អាមេរិក​​ប្រកាស​​ដកខ្លួន​​ចេញពី​UNESCO​​តែ​សុំ​ធ្វើ​​អ្នក​អង្កេត​ការណ៍​

ដោយ៖ ពេញ ផេង 13-10-2017 9:27 am 314
រូបភាពទីស្នាក់ការអង្គការយូណេស្កូ​នៅក្នុងទីក្រុង​ប៉ារីស​ប្រទេស​បារាំង

​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក ដែល​ចេញ​កាលពី​ថ្ងៃទី​១២​តុលា​នេះ បាន​បញ្ជាក់ថា​អាមេរិក​គ្រោង​នឹង​ដកខ្លួន​ចេញពី​អង្គការ​UNESCO​ហើយ​។​សេចក្ដីថ្លែងការណ៍​បាន​បញ្ជាក់ថា​ការ​សម្រេចចិត្ដនេះ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៨ ហើយ​ក្រោយ​ដកខ្លួន អាមេរិក​ស្នើសុំ​ចូលរួម​ជាមួយ​រដ្ឋ​ដទៃទៀត​ដែល​មិនមែនជា​សមាជិក​ធ្វើជា​អ្នក​អង្កេត​ការណ៍​វិញ​។​

​វា​ក៏​ជា​ការឆ្លុះបញ្ចាំង​ផងដែរ​ពី​ការព្រួយបារម្ភ​របស់​អា​មេរិក ចំពោះ​បំណុល​ដែល​កំពុង​កើនឡើង​នៅ​អង្គការ​មួយ​នេះ និង​ត្រូវ​ការធ្វើកំណែទម្រង់​ជា​មួលដ្ឋាន ព្រមទាំង​ព្រួយបារម្ភ​ពី​ភាពលម្អៀង​របស់​អង្គការ​UNESCO ដែល​បន្ដ​ប្រឆាំងនឹង​អ៊ីស្រាអែល​។​

​សូមបញ្ជាក់ថា អាមេរិក​បាន​ដកខ្លួន​ចេញពី​អង្គការ​UNESCO​ម្ដងមកហើយ​ក្នុង​ឆ្នាំ​១៩៨៤ ដោយ​និយាយថា​អង្គការ​នេះ​បរាជ័យ​ក្នុង​ការគ្រប់គ្រង​យុត្ដិធម៌​នយោបាយ ប៉ុន្ដែ​បាន​ចូល​វិញ​ក្នុង​ឆ្នាំ​២០០៣​។​អាមេរិក​បានបញ្ចប់​ការផ្ដល់​មូលនិធិ​ដល់​អង្គការ​UNESCO បន្ទាប់ពី​​បាន​បោះឆ្នោត​បញ្ចូល​ប៉ាឡេ​ស្ទីន​ជា​សមាជិក​ក្នុង​ឆ្នាំ​២០១១។

អង្គការ​យូណេស្កូ​មកពី​ភាសា​អង់គ្លេស​UNESCO ជា​ពាក្យ​បំព្រួញ​របស់​United Nations Educational Scientific and Cultural Organization បកប្រែ​ជា​ភាសា​ខ្មែ​រថា អង្គការ​សិក្សា​វិទ្យាសាស្ត្រ​អប់រំ និង​វប្បធម៌​នៃ អង្គការសហប្រជាជាតិ​។ អង្គការ​នេះ​ជា​ទីភ្នាក់ងារ​ពិសេស​របស់​អង្គការសហប្រជាជាតិ ដែល​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៤៥​។

​គោលបំណង​របស់​អង្គការ​នេះ​គឺ​បង្រួបបង្រួម​ឲ្យមាន​សន្តិភាព ស្ថិរភាព ដោយ​លើកតម្កើង​ឲ្យមាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ អប់រំ វិទ្យាសាស្ត្រ និង វប្បធម៌ ជាពិសេស​ការគោរព​ជា​សកល​ដើម្បី​ឲ្យមាន​យុត្តិធម៌ មាន​ការគោរព​ច្បាប់ និង​សិទ្ធិមនុស្ស​។​

អង្គការ​យូណេសស្កូ​មាន​សមាជិក​១៩៣​ប្រទេស​និង​៦​សមាគម។ អង្គការ​នេះ​មាន​ទីតាំងនៅ​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង ដែលមាន​ការិយាល័យ​ចំនួន​៥០​ផ្នែក វិទ្យាស្ថាន និង​មជ្ឈមណ្ឌល​ពិសេសៗ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​។​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​នេះ​នៅ​ឆ្នាំ​១៩៥១ ហើយ​បាន​បើក​ការិយាល័យ​នៅ​ឆ្នាំ​១៩៩១៕

ព័ត៌មានផ្សេងទៀត