ទូត​អូស្ដ្រាលី​៖​​រំលាយ​សង្គ្រោះ​ជាតិ​​ជា​ដំណើរ​​ថយក្រោយ​​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​​

ដោយ៖ ខាត់ សុធី 12-10-2017 1:03 pm 6961

​ទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា បង្ហាញ​ពី​ក្ដីបារម្ភ​ជាខ្លាំង ជុំវិញ​ស្ថានការណ៍​នយោបាយ នៅ​កម្ពុជា ដោយ​ហៅ​ការប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាងមុខ​។​

សេចក្ដីប្រកាស​ព័ត៌មាន​ស្តីពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ដែល​ត្រូវបាន​ចែកចាយ​នៅ​ថ្ងៃទី​១២​នេះ បាន​បង្ហាញថា ស្ថានទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា យល់ថា សកម្មភាព​ថ្មី​បំផុត សុំឲ្យ​មាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កឲ្យមាន​ក្តីបារម្ភ​ជាបន្តទៀត មុន​ការបោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២០១៨ និង​ថា​នេះ​ជា​ជំហាន​ដើរ​ថយក្រោយ នៃ​លទ្ធិប្រជាធិបតេយ្យ និង​ជះឥទ្ធិពល​ដល់​ការទទួលបាន ការបោះឆ្នោត​ដែល​សេរី យុត្តិធម៌ និង​តម្លាភាព នា​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​។​

​ទូត​អូស្ដ្រាលី បាន​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា ជំរុញឲ្យមាន​បរិយាកា​ស នយោបាយ​ល្អប្រសើរ ប្រកបដោយ​សុវត្ថិភាព​ជូន​ពលរដ្ឋ ដើម្បី​អនុវត្ត​សិទ្ធិ​បញ្ចេញមតិ និង​ការប្រមូលផ្តុំ​។ វិស័យ សេរីភាព​សារព័ត៌មាន​ដែល​រស់​រវើក សង្គម​ស៊ីវិល​ដែល​សកម្ម និង​គណបក្សប្រឆាំង ដែល​អាច​ជឿជាក់​បាន ជា​សារៈសំខាន់ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។​

​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១១ តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ការរំលាយ​គណបក្សនយោបាយ​១ នៅ​រដ្ឋសភា ដែល​លោក​ចង់​សំដៅលើ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កើតមាន​គណបក្ស​ចំនួន​៥​ផ្សេងទៀត នៅក្នុង​រដ្ឋសភា​។ នេះ​សបញ្ជាក់​ឲ្យឃើញថា កម្ពុជា​កាន់តែ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បាន​ល្អប្រសើរ​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៦​តុលា​ឆ្នាំ​២០១៧ ក្រសួងមហាផ្ទៃ បាន​ប្តឹង ទៅ​តុលាការ​កំពូល ដើម្បី​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។ ការស្នើសុំ​នេះ ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ​មួយចំនួន មើលឃើញ​រដ្ឋាភិបាល​ក្នុង​ផ្លូវ​មិនល្អ​។​

​សហគមន៍​អន្តរជាតិ ដែល​រួមមាន សហភាព​អឺរុប សហរដ្ឋអាមេរិក និង​អង្គការសិទ្ធិមនុស្ស​មួយចំនួនទៀត បាន​ហៅ​ការចាប់ខ្លួន​លោក កឹម សុខា នេះ​ថា ជាការ​គំរាម​ផ្នែក​នយោបាយ និង​ទទូច​ឲ្យ​ដោះលែង​ជាបន្ទាន់ ដោយ​ថា ដើម្បីឲ្យ​ដំណើរការ​បោះឆ្នោត​ខាងមុខ មាន​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​៕


ព័ត៌មានផ្សេងទៀត