លោក​សុខ ឥសាន​៖​​ការធ្វើ​វិសោធនកម្ម​ច្បាប់​​មិនមែន​ជា​ការ​ប្លន់​​អំណាច​ទេ​​

ដោយ៖ ខាត់ សុធី 12-10-2017 3:34 pm 7420

​កាលពី​ថ្ងៃទី​១០ តុលា សមាជិក​រដ្ឋសភា ៤៩ រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះហត្ថលេខា​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ គឺ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​,​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​, ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ។​

​តាម​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុងមាន​វត្តមា​ន​នៅឯ​ក្រៅប្រទេស​បាន​និយាយថា ខ្លឹមសារ​នៃ​ការសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង ៤ នេះ​គឺ​ដើម្បី​យក​អាសនៈ​របស់​គណបក្សប្រឆាំង ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេងៗ​តាម​រូបមន្ត​សមាមាត្រ​ដែល​ចែង​ក្នុង​ច្បាប់​ទាំង ៤ ខាងលើ​។​មជ្ឈដ្ឋាន​មួយចំនួន ពិសេស​គណបក្សប្រឆាំង បាន​ហៅ​ករណី​ខាងលើនេះ ថា​ជា​រំលោភច្បាប់ និង​ប្លន់​អំណាច ដោយ​គណបក្ស របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន បាន​ថ្លែងថា ការធ្វើ​វិសោធនកម្ម​ច្បាប់ គឺជា​សំណូមពរ​ចាំបាច់​សម្រាប់ឲ្យ​បណ្តា​ច្បាប់​មាន​សុពលភាព​អនុវត្តន៍​ស្របតាម​សភាពការណ៍​ថ្មី​របស់​ប្រទេសជាតិ ដោយសារ​ការអនុម័ត​កន្លងទៅ មិនអាច​ប្រមើលមើល​បាន​ទុកជាមុន​ថា នឹងមាន​អ្វី​កើតឡើង​នោះទេ​។ ដូច្នេះ​ចាំបាច់​ត្រូវតែ​កែសម្រួល ដោយ​ចៀស​មិន​រួច ។ ការ​វិសោធនកម្ម​ច្បាប់ នៅ​ប្រទេស​ណា ក៏​ដូច​នៅ​ប្រទេស​ណា​ដែរ​នៅលើ​សកលលោក​នេះ​។​

​លោក​សុខ ឥសាន​ថា វា​ជា​រឿង​ធម្មតា​សម្រាប់​ការធ្វើ​វិសោធនកម្ម​ច្បាប់ ឲ្យតែ​ការធ្វើនោះ​អនុវត្ត​ត្រឹមត្រូវ​តាម​សំណូមពរ និង​នីតិវិធី មានចែង​ក្នុង​ច្បាប់ និង​ក្នុង​បទបញ្ជារ​ផ្ទៃក្នុង​រដ្ឋសភា ហើយ​ការអនុម័ត​មាន​សំឡេង​គ្រប់គ្រាន់​តាមច្បាប់​កំណត់ ។​ដូច្នេះ ការធ្វើ​វិសោធនកម្ម​ច្បាប់ គឺជា​ការអនុវត្ត​ច្បាប់ មិនមែនជា​ការរំលោភ​ច្បាប់​ទេ ហើយក៏​មិនមែន​ជាការ​ប្លន់​អំណាច​ដែរ​។ 

​លោក​សុខ ឥសាន ចោទ​សួរថា «ប្លន់​អំណាច​យ៉ាងម៉េច បើ​បក្ស​កាន់អំណាច មានអំណាច​រួចទៅហើយ​នោះ​? បើ​និយាយថា​អ្នក​មិន​មានអំណាច ចង់​ប្លន់​អំណាច ឬ​ប្រើ​គ្រប់​មធ្យោបាយ​រហូតដល់​ហ៊ាន​លក់​ក្បាល​ឲ្យ​បរទេស ដើម្បី​អំណាច​ទើប​ឡូ​ស៊ិ​កជាង​»។​

គួរ​បញ្ជាក់ថា សេចក្តីស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ បាន​ចូលដល់​រដ្ឋសភា​ហើយ​។​ពេលដែល គណៈកម្មាធិការ​អចិន្រៃ្តយ៍ ពិនិត្យ​រួច នឹង​បញ្ជូនទៅ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា ដើម្បី​ពិនិត្យ​សិក្សា​មើលថា តើ​សំណើ​នេះ​វា​សមស្រប​តាម​នីតិវិធី ខ្លឹមសារ​ឬទេ រួច​ធ្វើ​របាយការណ៍​ជូន​គណៈ​អចិន្រៃ្តយ៍​រដ្ឋសភា ដើម្បី​ចាត់ចែង​តាម​នីតិវិធី​បន្តទៀត​៕


ព័ត៌មានផ្សេងទៀត