បញ្ហា​​អាកាស​ធាតុ​​នាំ​ឲ្យ​​ក្រសួង​​ទេសចរណ៍​បារម្ភ​​ពី​សុ​វត្ថិ​​ភាព​​ភ្ញៀវ​ទេសចរ​​

ដោយ៖ សេង បារាំង 12-10-2017 5:32 pm 272

​ក្រសួងទេសចរណ៍​ឱ្យ​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំងអស់ ធ្វើ​ការផ្សព្វផ្សាយ និង​ណែនាំ​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ភ្ញៀវទេសចរ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់ និង​ជំងឺ​ផ្សេងៗ​ដែល​កើតឡើង​ជាយថាហេតុ ក្នុង​ការធ្វើដំណើរ​កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍​នានា ក្នុងប្រទេស​កម្ពុជា​។​

​ការណែនាំ​របស់​ក្រសួងទេសចរណ៍​នេះ ធ្វើឡើង​ក្រោយពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាកា​រណ៍ថា ប្រទេស​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​បាន​នឹង​កំពុង​បន្ត​អូស​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ សម្ពាធ​នេះ អាច​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧​។ លក្ខណៈ​បែបនេះ​នឹង​ធ្វើឱ្យ​ផ្ទៃមេឃ​នៅក្នុង​ប្រទេស​កម្ពុជា មាន​ស្ថានភាព​អាប់អួ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និង​រាជធានី​-​ខេត្ត​ជាច្រើន​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។​

​ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់ថា ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ក្នុងប្រទេស​កម្ពុជា ជាពិសេស​បណ្ដា​រាជធានី​-​ខេត្ត​ដែល​ទទួលរង​ឥទ្ធិពល​ខាងលើ ត្រូវធ្វើ​ការផ្សព្វផ្សាយ និង​ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ធ្វើដំណើរ​កម្សាន្ត​។​

​សូមបញ្ជាក់ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយបាន​ព្យាករណ៍​អំពី​ស្ថានភាព​អាកាសធាតុ​ថា កម្ពុជា​នឹង​ទទួលរង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប នៅ​ភាគ​ខាងជើង ចាប់ពី​ថ្ងៃទី​១១ ខែតុលា ដែល​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​នៅ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​១៣ ដល់​២២ ខែតុលា ឆ្នាំ​២០១៧​។ តាម​ការព្យាករណ៍​នេះ រាជធានី និង​ខេត្ត​ជាច្រើន​របស់​កម្ពុជា អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ចំណែក​ទឹកទន្លេ ក៏​នឹង​ហក់​ឡើង​ជាថ្មី​ផងដែរ​៕

ព័ត៌មានផ្សេងទៀត