អ្នកវិភាគ​បារម្ភ​ពី​ស្ថេរភាព​នយោបាយ ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​មែន​

ដោយ៖ សៅ វិសាល 17-10-2017 6:12 pm 2554

​ជាថ្មី​ម្តងទៀត អ្នកវិភាគ បាន​សម្តែង​ក្តីព្រួយបារម្ភ​អំពី​សន្តិភាព និង​ស្ថេរភាព​នយោបាយ នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ ដោយ​បែងចែក​អាសនៈ​របស់​ខ្លួន ទៅ​គណបក្ស​ដទៃ​មែន​នោះ​។ ការព្រួយបារម្ភ​នេះ កើតឡើង​បន្ទាប់ពី​រដ្ឋសភា បានសម្រេច​អនុម័ត លើ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដែល​ជា​ការបើកផ្លូវ ឲ្យមាន​ការ​បែងចែក​អាសនៈ របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​។​

​ទាក់ទង​នឹង​ការរក្សា​សន្តិភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ថ្លែង​ញឹកញាប់​ថា គ្មាន​សន្តិភាព ក៏​គ្មាន​ការអភិវឌ្ឍ​ដែរ​។ ក្នុង​តម្លៃ​ណា​ក៏​ដោយ រដ្ឋាភិបាល​នឹង​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន មិន​ឲ្យ​ក្រុម​ណាមួយ​បង្កឲ្យមាន ការ​បែប​បាក់​ជាតិ​នាំទៅ​ដល់​អស្ថិរភាព​សង្គម​នោះទេ​។​

​ប៉ុន្តែ​ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ បានបង្ហាញ​ក្តីបារម្ភ​ថា ស្ថានការណ៍​នយោបាយ ពេលនេះ ហាក់​បាន​ដើរ​ដល់​ចំណុច ដ៏​គ្រោះថ្នាក់​មួយ​នៃ​ការបែកបាក់​ជាតិ ក្រោយពី​លោក ហ៊ុន សែន ប្រកាសថា អាសនៈ​របស់​គណបក្ស​ប្រឆាំង​ទាំងអស់ នឹង​ត្រូវ​បែងចែក ឲ្យ​គណបក្ស​៥​ផ្សេងទៀត បើ​តុលាការ​កំពូល​ប្រកាស​ឲ្យ​រំលាយ​មែន​នោះ​។​

​អ្នកវិភាគ​វ័យក្មេង លោក​ហង់ ពិ​ទូ លើកឡើងថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​មែន​នោះ តើ​គណបក្ស​កាន់អំណាច នឹង​អាច​ទទួលខុសត្រូវ​របៀប​ណា ចំពោះ​ប្រជាពលរដ្ឋ​ជាង​៣ ឬ​៤​លាន​នាក់ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​? ត្រូវ​ប្រឈម​មុខ​បែបណា ចំពោះ​សហគមន៍​អន្តរជាតិ​?

​លោក​ហង់ ពិ​ទូ បន្តថា ស្ថានការណ៍​នយោបាយ ក្រោយពេល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​មែន​នោះ អាច​នឹង​ធ្វើឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា ហាក់​ពុំ​មាន​ន័យ ប្រជាពលរដ្ឋ​គាំទ្រ គណបក្ស​ប្រឆាំង​មិន​ទៅ​បោះឆ្នោត ឬ​ទៅ​បោះឆ្នោត​ទាំង​មិន​ពេញចិត្ត​ជាដើម​។

​សំឡេង​

​លោក​ឯម វណ្ណា​រ៉ា អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ បានបញ្ជាក់​ថា តាម​អ្វី​ដែល​លោក​គិត គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​អាច​ត្រូវ​រំលាយ​នោះទេ​។ គណបក្ស​ប្រឆាំង​មួយ​នេះ អាច​មាន​ជម្រើស​ផ្សេង​ណាមួយ ក្នុង​ការរក្សា​គណបក្ស​ឲ្យនៅ​ដដែល​។ ប៉ុន្តែ​ផ្ទុយ​ពីនេះ ប្រសិនបើ​ស្ថានការណ៍​នយោបាយ ត្រូវ​បាន​វិវត្តន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​មែន​នោះ រដ្ឋាភិបាល​ដឹកនាំ ដោយ​គណបក្សកាន់អំណាច ប្រឈម​នឹង​ការដាក់​សម្ពាធ​នានា ពី​សហគមន៍​អន្តរជាតិ​។ ម្យ៉ាងវិញទៀត នឹង​ធ្វើឲ្យ​កម្ពុជា ទៅ​ថ្ងៃ​អនាគត មាន​ភាពផុយស្រួយ ទៅលើ​ស្ថេរភាព​នយោបាយ និង​ការបែកបាក់​សាមគ្គី​ជាតិ​។​

សំឡេង

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក​សុខ ឥសាន​ថា ការយក​ចំនួន​អាសនៈ របស់​គណបក្ស   ដែល​ត្រូវបាន​រំលាយ ទៅ​ឲ្យ​គណបក្ស​ផ្សេង គឺ​អាស្រ័យ​ដោយ​គណបក្ស​នោះ បាន​រំលោភ​ឆន្ទៈ​របស់​ប្រជាជន ប្រើ​ឧបាយកល​បោកប្រាស់​ឆន្ទៈ​ប្រជាជន បាន​អាសនៈ​ដោយ​មធ្យោបាយ មិន​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​លែង​មាន​សុពលភាព និង​លែង​មាន គុណសម្បត្តិ  ហើយ​អាសនៈ​ទាំងនេះ​ត្រូវ​បែងចែក  ដែល​ករណី​នេះ មិនមែន​ជា​ការរំលោភ​ឆន្ទៈ​ប្រជាជន​នោះ​ទេ​។​

​លោក​សុខ ឥសាន ក៏​ធ្លាប់បាន​អះអាងថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ រដ្ឋសភា​គឺ​មាន​នីតិវិធី​ក្នុង​ការបែងចែក​អាសនៈ របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​នេះ ទៅ​គណបក្ស​ដទៃ​ផ្សេងទៀត ហើយ​រដ្ឋាភិបាល​នៅ​តែ​ជា​រដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

សំឡេង

​សូមបញ្ជាក់​ថា បើតាម មាត្រា​១៣៨ ស្ទួន នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បានចែង​ថា ក្នុង​នីតិកាល​នៃ​រដ្ឋសភា ប្រសិនបើ​មាន​គណបក្សនយោបាយ​ណាមួយ ប្រកាស​បោះបង់​ចោល​អាសនៈ ឬ​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ ឬ​ត្រូវ​រំលាយ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ បញ្ជី​បេក្ខជន និង​តំណាងរាស្ត្រ​ទាំងអស់ នៃ​គណបក្ស​នយោបាយ​នោះ លែង​មាន​សុពលភាព និង​លែង​មាន​គុណសម្បត្តិ​ទៅ​ទៀត​ហើយ​៕ ដោយៈ​សៅ វិសាល​

 

 

 

ព័ត៌មានផ្សេងទៀត