អ្នកវិភាគយល់ថា ដំណើរការរំលាយគណបក្សសង្គ្រោះជាតិ ហាក់ធ្វើតាមសេណារីយោ ដូចបានគ្រោងទុក។ទៅមុខទៀតុលាការកំពូល ក៏មិនខុសគ្នាពីសភា នៅថ្ងៃ នេះដែរ។ លោកមាស នី បានបង្ហើបនូវសេណារីយោ៣ទាក់ទងនឹងស្ថានការណ៍បោះឆ្នោត គឺអាចមានការបោះឆ្នោតតាមរបៀបរិតត្បិតក៏អាចកើតមាន,បោះឆ្នោតដោយសេរីក៏អាចមាន និងមិនមានការបោះឆ្នោតក៏អាចកើតមានបានដែរ។ខាត់ សុធី រាយការណ៍៖
ដំណើរការរំលាយគណបក្សសង្គ្រោះជាតិ បានដើរទៅមុខមិនថយក្រោយ។ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីប្តឹងរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គឺជាអ្វីដែលបានកើតឡើង ហាក់ដូចជាធ្វើឲ្យសេណារីយោទាំងអស់ បានបំពេញទៅតាមមុខងាររៀងៗខ្លួន។
ការអនុម័តច្បាប់ស្តីពីគណបក្សនយោបាយម្ដងហើយម្ដងទៀត និងយ៉ាងឆាប់រហ័ស ជាអំណោយផល នាំឲ្យការរំលាយគណបក្សសង្គ្រោះជាតិងាយស្រួលជាងបកចេក។
នៅថ្ងៃនេះក្រុមតំណាងរាស្ត្ររបស់គណបក្សប្រជាជន បានអនុម័តយ៉ាងប្រញាប់ នូវវិសោធនកម្មច្បាប់បោះឆ្នោតចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ គឺវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ, វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា, វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ និង វិសោធនកម្ម ច្បាប់ស្តីពីការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ វិសោធនកម្មនេះគឺជាការបើកផ្លូវ ដើម្បីអាចដកហូតយកអាសនៈចំនួន ៥៥ របស់គណបក្សសង្គ្រោះជាតិទៅបែងចែកឲ្យគណបក្សផ្សេង ដែលពុំមានអាសនៈនៅក្នុងរដ្ឋសភា បើទោះជាគណបក្សប្រឆាំងចាត់ទុកករណីនេះ ថាជាការប្លន់ឆន្ទៈប្រជាពលរដ្ឋក៏ដោយ។
អ្នកតាមដានស្ថានការណ៍សង្គមនៅកម្ពុជា លោកបណ្ឌិតមាស នី លើកឡើងថា ពេលនេះ អ្វីៗដំណើរការទៅ យ៉ាងរលូន តាមការគ្រោងទុក។លោកបន្ថែមថា ទៅមុខទៀតតុលាការកំពូល ក៏មិនខុសគ្នាពីសភា នៅថ្ងៃនេះដែរ។ ដូច្នេះថ្ងៃអន្សារបស់គណបក្សប្រឆាំងគឺស្ថិតក្នុងកណ្តាប់ដៃ របស់គណបក្សកាន់អំណាច តែមួយប៉ុណ្ណោះ។ ប៉ុន្តែបើគណបក្សនេះ មិនចែកចានឆ្នាំងទៅរកទ្រនំចាស់ ហើយចាប់យកទ្រនំចាស់តែមួយ ក្នុងចំណោមទាំងពីរ និងប្រកាសប្រាប់អ្នកគាំទ្រ ឲ្យបានមុនការបោះឆ្នោត នោះការប្រកួតប្រជែង ក៏នៅតែលំបាកសម្រាប់គណបក្សប្រជាជនដដែល......
សំឡេងលោកមាស នី៖
ប៉ុន្តែលោកមាស នី នៅតែព្រួយបារម្ភខ្លាចគណបក្សសង្គ្រោះជាតិ បែកបាក់ក្បាលម៉ាស៊ីនខាងលើ ដែលមហាជនកំពុងតែតាមដានមើល។ផ្ទុយទៅវិញ បើផ្ទៃក្នុងរឹងមាំ សន្ទុះគាំទ្រនៃគណបក្សនេះ នៅតែខ្លាំង។
លោកមាស នី បានប្រមើលមើលថា ក្នុងដំណាក់កាលផុយស្រួយនេះ ប្រសិនបើផ្ទុះការតវ៉ា ក្រោយពេលរំលាយគណបក្សសង្គ្រោះជាតិ នឹងអាចមានសេណារីយោមួយទៀតកើតឡើង គឺប្រកាសភាពអាសន្ន ហើយអាចនឹងមិនមានការបោះឆ្នោត ឬពន្យារការបោះឆ្នោតដូចនៅប្រទេសថៃដែរ ក៏ថាបាន.....
សំឡេងលោកមាស នី៖
លោកមាស នី និយាយដោយខ្លីថា អ្វីៗ វាស្ថិតនៅលើរដ្ឋាភិបាល ពោលគឺលទ្ធភាពមានដូចជា អាចមានការបោះឆ្នោតតាមរបៀបរឹតត្បិតក៏អាចកើតមាន បោះឆ្នោតដោយសេរីក៏អាចមាន និងមិនមានការបោះឆ្នោតក៏អាចកើតមានបានដែរ។
កន្លងមកមន្ត្រីគណបក្សប្រជាជនកម្ពុជា ធ្លាប់បានគូសវាសតាមរបៀបបង្ហាញផ្លូវឲ្យមន្ត្រីគណបក្សប្រឆាំងវិលទៅរកទ្រនំចាស់រៀងៗខ្លួនវិញគឺគណបក្សសម រង្ស៊ី និង សិទិ្ធមនុស្ស ដើម្បីចូលរួមបោះឆ្នោតឆ្នាំក្រោយក្នុងករណីដែលគណបក្សសង្គ្រោះជាតិរលាយ។
ប៉ុន្តែព្រឹទ្ធសមាជិកគណបក្សប្រឆាំង លោកគង់ គាំ ផ្តាំថាដាច់ខាតកុំចែកចានចែកឆ្នាំងគ្នាឲ្យសោះ។លោកថាត្រូវនាំគ្នាបង្កើតចលនា ឬគណបក្សថ្មីមួយទៀតដោយប្រមូលសំឡេងគាំទ្រឲ្យបានមូលដើម្បីត្រៀមខ្លួនប្រកួតតទល់នឹងគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨។បើមិនដូច្នោះទេសំឡេងគាំទ្រនឹងត្រូវបែកខ្ចាត់ខ្ចាយអស់ និងវិលទៅរកភាពបរាជ័យទាំងស្រុង។
ខណៈពេលដែលសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា បានអនុម័តទាំងស្រុង នូវវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីសម្រួលក្នុងការពុះជ្រៀកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ដែលនឹងត្រូវរំលាយ ទៅឲ្យគណបក្សផ្សេងនោះ លោកអេង ឆៃអ៊ាងថានេះជាការប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ តែអ្នកនាំពាក្យគណបក្សប្រជាជន លោកសុខ ឥសានថា ការយកចំនួនអាសនៈរបស់គណបក្សដែលត្រូវបានរំលាយទៅឲ្យគណបក្សផ្សេង គឺអាស្រ័យដោយគណបក្សនោះ បានរំលោភឆន្ទៈរបស់ប្រជាជន ប្រើឧបាយកលបោកប្រាស់ឆន្ទៈប្រជាជន បានអាសនៈដោយមធ្យោបាយមិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលត្រូវលែងមានសុពលភាព និងលែងមាន គុណសម្បត្តិ ហើយអាសនៈទាំងនេះត្រូវបែងចែក ដែលករណីនេះ មិនមែនជាការរំលោភឆន្ទៈប្រជាជននោះទេ។
ដោយឡែកប្រជាពលរដ្ឋ អ្នកគាំទ្រគណបក្សប្រឆាំង រួមទាំងសហគមន៍អន្តរជាតិមួយចំនួន ចង់ឲ្យគណបក្សទាំងពីរ ជួបពិភាក្សាគ្នាឡើងវិញ ដើម្បីសម្រួលស្ថានការណ៍ឲ្យមកប្រក្រតីឡើងវិញ ហើយក៏រិតតែមិនចង់ឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិចោលដែរ។សហគមន៍អន្តរជាតិទាំងនោះ ព្រួយបារម្ភថា បើរំលាយគណបក្សសង្គ្រោះជាតិមែន នោះគឺជាការទាញប្រជាធិបតេយ្យនៅកម្ពុជាឲ្យដើរថយក្រោយ៕