រឿងចែកចាយ​អាសនៈ​មាន​ពលរដ្ឋខ្លះគាំទ្រ ​តែខ្លះថា​អយុត្តិធម៌ ​

ដោយ៖ គួន សំបូរ 18-10-2017 4:11 pm 846
កិច្ចប្រជុំរដ្ឋសភាកន្លងទៅ។រូបភាពពីវិមានរដ្ឋសភា

សេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៤ ដែលមានខ្លឹមសារដកហូតអាសនៈគណបក្សដែលត្រូវរំលាយយកទៅចែកឲ្យគណបក្សដទៃទៀតនោះ ត្រូវបានរដ្ឋសភាជាតិ សម្រេចអនុម័តទាំងស្រង់នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ។ ប៉ុន្តែគណបក្សសង្រ្គោះជាតិ បានហៅការសម្រេចនេះថា គឺជាការ " ប្លន់ឆន្ទៈប្រជាពលរដ្ឋ" យ៉ាងកម្រោល។ចំណែកឯប្រជាពលរដ្ឋដែលជាម្ចាស់វិញ មួយចំនួនសម្តែងការគាំទ្រ និងខ្លះទៀតថា វាជារឿងអយុត្តិធម៌។ 

សំឡេងប្រជាពលរដ្ឋ៖

នេះជាមតិរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានផ្តល់បទសម្ភាសន៍ដល់ក្រុមការងាររបស់វិទ្យុវាយោ។ជាទូទៅពលរដ្ឋដែលជាម្ចាស់ឆ្នោត បានបញ្ចេញមតិផ្សេងៗគ្នា ទាក់ទងទៅនឹងការម្រេចអនុម័តរបស់រដ្ឋសភា លើច្បាប់ចំនួន៤ ដែលមានខ្លឹមសារដកហូតអាសនៈ គណបក្សដែលត្រូវរំលាយយកទៅចែកគណបក្សដទៃ។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការចែកអាសនៈរបស់គណបក្សជាប់ឆ្នោត ទៅឲ្យគណបក្សផ្សេង គឺជារឿងអយុត្តិធម៌។ តែលោកថា ជាប្រជាពលរដ្ឋមិនហ៊ាន និយាយអ្វីច្រើន និងមិនអាចធ្វើអ្វីបានទេ ដោយរង់ចាំមើលកាលទេសៈ…

សំឡេង៖

ពលរដ្ឋម្នាក់ទៀតជាអ្នករត់ម៉ូតូឌុបនៅម្តុំព្រែកឯង បានថ្លែងដោយមិនបញ្ចេញឈ្មោះដូចគ្នាថា បើរំលាយគណបក្សហើយ អាសនៈទុកធ្វើអ្វីយកចែកទៅ ឲ្យគណបក្សណាផ្សេងទៅ។ តែលោកថា នេះជារឿងពិតជាអយុត្តិធម៌រួចហើយ សម្រាប់គណបក្សដែលរំលាយ ដោយសារតែគណបក្សនោះ បានខំប្រឹងប្រែងទម្រាំបានអាសនៈ…

សំឡេង៖

មិនខុសពីមតិរបស់ពលរដ្ឋខាងលើពលរដ្ឋម្នាក់ទៀតនៅម្តុំក្រុងតាខ្មៅ បានយល់ថា បើសិនជាធ្វើដូច្នេះមែន គឺវាមិនត្រឹមត្រូវទេ។ មិនត្រឹមត្រូវ ដោយគាត់ពន្យល់ថា គណបក្សនយោបាយទម្រាំទទួលបានអាសនៈ គឺបានខិតខំប្រឹងប្រែង ហើយបើសិនយកអាសនៈទាំងនោះ ទៅចែកបក្សផ្សេងវាមិនសមរម្យទេ..

សំឡេង៖

តែយ៉ាងណាក្តីសម្រាប់ពលរដ្ឋគាត់ជាអ្នកលក់ដូរនៅម្តុំកៀនស្វាយក្រៅបានគាំទ្រចំពោះការសម្រេចរបស់រដ្ឋសភា។គាត់បានពន្យល់ថាការធ្វើនយោបាយរបស់គណបក្សសង្រ្គោះជាតិ មិនបានជួយខ្មែរទេ ផ្ទុយទៅវិញគណបក្សនេះបានទៅអំពាវនាវដល់អន្តរជាតិផ្តាច់ជំនួយបិទរោងចក្រ។លោកថាបើរំលាយក៏ល្អដែរ…

សំឡេង៖

រីឯលោកអ៊ុំ សុខន ប្រធានភូមិក្នុងស្រុកជគិរី ខេត្តកំពង់ឆ្នាំង ក៏បានសម្តែងការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាល និងការសម្រេចរបស់រដ្ឋសភា។ បើតាមលោកសុខន បានគូសបញ្ជាក់ថា ទង្វើរបស់លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ជាបទល្មើសមួយមិនអាចលើកលែងបានទេ។ ដូច្នេះត្រូវតែរំលាយចោល ហើយទុកអាសនៈឲ្យគណបក្សផ្សេងដែលគេស្រឡាញ់ប្រទេសជាតិ…

សំឡេង៖

គួរបញ្ជាក់ថាកាលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧សេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៤ ដែលមានគោលដៅ ដកហូតអាសនៈគណបក្ស ដែលត្រូវរំលាយ យកទៅចែកឲ្យគណបក្សដទៃទៀតនោះ ត្រូវបានរដ្ឋសភាជាតិ សម្រេចអនុម័ត ហើយច្បាប់ទាំងនេះ ត្រូវតម្រូវឱ្យប្រកាសដាក់ប្រើប្រាស់ជាប្រញាប់។

សេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៤ ដែលរដ្ឋសភាអនុម័តនោះមានដូចជា៖ទី១ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ទី២ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងព្រឹទ្ធសភា។ ទី៣ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់។ ទី៤ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។សេចក្តីស្នើច្បាប់ទាំងនេះ ធ្វើឡើងខណៈដែលគណបក្សសង្គ្រោះជាតិ កំពុងរងបណ្តឹងស្នើសុំរំលាយចោលនៅតុលាការកំពូលផងដែរ។

គណបក្សសង្រ្គោះជាតិ បានហៅការសម្រេចនេះថាគឺជាការ " ប្លន់ឆន្ទៈប្រជាពលរដ្ឋ" យ៉ាងកម្រោល ហើយអ្នកទទួលយកអាសនៈពីអំពើប្លន់នេះ មានឈ្មោះថា " ទទួលផលចោរកម្ម" ។ តែគណបក្សប្រជាជនកម្ពុជាថា ការវិសោធនកម្មច្បាប់ចំនួន៤នេះ គឺដើម្បីពង្រឹកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងពង្រឹងនីតិរដ្ឋ ព្រមទាំងធានាស្ថេរភាពនយោបាយឱ្យស្ថិតស្ថេរយូរអង្វែងនៅប្រទេសកម្ពុជា ហើយច្បាប់៤នេះ គ្មានអ្វីពាក់ព័ន្ធបំផ្លិចបំផ្លាញបុគ្គល និងគណបក្សនយោបាយណាមួយឡើយ៕ 

ព័ត៌មានផ្សេងទៀត