រដ្ឋមន្ដ្រី​​កូរ៉េខាងត្បូង​​បញ្ជា​ឲ្យ​ចាត់វិធានការ​​ប្រឆាំង​​ការវាយប្រហារ​​តាម​​អ៊ីនធឺណេត​

ដោយ៖ ពេញ ផេង 12-10-2017 10:41 am 317
រូបភាព​បង្ហាញពី​ការវាយប្រហារ​តាមអ៊ីនធឺណេត

​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​លោក​Song Young-moo បានចេញ​បញ្ជា​ឲ្យ​យោធា​ត្រូវ​ចាត់វិធានការ​តឹងរ៉ឹង ប្រឆាំងនឹង​ការប៉ុនប៉ង​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ពី​កូរ៉េខាងជើង ដើម្បី​លួច​យក​ទិន្នន័យ​របស់​កូរ៉េខាងត្បូង​។​ការប្រកាស​របស់លោក​រដ្ឋមន្ដ្រី ធ្វើឡើង​ចន្លោះពេល​មាន​ការរិះគន់​ដល់​ក្រសួង​ការពារជាតិ​។​

​រិះគន់​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា ក្រសួង​ធ្វេសប្រហែស​បណ្ដាលឲ្យ​ក្រុម​វាយប្រហារ​តាម​អ៊ីនធឺណេ​ត​កូរ៉េខាងជើង អាច​លួច​យក​ឯកសារ​ពាក់ព័ន្ធ​នឹង​យោធា​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ​២០១៦​។​តាម​អ្វីដែល​បាន​បែកធ្លាយ ទិន្នន័យ​ដែល​ត្រូវ​កូរ៉េខាងជើង​លួច​យកទៅ​មាន​ផែនការ​ធ្វើ​ប្រតិ​បត្ដិកា​ររបស់​កូរ៉េខាងត្បូង​ជាមួយ​អាមេរិក និង​ផែនការ​សំខាន់ៗ​មួយចំនួនទៀត​។​

​ធ្លាប់មាន​របាយការណ៍​ជាច្រើន​បញ្ជាក់​ពី​ការ​លួច​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត​ពី​កូរ៉េខាងជើង មកលើ​ទិន្នន័យ​យោធា​កូរ៉េខាងត្បូង ដែល​ត្រូវ​បានប្រកាស​ជា​សាធារណៈ​កាលពី​ខែកញ្ញា​ឆ្នាំមុន​។​ប៉ុន្ដែ​រឿងរ៉ាវ​លម្អិត​ជុំវិញ​ករណីនេះ នៅតែ​មិនត្រូវ​បានបង្ហាញ​ឲ្យដឹង​។​ទាំង​រដ្ឋមន្ដ្រី​ការពារជាតិ​និង​មន្ដ្រី​ដទៃទៀត មិនបាន​ផ្ដល់ព័ត៌មាន​ពិស្ដារ​អ្វី​ឡើយ​។​

​ចំពោះ​ការចេញ​បញ្ជា​ឲ្យ​ប្រុងប្រយ័ត្ន​ជាថ្មី លោក​រដ្ឋមន្ដ្រី​ការពារជាតិ​កូរ៉េខាងត្បូង​ថា ត្រូវតែ​ត្រួតពិនិត្យឲ្យបា​នខ្ជាប់​ខ្ជួន និង​ត្រូវ​ធ្វើយ៉ាងណា​បង្កើន​សុវត្ថិភាព​ការពារ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​នេះ​។​វិធានការ​ថ្មី យ៉ាងហោចណាស់​ក៏​អាច​បញ្ឈប់​មន្ទិលសង្ស័យ​របស់​មហាជន​បានដែរ​៕

ព័ត៌មានផ្សេងទៀត