រថយន្ដក្រុង​​នឹង​កាន់តែ​​ងាយស្រួល​​ក្នុង​ការធ្វើដំណើរ​​ឆ្លងកាត់​​ប្រទេស​​សមាជិក​អាស៊ាន​

ដោយ៖ ពេញ ផេង 12-10-2017 4:00 pm 485
​ឧបនាយករដ្ឋមន្ដ្រី​សិង្ហ​បុរី​លោក​Teo Chee Hean​នៅក្នុង​អង្គប្រជុំ

​កិច្ចប្រជុំ​រដ្ឋមន្ដ្រីក្រសួង​ដឹ​កញ្ជូន​អាស៊ាន​លើកទី​២៣ បាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី ពី​ថ្ងៃទី​១២-១៣ ខែតុលា ឆ្នាំ​២០១៧​នេះ​។​កិច្ចប្រជុំ​មាន​ពិភាក្សា​ពី​បញ្ហា​ជា​អាទិភាព​មួយចំនួន​នៅក្នុង​តំបន់ ដោយ​ក្នុងនោះ​មាន​កិច្ចព្រមព្រៀង​សំខាន់​មួយ​ដែរ គឺពាក់ព័ន្ធ​នឹង​ការ​ចរាចរ​​រថយន្ដក្រុង​ឆ្លងកាត់​ប្រទេស​ជា​សមាជិក​អាស៊ាន​។​

​តាម​ការបញ្ជាក់​ពី​ឧបនាយករដ្ឋមន្ដ្រី​សិង្ហ​បុរី​លោក​Teo Chee Hean​នៅក្នុង​អង្គប្រជុំ លោក​ថា​នៅ​ថ្ងៃទី​១៣​តុលា នឹងមាន​ពិធី​ចុះ​កិច្ចព្រមព្រៀង​រវាង​សមាជិកសមាគម​អាស៊ាន ដើម្បី​ជំរុញឲ្យមាន​ភាពងាយស្រួ​ល សម្រាប់​រថយន្ដក្រុង​ដែល​ធ្វើដំណើរ​នៅក្នុង​តំបន់​អាស៊ាន​។​លោក​ឧបនាយករដ្ឋមន្ដ្រី​បន្ថែមថា កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាតឲ្យ​រថយន្ដក្រុ​ង​រាប់ពាន់​គ្រឿង ចរាចរ​ដឹកជញ្ជូន​អ្នកដំណើរ​ទៅកាន់​ប្រទេស​ជា​សមាជិក កាន់តែ​ស្រួល​ជាង​មុន​។​

​កិច្ចព្រមព្រៀង​ក្របខណ្ឌ​អាស៊ាន សម្រាប់​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​យានយន្ដ​ចរាចរ​តាម​ផ្លូវថ្នល់ គឺជា​កតិកាសញ្ញា​ដ៏​សំខាន់​មួយ បង្ហាញ​ដល់​សហគមន៍​អន្ដរជាតិ​ថា អាស៊ាន​កំពុង​ប្ដេជ្ញា​ជំរុញឲ្យមាន​ការបើក​ទូលាយ​លើ​វិស័យសេដ្ឋកិច្ច ការរួមបញ្ចូល​គ្នា ហើយ​នឹងធ្វើ​សេរីភាវូបនីយកម្ម​បន្ថែមទៀត​។​នេះ​បើតាម​ការលើកឡើង​របស់លោក​Teo Chee Hean​។​

​កិច្ចព្រមព្រៀង​មួយចំនួនទៀត ដែល​នឹងធ្វើ​សេរីភាវូបនីយកម្ម​ហោះហើរ​ក្នុង​តំបន់ និង​ការបង្កើន​សុវត្ថិភាព ប្រសិទ្ធភាព នៃ​ការធ្វើដំណើរ​តាម​អាកាស​ក្នុង​តំបន់​អាស៊ាន រំពឹងថា​នឹងត្រូវ​ចុះហត្ថលេខា​ផងដែរ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ដឹកជញ្ជូន​លើក​ទី​២៣​នៅ​សិង្ហ​បុរី​។​នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕

ព័ត៌មានផ្សេងទៀត