ចាប់ពី​ថ្ងៃនេះ​ រាជធានី​-​ខេត្ត​​ជាច្រើន​​អាច​ប្រឈម​​​ជំនន់​​ទឹក​​ភ្លៀង​​ម្តង​ទៀត​​

ដោយ៖ អឿន ភារ៉ា 13-10-2017 10:48 am 634

​​មិន​ខុសពី​ការព្យាករណ៍​ទុក​ប៉ុន្មាន គេ​សង្កេតឃើញថា ចាប់​ចូលដល់​ថ្ងៃទី​១៣ ខែតុលា​នេះ​ភ្លាម ផ្ទៃមេឃ​ហាក់​មាន​សភាព​អាប់អួរ ដែលជា​សញ្ញា​បង្ហាញថា នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់​។​

កាលពីដើម​សប្តាហ៍​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្រមាន​ពី​ជំនន់​ទឹកភ្លៀង​ម្តងទៀត​។ ក្រសួង​បាន​តាន​ដាន​ពី​ស្ថានភាព​អាកាសធាតុ ឃើញថា ប្រព័ន្ធ​សម្ពាធ​ទាប​បាននិងកំពុង​បន្ត​អូស​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ហើយ​វិសម្ពាធ​ទាប​នៅ​សមុទ្រចិន​ខាងត្បូង បាន​រំកិល​ខ្លួន​មកកាន់​តំបន់ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​កណ្តាល និង​ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​កំពុង​អូស​កាត់​ពីលើ​ប្រទេស​ហ្វីលីពីន ចូលក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជា​បន្តបន្ទាប់​នឹង​ធ្វើឲ្យ​ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​មាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា​កាន់តែខ្លាំង និង​ច្រើន​ថ្ងៃ​បន្ថែមទៀត​។ 

​ក្នុងស្ថានភាព​បែបនេះ ក្រសួង​ធនធានទឹក បញ្ជាក់ថា ផ្ទៃមេឃ​មាន​សភាព​អាប់អួរ ដែល​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដែល​អាច​អូសបន្លាយ​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​២២ ខែតុលា​។ ក្រសួង​អះអាងថា អំឡុង​ពេលនេះ រាជធានី​-​ខេត្ត​ជាច្រើន អាច​ប្រឈម​នឹង​ការ​ជន់​លិច​សារជាថ្មី ជាពិសេស បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​មួយចំនួន ដែល​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ ពីព្រោះ​បរិមាណ​ទឹកភ្លៀង​នឹង​ជម្រុញ​ឲ្យ​ទឹកទន្លេ​ហក់​ឡើង​ខ្លាំង​។​

​ជាមួយគ្នានេះដែរ ក្រសួង​ធនធានទឹក បាន​រាយការណ៍​ឱ្យដឹងថា នា​វេលា​ទៀបភ្លឺ​ថ្ងៃទី​១៣ ខែតុលា​នេះ បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​យ៉ាងគំហុក ក្នុង​កម្រិត ៧២​មីល្លីម៉ែត្រ បាន​បង្កឲ្យមាន​ជំនន់​ទឹកភ្លៀង លិចលង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយចំនួន នៅក្នុង​ឃុំ​ឆែ​ប ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។

​សូម​រំឭក​បន្តិច​ថា កាលពី​អំឡុង​សប្តាហ៍​កន្លងទៅ ទឹកភ្លៀង​បាន​ធ្លាក់​យ៉ាងគំហុក​បង្កឲ្យមាន​ជំនន់​ទឹកភ្លៀង​ជាច្រើន​កន្លែង​។ ជាពិសេស ខេត្ត​បន្ទាយមានជ័យ​បាន​រង​ការ​ជន់​លិច​ខ្លាំងជាងគេ ក្នុងនោះ មាន​២០​ភូមិ ស្ថិតនៅ​ឃុំ​ចំនួន​៥ ដែល​ធ្វើឲ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​ជាង​១​ពាន់​ខ្នង (១,៣៨២​ខ្នង​) និង​ដំណាំ ៣​ហិកតា រួមទាំង​សម្ភារៈ​ផ្សេងៗ​ទៀត ត្រូវបាន​លិចលង់​ដោយសារ​ទឹកភ្លៀង​៕

ព័ត៌មានផ្សេងទៀត