រដ្ឋ​មន្ត្រី​​បរិស្ថាន​​៖​​កម្ពុជា​​ត្រូវ​ការ​​ថាម​ពល​​មាន​​តម្លៃ​ថោក ​និង​​ជឿ​​ទុក​ចិត្ត​បាន​​

ដោយ៖ សេង បារាំង 11-10-2017 5:32 pm 538
រូបភាពពីក្រសួងបរិស្ថាន

​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​លើកឡើងថា កម្ពុជា​ដែល​ចង់​រុញ​ប្រទេស​ពី​កសិកម្ម​ទៅជា​ប្រទេស​ឧស្សាហកម្ម ពិតជា​ត្រូវការ​ថាមពល​ដែលមាន​តម្លៃថោក និង​ជឿ​ទុកចិត្តបាន ដើម្បី​ផ្តល់ឱកាស​សម្រាប់​ការវិនិយោគ ហើយ​ដើម្បី​រក្សា​កំណើន​នៃ​ការវិនិយោគ គឺ​ត្រូវតែ​រក្សា​ឱ្យបាន​នៅ​សន្តិសុខ​ថាមពល​។ 

​ការ​ថ្លែង​របស់​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​រូបនេះ ធ្វើឡើង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុមហ៊ុន​DEVENCO និង ក្រុមហ៊ុន​ENGIE GLOW នៅ​សណ្ឋាគារឡឺ​រ៉ូយ៉ាល់​(Le Royal)​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​១០ ខែតុលា​។ ក្រុមហ៊ុន​ទាំងពីរ​នេះ នឹង​ចាប់ដៃ​ក្នុង​ការវិនិយោគ​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ក្នុង​ទំហំ​៣០-៥០​មេហ្គា​វ៉ាត់​នៅក្នុង​នៅក្នុង​ខេត្តកំពង់​ឆ្នាំង​។ 

​លោក​សាយ សំ​អាល់ បាន​គូសបញ្ជាក់ថា អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ និង​ថាមពល​ឧស្ម័ន គឺជា​ជម្រើស​មួយបែប​ទៀត ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ខណៈដែល​ថាមពល​ទាំងពីរ​នេះ​អាច​ជំនួស​ការប្រើប្រាស់​ថាមពល​ប្រេង​ឥន្ទនៈ​បាន​។ លោក​ថា បច្ចុប្បន្ន​ប្រទេស​ធំៗ​លើ​សកលលោក បាន​ងាក​មកប្រើប្រាស់​ថាមពល​ដែល​កើតឡើង​វិញ ដើម្បី​ជំនួស​ថាមពល ដែល​មិនកើត​ឡើងវិញ ក្នុងទិសដៅ​កាត់បន្ថយ​ការប៉ះពាល់​ដល់​បរិស្ថាន ដោយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​៕

 

 

 


ព័ត៌មានផ្សេងទៀត