ប្រមុខ​ការ​ទូត​ថា ត្រូវ​មើល​​ឲ្យបាន​​គ្រប់​ជ្រុងជ្រោយ​ ជុំវិញ​​ស្ថានភាព​​នៅ​កម្ពុជា​​

ដោយ៖ អឿន ភារ៉ា 12-10-2017 5:50 pm 2601

ស្ថានការណ៍​កម្ពុជា រយៈពេល​ចុងក្រោយ​នេះ កំពុង​រង​ការរិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​។ ប្រទេស​មហាអំណាច ដូចជា សហរដ្ឋអាមេរិក សភាព​អឺរ៉ុប អូស្ត្រាលី​ជាដើម ហាក់​កំពុង​សម្លឹងមើល​មក​កម្ពុជា​ក្នុង​ផ្លូវ​អវិជ្ជមាន ក្រោយពី​កម្ពុជា ចាត់វិធានការ​បញ្ឈប់​សកម្មភាព​អង្គការ​មួយចំនួន បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ វិទ្យុ កាសែត និង​ករណី​ចាប់ខ្លួន​លោក​កឹម សុខា រួមទាំង ការប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​ចោល​ផង​នោះ​។ តប​នឹង​ការរិះគន់​ពី​អន្តរជាតិ​នេះ​ប្រមុខ​ការទូត​កម្ពុជា ស្នើឲ្យ​មហាអំណាច​ទាំងនោះ វិនិច្ឆ័យ​ពី​បញ្ហា​ដែល​កើតឡើង​នៅ​កម្ពុជា​ដោយ​យុត្តិធម៌ និង​មើល​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​។

​ករណី​ចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​នេះ បានធ្វើឲ្យ​រង្គោះរង្គើ​យ៉ាងខ្លាំង​ដល់​សហគម​ន៍​អន្តរជាតិ ដែល​នេះ​ជា​ការវិវត្តន៍​ចុងក្រោយ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​បញ្ឈប់​សកម្មភាព​អង្គការ​មួយចំនួន បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ វិទ្យុ​និង​កាសែត​មួយចំនួន​។ សកម្មភាព​ទាំងនេះ បាន​កើតឡើង​មុននឹង​ការបោះឆ្នោត​ឆ្នាំ​២០១៨​បន្តិច ដែល​ធ្វើឲ្យ​ការរិះគន់​ជាខ្លាំង​ទៅលើ​គណបក្សកាន់អំណាច​ថា ការធ្វើ​ដូច្នេះ​ជាការ​រឹតត្បិត​សិទ្ធិសេរីភាព និង​ព្យាយាម​បំបាត់​ដៃគូ​ប្រកួតប្រជែង​ដ៏​ខ្លាំង​របស់ខ្លួន ដើម្បី​ឈ្នះ​ការបោះឆ្នោត​យ៉ាង​ងាយស្រួល​។​

​មែនទែនទៅ សហគមន៍​អន្តរជាតិ រួមមាន សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី រួមទាំង​អង្គការ​អន្តរជាតិ​មួយចំនួនទៀត បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង​ទៅលើ​ជោគវាសនា​លទ្ធិប្រជាធិបតេយ្យ​ក្មេងខ្ចី​នៅ​ប្រទេស​កម្ពុជា ជាពិសេស គឺ​ការបោះឆ្នោតជាតិ​ដែល​នឹង​ធ្វើឡើង​នៅសល់​មិន​ដល់​មួយឆ្នាំ​ទៀតផង​នោះ​។​ពួកគេ​យល់ថា ការវិវត្តន៍​ថ្មី​បំផុត​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ចាប់ខ្លួន​លោក​កឹម សុខា​នេះ​ថា ជាការ​គំរាម​ផ្នែក​នយោបាយ និង​ការ​ដាក់ពាក្យ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការដក​បក្សប្រឆាំង​ចេញពី​ឆាកនយោបាយ​កម្ពុជា​ដោយ​បង្ខំ​និង​ជា​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រលើ​លទ្ធិប្រជាធិបតេយ្យ​ដែល​អាចធ្វើឲ្យ​បាត់បង់​នូវ​ប្រសិទ្ធិភា​ពនៃ​ដំណើ​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ​។

​ជាថ្មី​ម្តងទៀត សហគមន៍​អន្តរជាតិ​ទាំងនោះ ទទូច​សុំឲ្យ​ដោះលែង​ប្រធាន​គណបក្សប្រឆាំង​ឡើងវិញ និង​ធានាឲ្យមាន​បរិយាកាស​នយោបាយ​ល្អ​ប្រសើ​រមួយ ដើម្បីឲ្យ​ដំណើរការ​បោះឆ្នោត​ខាងមុខ មាន​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​តបត​ទៅនឹង​ការរិះគន់​របស់​អន្តរជាតិ​ប្រមុខ​ការទូត​កម្ពុជា ស្នើឲ្យ​មហាអំណាច​ទាំងនោះ វិនិច្ឆ័យ​ពី​បញ្ហា​ដែល​កើតឡើង​នៅ​កម្ពុជា​ដោយ​យុត្តិធម៌ និង​មើល​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក នាពេល​ថ្មីៗ​នេះ លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ លើកឡើងថា កម្ពុជា​ចង់​ស្នើឲ្យ​ប្រទេស​មហាអំណាច​មួយចំនួន វិនិច្ឆ័យ​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដោយ​យុត្តិធម៌​ពីព្រោះ​លោក​ថា មាន​ការពិនិត្យ​ពិចារណា​ការវាយតម្លៃ​ចំពោះ​សភាពការណ៍​នៅ​កម្ពុជា តាមតែ​របៀប​ម្យ៉ាង​ដោយ​មិនបាន​មើល​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​។​

លោកប្រាក់ សុខុន

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវតែ​គោរព​និង​អនុវត្ត​ទៅតាម​ច្បាប់​ជាធរ​មាននៅ​កម្ពុជា ពិសេស​គឺ​រក្សា​ឲ្យបាន​នូវ​សន្តិភាព ស្ថិរភាព​និង​ការពារ​ឲ្យបាន​នូវ​អធិបតេយ្យភាពឯ​ករា​ជ្យភាព​របស់​ប្រទេស​យើង​ប្រឆាំង​ទៅនឹង​ការ​លូកលាន់​ការជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​យើង​»​។ លោក​បញ្ជាក់ថា រដ្ឋាភិបាល​មាន​ការចាំបាច់​ក្នុង​ការគិតគូរ​អនុវត្ត​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ​ពីព្រោះ​ច្បាប់​នៅ​កម្ពុជា​មាន​ច្រើន​ប៉ុន្តែ​លោក​ថា ច្បាប់​នោះ​មិន​ត្រូវបាន​គោរព​ដោយ​ពេញលេញ​ទេ​។​

​ថ្លែងប្រាប់​វិទ្យុ​ដដែល​នេះ លោក​ប្រាក់ សុខុន​បញ្ជាក់ថា​មុននឹង​ឈាន​មកដល់​បញ្ហា​ចុងក្រោយ​នេះ​គឺ​កម្ពុជា​បាន​ដើរ​តាមផ្លូវ​មួយ​ប្រកបទៅដោយ​ស្ថិរភាព​សន្តិភាព ដូចជា​ការបោះឆ្នោត​ឃុំ សង្កាត់​កន្លងទៅ ដែល​ប្រទេស​មួយចំនួន​ទទួលស្គាល់ ហើយ​គ្រប់​គណបក្ស​ទាំងអស់​ក៏បាន​ទទួលយក​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះដែរ​។​ជុំវិញ​រឿងរ៉ាវ​របស់លោក​កឹម សុខា ដែល​អន្តរជាតិ​រិះគន់​យ៉ាង​ចាស់ដៃ​មកលើ​អាជ្ញាធរ​កម្ពុជា​នោះ ប្រមុខ​ការទូត​កម្ពុជា​រូបនេះ ថ្លែងប្រាប់​បន្តថា គឺមាន​ការប្រជុំ​ធំ​ណាស់​មុននឹង​ឈានដល់​ការចាប់ខ្លួន​មេបក្ស​ប្រឆាំង​នេះ​។​

​លោក​បន្ថែមថា​៖ «​ថ្នាក់ដឹកនាំ​ប្រទេសជាតិ​សឹង​ទាំងមូល​ប្រជុំគ្នា​ដើម្បី​ពិភាក្សា​។ មិនមែនជា​ការសម្រេច​ធ្វើ​ការចាប់ខ្លួន​ដោយ​អត្តនោម័ត​ពី​បុគ្គល​ណាមួយ​នោះទេ​។ មានការ​ប្រជុំគ្នា មាន​ការកោះហៅ​អ្នក​ច្បាប់កំពូលៗ​របស់​ប្រទេស​មក ដើម្បី​ពិភាក្សាគ្នា ហើយ​រកឃើញថា មាន​ទោសកំហុស​អញ្ចឹង​មែន​។ ប៉ុន្តែ​ប្រតិកម្ម​ពី​ខាងក្រៅ​មើលទៅ​ថា ការចាប់ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង វា​ជា​អំពើ​មួយ​ដែល​អាចជា​ការ​រឹតត្បិត​ការចូលរួម​របស់​គណ​បក្សប្រឆាំង​ពី​សំណាក់​រដ្ឋាភិបាល​។ អាហ្នឹង​ក៏​អាច​។​»

​លោក​ប្រាក់ សុខុន អះអាងថា លោក​ក៏​ធ្លាប់បាន​ប្រជុំ​ជាមួយ​អង្គទូត​ទាំងអស់​ប្រាប់​អំពី​មូលហេតុ​នៃ​ការចាប់ខ្លួន​របស់លោក​កឹម សុខា​ដែរ​។ តែ​ទោះជា​យ៉ាង លោក​ថា នៅតែ​មានប្រតិកម្ម​ជា​ហូរហែរ ដែល​ត្រង់ចំណុច​នេះហើយ លោក​ថា «​ឲ្យមើល​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ កុំឲ្យ​មើលតែ​ម្ខាង​ពីព្រោះ​យើង​ធ្វើ​នេះ ធ្វើ​ស្របទៅតាម​ច្បាប់​»​។​

​គួរ​បញ្ជាក់ថា បើទោះបីជា​សហគមន៍​អន្តរជាតិ និង​អង្គការសិទ្ធិមនុស្ស​មួយចំនួនទៀត​មើលឃើញ​ពី​ដំណើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ប៉ុន្តែ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ទៅ​បណ្តា​ប្រទេស​ទាំងនោះ​ឲ្យ​បញ្ឈប់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដោយ​លោក​ថា​ផ្លូវ​ដែល​រដ្ឋាភិបាល​ដើរ​បច្ចុប្បន្ន ជា​ការអនុវត្តន៍​ច្បាប់​និង​ដើម្បី​ការពារ​សន្តិភាព​៕

ព័ត៌មានផ្សេងទៀត