆាំង​នៅពេលនេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ហ៊ុន សែន អះអាងថា ការចោទប្រកាន់​ដែលថា បើ​រំលាយ​បក្សប្រឆាំង​គឺ​មានន័យថា ក្បត់​ឆន្ទៈ​ពលរដ្ឋ​នោះ គឺជា​ហេតុផល​ដែល​ពិបាក​ទទួលយក​បំផុត ព្រោះ​បក្ស​នេះ​ក៏​ធ្លាប់​ទាមទារ​ឲ្យ​រូបលោក ចុះ​ចេញពី​រដ្ឋាភិបាល​ដែរ​។

"​ហ៊ុន សែន អើយ​ចុះ​ចេញទៅ​" ដែល​គណបក្សប្រឆាំង​បាន​ប្រើ​ប្រាក់​ពាក្យស្លោក នៅក្នុង​ការបោះឆ្នោត កាលពី​ឆ្នាំ​២០១៣ លោក​ហ៊ុន សែន ចាត់ទុកថា នេះ​ជា​ទង្វើ​កុប្បកម្ម ផ្តួលរំលំ​រាជរដ្ឋាភិបាល ក្បត់​នឹង​ឆន្ទៈ​ប្រជារាស្ត្រ​។ សូម​ស្តាប់​ប្រសាសន៍​របស់លោក​ហ៊ុន សែន បន្ថែម​....
​សំឡេង​លោក​ហ៊ុន សែន​៖

​ការ​ហែកហួរ​គ្នា​របស់​អ្នកនយោបាយ​នេះ អ្នកវិភាគ​មើលឃើញថា កម្ពុជា​នៅតែ​មិនទាន់មាន​ភាពចាស់ទុំ​ផ្នែក​នយោបាយ​ដដែល​។ លោក​សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លើកឡើងថា ទោះបី​កម្ពុជា បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ច្រើនលើកច្រើនសារ​ក៏ដោយ តែ​អ្នកនយោបាយ​ហាក់​ពុំទាន់​មាន​ភាពចាស់ទុំ និង​មិនទាន់​ឈរលើ​ការប្រកួតប្រជែង​តាមបែប​ប្រជាធិបតេយ្យ​នៅឡើយ​ទេ​។ ទន្ទឹមនឹងនេះ លោក​សូ ចន្ថា ស្នើឲ្យ​អ្នកនយោបាយ​គ្រប់ភាគី​ទាំងអស់​ត្រឡប់​មកការ​ចរចា​គ្នា និង​ទុក​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកសម្រេច​តាមរយៈ​សន្លឹកឆ្នោត ជាជាង​ប្រើ​យុទ្ធសាស្ត្រ​កំទេច​គ្នា​នោះ​។​

​អ្នកនយោបាយ​កម្ពុជា គួរ​ឈប់​ប្រើប្រាស់​វប្បធម៌​តួឯក ព្រោះ​វប្បធម៌​តួឯក​នេះហើយ ដែល​នាំឲ្យ​សង្គម​កម្ពុជា​មាន​ការហែក​ជា​បំណែក​តូចៗ ដែល​នឹង​ធ្វើឲ្យ​កម្ពុជា​ខាតបង់ ហើយ​អ្នក​ចំណេញ​មានតែ​បរទេស​ប៉ុណ្ណោះ​។ ក្រៅពីនេះ អ្នកនយោបាយ​គួរ​ចាប់ផ្តើម​រៀបចំ​អ្នក​បន្តវេន ដើម្បី​ជួយ​ជម្រុញ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន និង​ធ្វើឲ្យ​ប្រទេស​ជាមាន​ភាពរុងរឿង​។ ជា​អ្វីដែល​អ្នកវិភាគ​រូបនេះ បានស្នើ​បន្ថែម​៕

ព័ត៌មានផ្សេងទៀត