គណបក្ស​សង្រ្គោះជាតិ​នឹងរលាយ​មុនការ​បោះឆ្នោត​ឬយ៉ាងណា​? ​

ដោយ៖ គួន សំបូរ 19-10-2017 3:07 pm 859
ទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ច្បាប់ចំនួន៤ទាក់ទងនឹងការបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយ យកទៅចែកឲ្យបក្សដទៃ ត្រូវបានរដ្ឋសភាដែលមានតែតំណាងរាស្ត្របក្សប្រជាជន បានអនុម័តរួចហើយកាលពីចន្ទ។ ក្រោយពីអនុម័តច្បាប់នេះ វាសនារបស់គណបក្សសង្រ្គោះជាតិត្រូវបានគេមើលឃើញថាកាន់តែកៀកផ្លូវនៃការរំលាយចោលហើយសំណួរត្រូវបានគេចោទឡើងថា តើគេនឹងរំលាយគណបក្សសង្រ្គោះជាតិមុនការបោះឆ្នោតឬយ៉ាងណា?

បើទោះបីមានការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិ និងគណបក្សប្រឆាំងក្តី ក៏ដំណើរការធ្វើវិសោធនកម្មច្បាប់ចំនួនបួន ដើម្បីបើកផ្លូវឲ្យមានការបែងចែកអាសនៈ និងតំណែងគណបក្សដែលត្រូវរំលាយ ទៅចែកឲ្យគណបក្សដទៃ នៅតែបន្តជោគជ័យ។ ជោគជ័យដោយសាររដ្ឋសភា ដែលមានតែសមាជិកសភាគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូប ក្នុងនោះក៏មានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង បានអនុម័តទាំងស្រុងនៅច្បាប់នេះ កាលពីថ្ងៃចន្ទកន្លងទៅ។

យោងតាមមាត្រា១៣៨ស្ទួន នៃវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានអនុម័ត បានចែងថា “ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយ ប្រកាសបោះបង់ចោលអាសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀត។ ក្នុងករណីខាងលើនេះ គ.ជ.ប ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ០៧ថ្ងៃ ទៅឲ្យគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោតក្នុងរាជធានី ខេត្តជាមួយ។

ផ្អែកតាមខ្លឹមសារខាងលើនេះ ប្រសិនបើគណបក្សសង្រ្គោះជាតិ ត្រូវរំលាយមែននោះ មិនត្រឹមតែអាសនៈសភាគណបក្សសង្រ្គោះជាតិទាំង៥៥កៅអី ដែលត្រូវបែងចែកនោះទេ សូម្បីតែអាសនៈក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្រ្គោះជាតិ ជាង៥ពាន់នាក់ នៅទូទាំងប្រទេស ក៏នឹងត្រូវយកទៅបែងចែកឲ្យគណបក្សដទៃផងដែរ។

ការអនុម័តច្បាប់យ៉ាងប្រញាប់ប្រញាល់របស់រដ្ឋសភាពេលនេះ ត្រូវបានមតិរបស់អ្នកតាមដាននយោបាយ និងអ្នកវិភាគមួយចំនួន មើលឃើញថា វាសនារបស់គណបក្សសង្រ្គោះជាតិ កាន់ខិតជិតផ្លូវដែលត្រូវរំលាយចោល។ បច្ចុប្បន្នគណបក្សសង្រ្គោះជាតិ កំពុងរង់បណ្តឹងនៅតុលាការកំពូល ប្តឹងដោយក្រសួងមហាផ្ទៃ ដើម្បីស្នើសុំរំលាយគណបក្ស តាមសំណើរគណបក្សនយោបាយពី។ រឿងរ៉ាវទាំងនេះត្រូវបានគេចោទជាសំណួរថា តើគេនឹងរំលាយគណបក្សសង្រ្គោះជាតិមុន ការបោះឆ្នោតឬយ៉ាងណា?

សម្រាប់រដ្ឋាភិបាល បានបញ្ជាក់ពីជំហការពារដំណើរឆ្ពោះ ទៅការរំលាយគណបក្សសង្រ្គោះជាតិ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ថា ការរំលាយគណបក្សសង្រ្គោះជាតិ គឺមិនមែនជាការក្បត់ឆន្ទៈរាស្ត្រទេ ហើយលោកបានវាយបកខ្លាំងៗទៅកាន់អាមេរិក និងគណបក្សប្រឆាំងវិញ ដោយចោទជាសំណួរថា នៅពេលអាមេរិកគាំទ្រឲ្យមានរដ្ឋប្រហារទម្លាក់អតីតព្រះមហាក្សត្រខ្មែរសម្តេច នរោត្តមសីហនុ អាមេរិកបានគិតពីឆន្ទៈរបស់ប្រជាពលរដ្ឋដែរឬទេ? តើការស្រែកទាមទារឲ្យលោកចុះចេញពីដំណែងនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ បានគិតពីឆន្ទៈប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យលោកធ្វើជានាយករដ្ឋមន្រ្តីឫទេ?

យ៉ាងណាក្តី រដ្ឋាភិបាលហាក់មិនទាន់បង្ហាញពីជំហជាក់លាក់ថា នឹងរំលាយគណបក្សសង្រ្គោះជាតិ នៅពេលណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា រង់ចាំមើលចំណាត់ការរបស់តុលាការ។ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា សព្វថ្ងៃរដ្ឋាភិបាលកំពុងតាមដានលើករណីនេះ ជាពិសេសប្រតិកម្មពីអន្តរជាតិ និងម្ចាស់ជំនួយ។

រីឯអ្នកតាមដានសង្គមនយោបាយ និងអ្នកវិភាគ បានលើកឡើងថា វាសនារបស់គណបក្សសង្រ្គោះជាតិ ហាក់ដូចស្រពេចស្រពិល ខណៈដែលការបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកមកដល់ ហើយបើសិនជាគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោលមែន ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ នឹងមិនមានន័យទេ។ ចំណែកអ្នកដែលសប្បាយចិត្ត គឺប្រទេសកុម្មុយនិស្ត។ បើតាមអ្នកវិភាគ កម្ពុជាអាចនឹងខាតបង់ច្រើនចំពោះការទំនាក់ទំនងជាមួយលោកសេរីមានដូចជា ទីផ្សារនាំចូលសម្លៀកបំពាក់ជាដើម។ ចំណែកសេដ្ឋកិច្ច និងការវិនិយោគ អាចនឹងមានការប្រែប្រួល ឬធ្លាក់ចុះ ដោយមិនអាចរក្សាលំ នឹងដូច បច្ចុប្បន្នបានទេ។

ដូច្នេះមានតែអ្នកនយោបាយទេដែលអាចដោះស្រាយបញ្ហានេះបាន។បើតាមអ្នកជំនាញបើអ្នកនយោបាយខ្មែរទាំងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងឈរលើផលប្រយោជន៍ជាតិជាធំដំណោះស្រាយនឹងអាចកើតមាន។ប៉ុន្តែបើអ្នកនយោបាយចង់យកឈ្នះរៀងៗខ្លួនកម្ពុជាអាចនឹងខាតបង់ហើយប្រជាពលរដ្ឋខ្មែរអាចនឹងក្លាយជាអ្នករងគ្រោះ៕ 

ព័ត៌មានផ្សេងទៀត