ពល​​រដ្ឋ​​​រង​​គ្រោះ​​​ពី​​​គម្រោង​​​វា​រី​​​អគ្គិស​​នី​​​សេ​​​សាន​​​ក្រោម​​​២​​ តវ៉ា​​​សុំ​​​រស់​​នៅ​​​កន្លែង​​​ដើម​​​វិញ​​​

ដោយ៖ សេង បារាំង 12-10-2017 2:59 pm 775

​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង នៅ​ភូមិ​ក្បាល​រមាស (​ចាស់​) និង​ភូមិ​ស្រែគរ (​ចាស់​) ខេត្ត​ស្ទឹងត្រែង បាន​ឡើងមក​រាជធានី​ភ្នំពេញ យក​ញត្តិ​ដាក់​ទៅ​ក្រសួង​ចំនួន​៣ ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ដោះស្រាយ​ជូន​ពួកគេ ឱ្យបាន​រស់នៅ​កន្លែង​ដើម​ដដែល​។​ពួកគេ​បាន​លើកឡើងថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ បាន​ធ្វើទុក្ខបុកម្នេញ ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​ចាកចេញ​ពី​ទីនោះ​។ ក្រសួង​ដែល​ពួកគេ​សុំឱ្យ​អន្តរាគមន៍​ដោះស្រាយ​ជូន​នោះ រួមមាន ក្រសួង​រៀបចំ​ដែនដី ក្រសួងមហាផ្ទៃ និង​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា​។​

​យ៉ាងណាក៏ដោយ​បើតាម​ការបញ្ជាក់​ពី​អ្នកស្រី​ស្រាំង ឡា​ញ់ តំណាងឱ្យ​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ថា ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង នៅ​ភូមិ​ក្បាល​រមាស (​ចាស់​) និង​ភូមិ​ស្រែគរ (​ចាស់​) មិន​ព្រម​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ជាដាច់ខាត ទោះបីជា​មាន​ការព្រមាន​ពី​អាជ្ញាធរ ដើម្បី​បណ្ដេញ​ពួកគេ​ចេញ​ក៏ដោយ​។ ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​ក្បាល​រមាស ដែល​រងគ្រោះ​មាន​៥៨​គ្រួសារ រីឯ​ជនជាតិភាគតិច​ឡាវ មាន​៧៨​គ្រួសារ រស់នៅ​ភូមិ​ស្រែគរ ................

​សំឡេង​អ្នកស្រី​ស្រាំ​ង ឡា​ញ់ ៖

​បើតាម​ខ្លឹមសារ​ញត្តិ​របស់​ពួកគេ​បាន​រៀបរាប់ថា ក្រោយពី​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ បាន​សាងសង់ឡើង​ហើយ​បិទ ធ្វើឱ្យ​លិច​ដី​ផ្នែក​ខ្លះ​នៃ​ភូមិ​ស្រែគរ​។ ប៉ុន្តែ​ដីស្រែ​មួយចំនួន និង​ដំណាំ​ផ្សេងៗ​មិនអាច​លិចលង់​ឡើយ ដោយ​សណ្ឋាន​ដី​មាន​កម្ពស់​ខ្ពស់ អាច​រស់នៅ​បាន​បើទោះបី​លិច​តិចតួច​ក៏ដោយ ដូច្នេះហើយ​ទើប​ពួកគេ បដិសេធ​មិន​ចាកចេញ​ពី​ទីនោះ​។ ផ្ទុយទៅវិញ​ពួកគេ​អះអាងថា ទីតាំង​ភូមិ​ថ្មី​ដែល​គម្រោង​បាន​សង់ផ្ទះ​ជូន​ពលរដ្ឋ និង​ផ្ដល់​ដីស្រែ​ទៅវិញ​ទេ​ដែល​កំពុង​ប្រឈម​ទៅនឹង​ការលិចលង់​។​

​នៅក្នុង​ខ្លឹមសារ​ញត្តិ​របស់​ពួកគេ​ដដែល​បាន​គូសបញ្ជាក់ថា ដោយសារតែ​ពលរដ្ឋ​ទាំងចាស់ទាំងក្មេង​នៅ​ទីនោះ​បដិសេធ​មិន​ព្រម​ផ្ដាស់​ប្ដូរ​ទីលំនៅ និង​ទទួលយក​ជម្រើស​ទាំង​បង្ខំ ពួកគេ​កំពុង​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ស្ទើរ​គ្រប់​រូបភាព ដើម្បីឱ្យ​ចាកចេញ​ដូចជា បិទ​សាលារៀន​មិន​ឱ្យមាន​គ្រូ បិទ​បុ​ស្តិ៍ អាជ្ញាធរ​តែងតែ​ធ្វើការ​បំភ្លៃ​ព័ត៌មាន ជាពិសេស​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​សេ​សាន​ក្រោម​២ បាន​គំរាម​ពួកគេ​ថា នឹង​បណ្ដេញចេញ​ឱ្យបាន​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧​ខាងមុខនេះ​។​

​ជា​ការឆ្លើយតប​នាយក​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលា​ខេត្តស្ទឹងត្រែង លោក​ម៉ែន គង់ បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​នៅ​ភូមិ​ក្បាល​រមាស (​ចាស់​) និង​ភូមិ​ស្រែគរ ទាំងស្រុង ដោយ​លោក​បញ្ជាក់ថា អាជ្ញាធរ​មូលដ្ឋាន​មិនបាន​ធ្វើទុក្ខបុកម្នេញ​ដូច​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ឡើយ​។ ផ្ទុយទៅវិញ​អាជ្ញាធរ​មូលដ្ឋាន បាន​គិតគូរ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ខ្លាច​លិចលង់ និង​ជម្រាប​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​ចាកចេញ​ពី​ទីនោះ​តែប៉ុណ្ណោះ​។ លោក​ក៏បាន​គូសបញ្ជាក់ថា ប្រសិនបើ​ប្រជាពលរដ្ឋ​គិតថា នៅ​តំបន់​នោះ​អាច​រស់នៅ​បាន អាជ្ញាធរ​នឹង​រៀបចំ​ជូន​ពួកគាត់​.............

​សំឡេង​លោក​ម៉ែន គង់​៖

​សូមបញ្ជាក់ថា រដ្ឋាភិបាល បានអនុម័ត​លើ​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ នៅ​ខេត្តស្ទឹងត្រែង ដែល​មានតម្លៃ​ជាង ៧៨១ លាន​ដុល្លារ​។ គម្រោង​នោះ ត្រូវបាន​សិក្សា​តាំងពី​ឆ្នាំ​២០០៤ លើ​ផលចំណេញ​ផង និង​លើ​ផលប៉ះពាល់​ខាង​បរិស្ថាន​រូបសាស្ត្រ បរិស្ថាន​ជីវសាស្ត្រ និង​បរិស្ថាន​សង្គម​ផងដែរ​។ គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ Hydro Power Lower Sesan 2 Co., Ltd. (HPLS2) បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក រ៉ូយ៉ាល់​គ្រុប មាន​ភាគហ៊ុន ៣៩​ភាគរយ និង​ក្រុមហ៊ុន China Hydrolancang International Energy របស់​ប្រទេស​ចិន ភាគហ៊ុន ៥១​ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម អន្តរជាតិ (EVN) មាន​ភាគហ៊ុន ១០%​។​៕ 

ព័ត៌មានផ្សេងទៀត