បុរស​ដែល​ជឿ​ថា​ខ្លួនឯង​ជា​សត្វ​ដំរី​ចាប់​ជាតិ មក​សម្រួល​ចរាចរ​ដើម្បី​រក​ប្រាក់​មើលជំងឺ

ដោយ៖ គង់ ឧត្តម 14-10-2017 3:49 pm 3068
លោកលី សំណាង កំពុងសម្រួលចរាចរនៅម្តុំមុខបុរីជ្រោយបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា កាលពីម្សិលម៉ិញ ។ រូបថត គង់ ឧត្តម ។

​ក្នុង​ដំណើរ​ប៉ាក់ប៉ើក​ប៉ាក់ប៉ើក​របស់​បុរស​ម្នាក់​ដែល​ជឿ​ថា ខ្លួន​ចាប់កំណើត​ពី​សត្វ​ដំរី គឺ​កំពុង​ជួយ​សម្រួល​ចរាចរ​នៅក្នុង​សង្កាត់​ព្រែកប្រា ។ បុរស​វ័យ​៣៥​ឆ្នាំ​រូប​នេះ​ថា ជិត​២០​ឆ្នាំ​នៃ​ការ​មក​ស្ម័គ្រចិត្ត​ជួយ​សម្រួល​ចរាចរ​នៅទីនេះ គាត់​មិន​ចង់បាន​មុខមាត់​ឬ​ដណ្តើម​ការងារ​របស់​សមត្ថកិច្ច​ទេ គឺ​ត្រឹម​មក​ជួយ​សម្រួល​ការកកស្ទះ​នៅក្នុង​តំបន់​នេះ​ប៉ុណ្ណោះ ។ អ្នកធ្វើ​ដំណើរ​តាម​ផ្លូវ​ក៏​តែង​ផ្តល់​ក្តី​អាណិ​តដល់​គាត់​តាមរយៈ​ការជូន​ជា​ប្រាក់​បន្តិចបន្តួច តបស្នង​ទៅនឹង​ការជួយ​សម្រួល​ចរាចរ បញ្ចៀស​ការកកស្ទះ ។ គាត់​ថា គាត់​យក​ប្រាក់​ទាំងនោះ​ទៅ​ទុក​ព្យាបាល​ជំងឺ​របស់​ខ្លួន ។ រៀបចំដោយ  គង់ ឧត្តម ។​

ស្តាប់បទយការណ៍ជាសំឡេង៖

​នៅលើ​ផ្លូវ​ដែល​មាន​ចរាចរ​កំពុង​មមាញឹក មុខ​បុរី​ជ្រោយ​បាសាក់ ស្ថិតក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ខ្ញុំ​សង្កេត​ឃើញ​បុរស​ម្នាក់​ដែល​មាន​ដំណើរ​ប៉ាក់ប៉ើក​ប៉ាក់ប៉ើក កំពុង​ឆ្ការដៃឆ្ការជើង​ដើម្បី​បង្ហាញ​ពី​ទិស​សញ្ញា​ចរាចរ បញ្ជា​ដល់​អ្នកបើកបរ​យានយន្ត​នៅលើ​ដងផ្លូវ​កំពុង​កកស្ទះ​មួយ​នេះ ។ នៅពេល​ចរាចរ​ចាប់ផ្តើម​ស្បើយ បុរស​វ័យ​៣៥​ឆ្នាំ​រូប​នេះ​បាន​ឆ្លៀត​ប្រាប់​ខ្ញុំ​ថា គាត់​តែង​ឆ្លៀត​ពេល​ទំនេរ​មក​ស្ម័គ្រចិត្ត​ជួយ​សម្រួល​ចរាចរ​នៅលើ​ផ្លូវ​ក្នុង​សង្កាត់​ព្រែកប្រា​នេះ ។ គាត់​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា សកម្មភាព​ដែល​គាត់​ធ្វើ​នេះ ភាគច្រើន​គឺ​មិនសូវ​ទទួលបាន​ការគាំទ្រ​ពី​អាជ្ញាធរ​ទេ ព្រោះ​អាជ្ញាធរ​ខ្លាច​គាត់​មាន​គ្រោះថ្នាក់ ក៏​ព្រោះ​ដោយសារ​គាត់​មាន​កាយសម្បទារ​មិន​គ្រាប់​គ្រាន់ ពោល​គឺ​ជើង​របស់​គាត់​ម្ខាង​វែង និង​ម្ខាង​ទៀត​ខ្លី ដែល​មិន​អាច​ជួយ​អោយ​គាត់​អាច​ធ្វើដំណើរ​បាន​ដោយ​រលូន​ដូច​មនុស្ស​ធម្មតា ។ 

​ពាក់​អាវយឺត​ពណ៌​ប៉ា​រ៉ា ខោ​ក្រណាត់​ជើង​ខ្លី​ពណ៌​ទឹកដោះគោ​ត្រឹម​ជង្គង់ និង​ពាក់​ស្បែកជើងផ្ទាត់​ពណ៌​ខៀវ​ទឹកប៊ិច គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ឈ្មោះ លី សំណាង ។ គាត់​គឺ​ជា​ពលរដ្ឋ​ម្នាក់​ដែល​ស្នាក់នៅ​ក្នុង​សង្កាត់​ព្រែកប្រា​នេះដែរ ។ សព្វថ្ងៃ គាត់​ពុំ​មាន​ការងារ​ធ្វើ​ទេ ថែមទាំង​មាន​ជំងឺ​ប្រចាំកាយ​ទៅទៀត ។ ពេល​គាត់​មក​ស្ម័គ្រចិត្ត​ជួយ​សម្រួល​ចរាចរ​ម្តងៗ អ្នកដំណើ​រតែង​ជួយផ្តល់​ប្រាក់​អោយ​គាត់​ខ្លះៗ ដើម្បី​យក​ប្រាក់​ទាំងនោះ​ទុក​សម្រាប់​ព្យាបាល​ជំងឺ​ប្រចាំកាយ​របស់ខ្លួន​…
​សំឡេង​លោក លី សំណាង ៖

​និយាយ​ទាំង​រដិបរដុប បុរស​ម្នាក់​នេះ​ប្រាប់​ខ្ញុំ​បន្តថា គាត់​មាន​ជំងឺ​ប្រចាំកាយ​តាំង​ពី​តូច ។ គាត់​មក​ស្ម័គ្រចិត្ត​ជួយ​សម្រួល​ចរាចរ​នេះ​ម្តងៗ គឺ​មិន​គិត​ពី​មុខមាត់ ឬ​ដណ្តើម​មុខរបរ​ការងារ​សមត្ថ​កិច្ច​ទេ ។ អ្នកដំណើរ​ដែល​ធ្វើដំណើរ​លើ​ផ្លូវ​នេះ​តែង​ជួន​ប្រាក់​គាត់​បន្តិចបន្តួច ដែល​ប្រាក់​ទាំងនោះ គាត់​ថា​ទុក​សម្រាប់​គ្រាន់​ទៅ​ទិញ​ថ្នាំ​សម្រាប់​ខ្លួន​គាត់​តែម្តង​...
​សំឡេង​លោក លី សំណាង ៖

​នៅ​ពេល​ខ្ញុំ​សួរ​ពី​ស្ថានភាព​កាយសម្បទា​របស់គាត់ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ឈឺ​តាំង​ពី​តូច​មក​ម្ល៉េះ ។ អ្វី​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ជឿថា​គាត់​ជា​សត្វ​ដំរី​មក​ចាប់​ជាតិ ។ គាត់​ថា​នៅ​មុន​ពេល​គាត់​ចាប់កំណើត ម្តាយ​របស់​គាត់​បាន​យល់សប្តិ​ឃើញ​សត្វ​ដំរី​មក​សុំ​នៅ​ជាមួយ ។ ហើយ​គាត់​ក៏​ចាប់​កំណើត​មក​ដោយ​មាន​អាវៈ​យ​វៈ​ជើង​មួយ​ចំហៀង​ខ្លី និង​មួយ​ចំហៀង​ទៀត​វែង ។ គាត់​ប្រាប់​ខ្ញុំ​បន្តថា កាល​ពី​តូច​គាត់​មាន​អាវៈ​យ​វៈ​ដុះ​ចេញ​ពីលើ​ច្រមុះ រាង​ដូច​ប្រ​ម៉ោយ តែ​ក្រោយមក​គាត់​ក៏​ទៅ​វះកាត់​ចេញ​នៅ​មន្ទីរពេទ្យ​ជាច្រើន​ឆ្នាំ​មកហើយ​…
​សំឡេង​លោក លី សំណាង ៖

​ងាក​មក​សកម្មភាព​ជួយ​សម្រួល​ចរាចរ​ក្នុង​សង្កាត់​ព្រែកប្រា​នេះ គាត់​អះអាង​ប្រាប់​ខ្ញុំ​ថា គាត់​មក​ស្ម័គ្រចិត្ត​ជួយ​សម្រួល​ចរាចរ​នៅក្នុង​តំបន់​នេះ អស់​រយៈពេល​ជិត​២០​ឆ្នាំ​ហើយ ។ បើទោះបីជា​កាយសម្បទារ​បស់​គាត់​មិន​ដូច​មនុស្ស​ធម្មតា​ក៏ពិតមែន តែ​សកម្មភាព​ជួយ​សម្រួល​ចរាចរ​របស់​គាត់​នៅតែ​អាច​ដំណើរការ​ទៅ​តាម​ធម្មតា និង​គ្មាន​ការ​ប៉ះពារ​ពី​សំណាក់​អ្នកធ្វើ​ដំណើរ​ទេ ។ 
​បុរស​ដែល​ជឿ​ថា​ខ្លួន​ជា​សត្វ​ដំរី​ចាប់​ជាតិ​នេះ ប្រាប់​ខ្ញុំ​ថា ថ្ងៃ​ខ្លះ​អ្នកដំណើរ​ឃើញ​អាណិត​គាត់​ក៏​បាន​ជូន​លុយកាក់​តិចតួច​ដល់​គាត់ ថ្ងៃ​ខ្លះ​ក៏​មិន​បាន​ក៏មាន ។ ភាគច្រើន​គាត់​តែង​ឡើង​មក​ជួយ​សម្រួល​ចរាចរ​នៅក្នុង​ពេល​ចរាចរ​កំពុង​កកស្ទះ ដូចជា​ម៉ោង​ចេញពី​ធ្វើការ​ជាដើម​…
​សំឡេង​លោក លី សំណាង ៖

​ក្រៅពី​ឡើង​មក​ជួយ​សម្រួល​ចរាចរ​ជា​រៀងរាល់ថ្ងៃ គាត់​ក៏​នៅ​ផ្ទះ​ទៅ​ស្ទូចត្រី​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប ។ គាត់​ប្រាប់ថា ការ​មក​សម្រួល​ចរាចរ​នេះ សមត្ថកិច្ច​មិន​បាន​អនុញ្ញាត​ឱ្យ​គាត់​ធ្វើ​ទេ ជួន​ក៏​ត្រូវបាន​ហាមឃាត់ ព្រោះ​មូលហេតុ​ផ្សេងៗ ។ គាត់​ថា ពេលខ្លះ​ស្របពេល​ផ្លូវ​កំពុង​កកស្ទះ​ខ្លាំង ក៏​មាន​ពលរដ្ឋ​មក​ចូលរួម​ជួយ​សម្រួល រួមជាមួយ​និង​ប្រជា​ការពារ​ផងដែរ ។ ទោះ​យ៉ាង​ក៏ដោយ លោក​លី សំណាង ប្រាប់​ខ្ញុំ​ថា ថ្ងៃ​អនាគត គាត់​ចង់​មាន​ការងារ​ធ្វើ​មួយ​សមរម្យ ទោះបីជា​ការងារ​អ្វី​ក៏ដោយ ដើម្បី​ចិញ្ចឹម​ខ្លួន​គាត់​និង​គ្រួសារ ៕

ព័ត៌មានផ្សេងទៀត