ចិន​អំពាវនាវ​ជាថ្មី​​ឲ្យ​អាមេរិក​និង​កូរ៉េខាងជើង​​ចរចា​គ្នា​

ដោយ៖ ពេញ ផេង 13-10-2017 11:19 am 1857
លោកដូណាល់ ត្រាំ(ឆ្វេង)​និងលោកគីម​ ជុងអ៊ុន

​ក្រសួងការបរទេស​ចិន​បានចេញ​សេចក្ដីអំពាវនាវ​ជាថ្មី ឲ្យ​សហរដ្ឋអាមេរិ​កនិង​កូរ៉េខាងជើង ងាក​មករក​កិច្ចចរចា​ឡើងវិញ ដើម្បី​ដោះស្រាយ​បន្ធូរបន្ថយ​ភាព​តានតឹង​លើ​ឧបទ្វីប​កូរ៉េ​។​ការអំពាវនាវ​នេះ ជា​ការឆ្លើយតប​នឹង​របាយការណ៍​ដែលថា រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង បាន​បដិសេធ​មិន​ព្រម​ចរចា​ជាមួយ​អាមេរិក លើ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​អ្នកស្រី​Hua Chunying បាន​និយាយ​ពេលធ្វើ​សន្និសីទកាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ស្ថានភាព​នៅលើ​ឧបទ្វីប​កូរ៉េ​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ធ្ងន់ធ្ងរ ក្លាយជា​វដ្ដ​នៃ​ការ​បង្កហេតុ​។​មូលហេតុ​ឈានដល់​ចំណុច​នេះ ដោយសារតែ​ភាព​ស្អប់ និង​ការមិន​ទុកចិត្ដ​គ្នា រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង​។​

​លោកស្រី​បានលើកឡើង​ពី​សំណើ​រួម​របស់​ចិន​និង​រុស្ស៊ី ដែល​ទទូច​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​ធ្វើតេស្ដ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល ដូរ​យក​ការផ្អាក​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​របស់​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង​។​បើ​ធ្វើដូច្នេះបាន នោះ​អាចជួយ​គ្រប់គ្រង​ស្ថានការណ៍​ព្រួយបារម្ភ​របស់​ភាគី​នានា ហើយក៏​អាច​ដោះស្រាយបាន​ភាពលំបាក​នា​ពេលបច្ចុប្បន្ន​ដែរ​។​

​សូមបញ្ជាក់ថា អាមេរិក​និង​កូរ៉េខាងជើង បាន​បោះពាក្យ​គំរាម​គ្នា​ទៅវិញទៅមក មាន​ទាំង​គំរាម​ធ្វើសង្គ្រាម​ផងដែរ ដែល​បណ្ដាលឲ្យ​ប៉ះពាល់​កាន់តែខ្លាំ​ងដល់​ស្ថិរភាព​នៅលើ​ឧបទ្វីប​កូរ៉េ និង​ស្ថិរភាព​នៅក្នុង​តំបន់​។​ចិន​ត្រូវបាន​អាមេរិក​ស្នើឲ្យ​ជួយ​ពន្យល់​ណែនាំ​កូរ៉េខាងជើង​ក្នុងនាម​ជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​កូរ៉េខាងជើង កុំឲ្យ​បន្ដ​ឥរិយាបថអរិភាព​ទៀ​ត​។​តែ​ចិន​នៅ​មិនទាន់​ជួយ​អ្វី​បាន​ច្រើន ក្រៅពី​ការដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច ឈប់​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត