​ទីបំផុត​​សភា​​កំពុង​​ពិនិត្យ​លើ​​​សំណើ​វិសោធនកម្ម​ច្បាប់​​ទាំង​៤​សម្រាប់​​បែង​ចែក​​អាសនៈ​​

ដោយ៖ សៅ វិសាល 12-10-2017 8:51 am 2040

​នៅ​ទីបំផុត សេចក្តីស្នើ​វិសោធនកម្ម​លើ​ច្បាប់​ចំនួន​៤ ដែលមាន​ខ្លឹមសារ​បែងចែក​អាសនៈ នៅ​សភា​របស់​គណបក្ស ដែល​ត្រូវ​រំលាយ ដោយ​តុលាកា ទៅ​ឲ្យ​គណបក្ស​ដទៃ​ផ្សេង ត្រូវបាន​បញ្ជូន​ទៅ​គណៈកម្មាធិការ​ជំនាញ (​គណៈកម្មាធិការ​នីតិកម្ម និង​យុត្តិធម៌​)​ហើយ បន្ទាប់​ពី គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានបញ្ចប់​កិច្ចប្រជុំ​ពិនិត្យ នៅ​ព្រឹក​ថ្ងៃទី​១២ តុលា​នេះ​។ នេះ​បើ​តាម​ការអះអាង​ពី​លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​។​

​លោក ឡេង ប៉េងឡុង បានបញ្ជាក់​ថា សេចក្តីស្នើសុំ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ មិនទាន់​ដាក់​ចូល​ទៅ​សភាពេញអង្គ នៅឡើយ​ទេ ពោល​គឺ​បញ្ជូន​ទៅកាន់ គណៈកម្មាធិការ​ជំនាញ​សិន ដើម្បី​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ​។​

​សេចក្តីស្នើសុំ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពិនិត្យ​នៅ​ថ្ងៃនេះ រួមមាន​៖

១៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​

២៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​

៣៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​

៤៖ វិសោធនកម្ម ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​

សូមបញ្ជាក់ថា ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គេ​មើលឃើញថា អាច​នឹង​ត្រូវ​រំលាយ ក្រោយ​ពី​រង​នូវ​ការប្តឹង​រំលាយ ពី​ក្រសួង​មហាផ្ទៃ​។ ជុំវិញ​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី ធ្លាប់​មានប្រសាសន៍​លើកឡើង​ថា ការរំលាយ​គណបក្សនយោបាយ​១ ឆាប់ៗ​នេះ នឹង​កើត​មាន​គណបក្ស​ចំនួន​៥​ផ្សេងទៀត នៅក្នុង​រដ្ឋសភា​។ នេះ​សបញ្ជាក់​ឲ្យឃើញ​ថា កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស កាន់តែ​ល្អប្រសើរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត