ព្រះមហាក្សត្រ​​សរសើរ​ការដឹកនាំ​ ​របស់លោក​​ហ៊ុន សែន​

ដោយ៖ អ៊ុន សុខឡា 12-10-2017 11:33 am 18654

ព្រះមហាក្សត្រ ព្រះកុរណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បាន​មាន​ព្រះបន្ទូល​កោតសរសើរ និង​ថ្លែង​អំណរ​គុណ​ដ៏​ជ្រៀលជ្រៅ​បំផុត ចំពោះ​លោក​ហេង សំរិន​ប្រធានរដ្ឋសភា និង​ប្រធាន​​គណៈកម្មកា​រទាំង​១០​នៃ​រដ្ឋសភា​ព ព្រមទាំង​សមាជិក​សមាជិកា​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ​អស់ពី​កម្លាំងកាយ​ចិត្ត បម្រើ​ប្រជាពលរដ្ឋ​និង​សង្គមជាតិ ក្នុង​វិសម្សកាល​កន្លងមក​។ ព្រះអង្គ​សង្ឃឹមថា រដ្ឋសភា​ជា​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល នឹង​បន្ត​ខិតខំ​ប្រឹងប្រែង ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​បន្តទៀត ដើម្បី​សម្រេច​ឲ្យបាន​នូវ​ទិសដៅ​ជា​ជំហានៗ ធានាបាន​សង្គម​កម្ពុជា​មួយ ប្រកប​ដោយ​សុខដុមរមនា​។ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះមហាក្សត្រ តាមរយៈ​ព្រះរាជសារ ជូន​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា លើក​ទី​៩ នីតិកាល​ទី​៥ នៅ​ថ្ងៃទី​១២​ខែតុលា​នេះ​។​

នៅក្នុង​ព្រះរាជសារ​ចំនួន​២​ទំព័រ ព្រះអង្គ​ក៏បាន​កោតសរសើរ​យ៉ាង​ជ្រៀលជ្រៅ ចំពោះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ដឹកនាំ​រាជរដ្ឋាភិបាល ក្នុង​ដំណើរការ​ប្រកបដោយ​ជោគជ័យ នៃ​ការស្តា​និង​អភិវឌ្ឍន៍​ប្រទេស​ឡើងវិញ​។ ព្រះអង្គ​បន្ត​ព្រះបន្ទូល​សរសើរ​ទៀតថា ការខិតខំ​រួមគ្នា​រវាង​សភា និង​រដ្ឋាភិបាល បាន​ធានាឲ្យមាន​ស្ថិរភាព​នយោបាយ និង​សង្គម ជាមួយនឹង​ការគ្រប់គ្រង​សេដ្ឋកិច្ច ប្រកបដោយ​ភាពត្រឹមត្រូវ និង​ជឿនលឿន​ទាំងនេះ បាន​នាំឲ្យ​កម្ពុជា​សម្រេចបាន​នូវ​អត្រា​ខ្ពស់ នៃ​កំណើន​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​។​

​ព្រះមហាក្សត្រ​មានបន្ទូលថា ការខិតខំ​រួមគ្នា​នេះ គឺជា​សកម្មភាព​បម្រើ​មាតុភូមិ​ដ៏​ឧត្តុង្គឧត្តម ដែល​ញ៉ាំងឲ្យ​ប្រទេសជាតិ​យើង រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព​និង​ការអភិវឌ្ឍន៍ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ប្រាថ្នា​ចង់បាន និង​ត្រូវការ​ជា​ចាំបាច់ ដើម្បី​រស់នៅ​ដោយ​ភាពសុខសាន្ត​។ នៅ​ចុងបញ្ចប់​នៃ​ព្រះរាជសារ ព្រះមហាក្សត្រ ព្រះកុរណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ក៏បាន​មាន​ព្រះបន្ទូល​ជូនពរជ័យ​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទាំងអស់ ប្រកប​តែ​នឹង​ព្រះពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ព័ត៌មានផ្សេងទៀត