ក្រសួងយុត្តិធម៌​​ព្យាយាម​​ការពារ​ចំណាត់ការ​​របស់ខ្លួន​ លើ​ករណី​​ចាប់ខ្លួន​​លោក​​កឹម សុខា​​

ដោយ៖ អឿន ភារ៉ា 12-10-2017 11:03 am 2515
ពលរដ្ឋទាមទារឲ្យដោះលែងលោកកឹម សុខា ។ រូបភាពពីហ្វេសប៊ុក

​នៅក្នុង​សេចក្តីបំភ្លឺ​ចុះ​ថ្ងៃទី​១០​តុលា ក្រសួង​យុត្តិធម៌ បានធ្វើ​ការបកស្រាយ ការពារ​ចំណាត់ការ​របស់ខ្លួន ជុំវិញ​ការចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង លោក​កឹម សុខា ដោយ​ចោទ​ពី​បទល្មើស​ជាក់ស្តែង​ពី​អំពើ​ក្បត់ជាតិ​។​

​ក្រសួង​យុត្ដិធម៌ បញ្ជាក់ថា សកម្មភាព​នៃ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​រួចហើយ តែ​សកម្មភាព​នេះ ត្រូវបាន​បង្ហោះ និង​បន្ដ​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ រហូតដល់​នៃ​ការចាប់ខ្លួន គឺ​ត្រូវបាន​ចាត់ទុកថា ជា​ករណី​នៃ​ការប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។ «​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង អាជ្ញាធ​មាន​សមត្ថកិច្ច​អាចធ្វើ​ការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន​សមាជិក​ព្រឹទ្ធសភា​ណាមួយ​បាន ដោយ​ពុំ​ចាំបាច់​ទាមទារ​ឲ្យមាន​ការយល់ព្រម​ពី​ព្រឹទ្ធស​ភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​តាម​មតិ​ភាគច្រើន​២/៣ នៃ​សមាជិក​ព្រឹទ្ធសភា​នោះទេ​»​។ នេះ​ជា​ការអះអាង​បន្ថែម​របស់​ក្រសួង​យុត្តិធម៌​។​

​តាមរយៈ​ការបកស្រាយ​របស់​ក្រសួង​យុត្តិធម៌ បានសេចក្តីថា ការចោទប្រកាន់ និង​ចាប់ខ្លួន​លោក​កឹម សុខា ពី​បទល្មើស​ជាក់ស្តែង គឺ​កើតចេញពី​ការ​បង្ហោះ​វី​ឌី​អូ​ចាស់​ឡើងវិញ​។​

បែបនេះ​ក្តី ក្រុម​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ កាលពីពេល​ថ្មីៗ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​អះអាងថា ករណីនេះ មិនមែនជា​បទល្មើស​ជាក់ស្ដែង​ទេ ដោយ​ថា វីដេអូ ដែល​គេ​យកមក​ចោទ​នោះ គឺ​តាំងពី​ឆ្នាំ​២០១៣​។ គណបក្សប្រឆាំង​មើលឃើញថា ការចាប់ខ្លួន និង​ឃុំខ្លួន​លោក​កឹម សុខា ដែលជា​អ្នកតំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិសភា ជា​ទង្វើ​ខុសច្បាប់​ដែល​បាន​រំលោភ​យ៉ាងធ្ងន់ធ្ង​រលើ​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ ហើយ​គណបក្ស​ទទូច​ឲ្យ​ដោះលែង​លោក​កឹម សុខា ជាបន្ទាន់​។​

​ចំណែក មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា ក៏​ធ្លាប់បាន​បកស្រាយ​ថា ករណីនេះ​មិនគួរ​ចាត់​ចូល​ជា​បទល្មើស​ជាក់ស្ដែង​តាម​មាត្រា​៨៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ឡើយ​។ ហើយ​មេធាវី​ថា ជា​ការខុសឆ្គង​ដែល​បកស្រាយ​ច្បាប់​ដោយ​ផ្អែកលើ​សកម្មភាព​របស់​វត្ថុ ឬ​វីដេអូ ដែល​គេ​ចែកចាយ​បន្ដ​គ្នា​លើ​បណ្ដាញ​សង្គម​។​

​យ៉ាងណា​ក៏ដោយចុះ តាមរយៈ​សេចក្តីបំភ្លឺ​របស់​ក្រសួង​យុត្តិធម៌ គឺ​បាន​ព្យាយាម​បកស្រាយ​អំពី​បទល្មើស​ជាក់ស្តែង ក្នុង​មាត្រា​៨៦ មាត្រា​៨៧ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​ពាក់ព័ន្ធ​នឹង​អភ័យឯកសិទ្ធិសភា រួមទាំង​មាត្រា​១២ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​។ ក្រៅពីនេះ ក៏មាន​ពន្យល់​អំពី​មាត្រា​១០៤ នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​១២ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​សមាជិក​ព្រឹទ្ធសភា​ផងដែរ​។​

​ផ្អែក​តាម​មូលដ្ឋាន​ច្បាប់​ដូចដែល​ក្រសួង​យុត្តិធម៌ បាន​បកស្រាយ​នេះ ចំពោះ​ករណី​ចាប់ខ្លួន និង​ចោទប្រកាន់​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​មកពី​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​បទល្មើស​ជាក់ស្តែង​កន្លងមក គឺ​ក្រសួងយុត្តិធម៌ អះអាងថា ស្ថាប័ន​អនុវត្ត​ច្បាប់​បាន​អនុវត្ត​នូវ​សមត្ថកិច្ច​របស់ខ្លួន​បាន​ត្រឹមត្រូវ ស្រប​តាមច្បាប់ និង​នីតិវិធី​ជា​ធរមាន​៕

ព័ត៌មានផ្សេងទៀត