ក្រសួងសុខាភិបាលថាគ្រាប់បែកគីមីធ្វើឲ្យក្មេង៣នាក់មានជំងឺខុសប្រក្រតីពីកំណើត

ដោយ៖ ទ្រី សីហៈ 12-10-2017 10:39 pm 1046
កុមារទាំងបីនាក់ ដែលក្រសួងសុខាភិបាល អះអាងថា មានជំងឺដោសារគ្រាប់បែកគីមី។ រូបថត៖ ក្រសួងសុខាភិបាល

កុមារចំនួន៣នាក់ មានជំងឺខុសប្រក្រតីប្រចាំកាយតាំងពីកំណើត ត្រូ​វបានក្រសួងសុខាភិបាលអះអាងថា បណ្ដាលមកពីឥទ្ធិពលគ្រាប់បែកគីមី។ កុមារទាំងនោះមានអាការៈដូចជា មាត់វៀច ក្បាលធំខុសប្រក្រតី និងកើតរមាស់លើស្បែកតាំងពីកំណើត។ ពួកគេរស់នៅក្នុងឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង ជាតំបន់ដែលកំពុងរុករកឃើញ គ្រាប់បែកគីមីជាបន្តបន្ទាប់ ដែលអាជ្ញាធរអះអាងថា ត្រូវបានទម្លាក់ដោយសហរដ្ឋអាមេរិក កាលពីសម័យសង្គ្រាម។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល មិនមានចុះកាលបរិច្ឆេទ ដែលវិទ្យុវាយោទទួលបាននៅថ្ងៃទី១២ ខែតុលា ឲ្យដឹងថា ក្មេងទាំង៣នាក់ ខាងលើត្រូវបានរកឃើញក្រោយមន្ត្រីជំនាញ ចុះស្រាវជ្រាវ និងពិនិត្យសុខភាព ដល់ប្រជាពលរដ្ឋ ក្នុងឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា មិនមែនមានតែកុមារ៣នាក់ខាងលើនោះទេ ដែលរងផលប៉ះពាល់ពីគ្រាប់បែកគីមី។ លោកបន្តថា ក្រុមការងាររបស់លោក នឹងបន្តស្រាវជ្រាវ និង​ពិនិត្យសុខភាព ជូនពលរដ្ឋ ដែលបាននៅក្បែរគ្រាប់បែកគីមី ជាច្រើនឆ្នាំមកហើយ។

ក្រសួងសុខាភិបាល បានណែនាំដល់ពលរដ្ឋឲ្យចេញឆ្ងាយពីគ្រាប់បែកគីមី និងមិនត្រូវឲ្យកូនចៅរើសគ្រាប់បែកយកមកលេងនោះឡើយ។ ក្នុងករណីកើតមានរោគសញ្ញាខុសប្រក្រតី ឬមានកុមារកើតមកមានរូបរាងខុសប្រក្រតី ក្រសួងណែនាំដល់ប្រជាពលរដ្ឋរួសរ៉ាន់ ទៅកាន់មន្ទីពេទ្យដើម្បីពិនិត្យ។

 

 

ព័ត៌មានផ្សេងទៀត