UN​នឹង​បើក​​កិច្ចប្រជុំ​បន្ទាន់​​នៅ​ថ្ងៃ​១៣​តុលា​​ពាក់ព័ន្ធ​នឹង​​វិបត្ដិ​​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​

ដោយ៖ ពេញ ផេង 12-10-2017 2:10 pm 592
លោក​​Kofi Annan អតីត​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ

​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហ​ប្រជាតិ នឹង​បើក​កិច្ចប្រជុំ​ក្រៅផ្លូវការ​មួយ​នៅ​ថ្ងៃ​សុក្រ ពាក់ព័ន្ធ​នឹង​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន់​ម៉ា​។​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​Kofi Annan នឹង​ផ្ដល់ព័ត៌មាន​បន្ថែម​នៃ​របាយការណ៍​ស្ដីពី​ស្ថានភាព​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។​មន្ដ្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​នយោបាយ របស់​អង្គការសហប្រជាជាតិ​លោក​Jeffrey Feltman នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​សុក្រ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ ពិភាក្សា​ពី​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​។​

​សូមបញ្ជាក់ថា មាន​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៥០​ម៉ឺន​នាក់ បាន​ជម្លៀស​ខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែស ចាប់តាំងពី​ផ្ទុះ​អំពើហិង្សា​កាលពី​ថ្ងៃទី​២៥​សីហា​។​កាលនោះ​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា បាន​បើក​ការវាយប្រហារ​លើ​ប៉ុស្ដិ៍​ប៉ូលិស​និង​មូលដ្ឋាន​ទ័ព ក្រោយមក​មី​យ៉ាន់​ម៉ា​បាន​បញ្ជូន​ទ័ព​ទៅ​បង្ក្រាប សម្លាប់​ក្រុម​នេះ​ជាច្រើន​នាក់ និង​បណ្ដាល​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ភៀសខ្លួន​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​Antonio Guterres ចាត់ទុក​យុទ្ធនាការ​បង្ក្រាប​របស់​យោធា​មី​យ៉ាន់​ម៉ា​ទៅលើ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា ជា​ចេតនា​ចង់​បោសសម្អាត​ក្រុម​ជនជាតិភាគតិច​ចេញពី​ប្រទេស​៕

ព័ត៌មានផ្សេងទៀត