រកឃើញ​សារ​ធាតុគីមី​គ្រោះថ្នាក់ ​នៅក្នុង​មី​លឿង​​និង​ជ្រក់​នៅ​ផ្សារ​​ដើមគរ​

ដោយ៖ អ៊ុន សុខឡា 13-10-2017 10:20 am 3202
សកម្មភាពមន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យចំណីអាហារនៅផ្សារដើមគរកាលពីថ្ងៃទី១២ខែតុលា(រូបភាពពីហ្វេសប៊ុក)

​មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​កាលពី​ថ្ងៃទី​១២​ខែតុលា​បាន​ចុះ​ពិនិត្យ ចំណីអាហារ​ជិត​១០០ មុខ នៅ​ផ្សារ​ដើមគរ​។ នៅក្នុង​ប្រតិបត្តិការ​នេះ គេ​បាន​យក​ទំនិញ​ចំនួន​៨២​មុខ ពី​ក្រុមអាជីវករ ទៅពិនិត្យ ក្នុង​មន្ទីរពិសោធន៍​រថយន្ដ​ចល័ត ដោយបាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់ នៅក្នុង​ទំនិញ​ចំនួន​បី​មុខ រួមមាន មី​ពណ៌​លឿង​ជាច្រើន​គីឡូក្រាម ដែលមាន​ផ្ទុក​ជាតិគីមី​បូរ៉ាក់ ស្បៃ​ជ្រក់ និង​ជ្រក់ត្រសក់ មាន​ជាតិ​សាលី អាស៊ី​ត ដែល​សារធាតុ​ទាំងនេះ​នឹង​ធ្វើឲ្យមាន​ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​សុខភាព​របស់​អ្នក​បរិភោគ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​គង់ វុទ្ធី​អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​។​

​បន្ទាប់ពី​ពិនិត្យ​រកឃើញ​មាន​សារ​ធាតុគីមី​គ្រោះថ្នាក់​នេះ មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​រឹបអូស​យក​អាហារ​ទាំងនេះ និង​ឲ្យ​អាជីវករ​ចុះកិច្ចសន្យា​ឈប់​លក់ និង​បង្ហាញ​ប្រភពពី​ម្ចាស់​ដើម និង​ម្ចាស់​សហគ្រាស​ដែល​ផលិត​ទំនិញ​ទាំងនោះ​។ ជាមួយគ្នា​នោះ អនុប្រធាន​សាខា ក៏បាន​ណែនាំ​ដល់​ក្រុមអាជីវករ​ទាំងអស់ ត្រូវ​ដាក់តាំង​លក់​ផលិតផល ម្ហូបអាហារ និង​ទំនិញ​ឲ្យ​ត្រូវតាម​លក្ខណៈ បច្ចេកទេស ដោយ​ញែក​ចេញ​ពីគ្នា រវាង​គ្រឿង​ប្រើប្រាស់​ដែល​ផ្ទុក​សារធាតុពុល និង​ម្ហូបអាហារ ហាម​ការ​ដាក់តាំង​ផលិតផល​ភេសជ្ជៈ​ត្រូវ​កំដៅថ្ងៃ និង​ការ​ដាក់លក់​ផលិតផល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។លោក​បាន​អំពាវនាវ​ដល់ អាជីវករ អ្នក​ចែកចាយ​លក់ដុំ លក់រាយ អ្នក​ផលិត​នាំចូល​ចែកចាយ ត្រូវតែមាន​ប្រភព​ច្បាស់លាស់​សិន​មុននឹង​ទទួល​លក់​បន្ដ ហើយ​បញ្ឈប់​ការដាក់​លក់​ផលិតផល ម្ហូប អាហារ​ដែលមាន សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។​

​កន្លងមក​នៅក្នុង​ប្រតិ​ប​ត្ត​ការចុះ​ត្រួតពិនិត្យ​ទំនិញ​នៅក្នុង​ផ្សារ​នានា មន្ត្រី​កាំកុងត្រូល​ក៏បាន​រកឃើញ ចំណីអាហារ​មួយចំនួន មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​សុវត្ថិភាព​ចំណីអាហា​រដែរ​។ មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ សហការ​ជាមួយ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម គណៈកម្មការ​ផ្សារ ដែល​បាន​ចុះ​អង្កេត​ទីផ្សារ នៅ​ផ្សារ​ចាស់ ផ្សារ​ទួល​ទំពូង និង ផ្សារ​ទំនើប កាលពី​ថ្ងៃទី​១១​ខែតុលា ក៏បាន​ដកហូត​ទឹក​គោ​ជូរ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ៤៥​កំប៉ុង នំប៉័ង​សាំង​វិច​ចំនួន​១​ប្រអប់​ផងដែរ​។​

​សូមបញ្ជាក់ថា បញ្ហា​សុវត្ថិភាព​ចំណីអាហារ​នេះ ពិសេស​អាហារ បន្លែបង្ការ ដែលមាន​ផ្ទុក​សារ​ធាតុគីមី បាន​ក្លាយជា​ការចាប់អារម្មណ៍​ជាខ្លាំង ដែល​កន្លងមក​ប្រជាពលរដ្ឋ​ជាទូទៅ សំណូមពរ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់ ព្រោះ​ចំណីអាហារ បន្លែបង្ការ​ដែលមាន​ផ្ទុក​សារ​ធាតុគីមី គឺជា​ឃាតក​លាក់​មុខ បំផ្លាញ​សុខភាព​ពលរដ្ឋ​ដោយ​មិន​ដឹងខ្លួន​។ កាលពីពេល​ថ្មី​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ក៏បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការទិញ​បន្លែបង្ការ​មាន​ជាតិគីមី ដើម្បី​បញ្ចប់​ការនាំ​ចូល​បន្លែបង្ការ មាន​ជាតិគីមី​ពី​ប្រទេសជិតខាង ឬ​មុននឹង​ទិញ​ត្រូវ​ពិនិត្យឲ្យ​បានច្បាស់លាស់​៕

 


ព័ត៌មានផ្សេងទៀត