លោក​សុខ ឥសាន ថា​​ព្រះមហាក្សត្រ​​មិន​កាន់ជើង​​អ្នក​ល្មើសច្បាប់​​ទេ​​

ដោយ៖ ខាត់ សុធី 11-10-2017 4:40 pm 2728

​ខណៈដែល​ស្ថានការណ៍​នយោបាយ​កម្ពុជា ត្រូវគេ​មើលឃើញថា កាន់តែ​តានតឹង​ទៅ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​គណបក្សប្រឆាំង​ដ៏​លេចធ្លោ​របស់លោក​សម រង្ស៊ី និង​លោក​កឹម សុខា ពិសេស​ថ្ងៃ​អន្សា​នៃ​គណបក្សប្រឆាំង​កាន់តែ​ខិតជិត​មកដល់ បានធ្វើឲ្យ​មជ្ឈដ្ឋាន​អ្នកតាមដាន ដែល​ចង់ឲ្យ​ស្ថានការណ៍​ត្រឡប់​ទៅរក​សភា​ពដើម​វិញ បាន​ព្យាយាម​បញ្ចេញមតិ និង​លើកឡើង​នូវ​ទស្សនៈ ជា​ដំណោះស្រាយ អ្នកខ្លះ​ថា​ចង់ឲ្យមាន​ការពិភាក្សា​ដោះស្រាយរ​វា​ង​ខ្មែ​រនិង​ខ្មែរ ទើប​ដោះស្រាយបាន ។​

​ខ្លះ​ចង់​មាន​ព្រះរាជតួនាទី​របស់​ព្រះមហាក្សត្រ​ដើម្បី​ជា​ព្រះ​អាជ្ញាកណ្តាល យក​គំរូ​តាម​ព្រះ​តួនាទី​របស់​អតីតព្រះមហាក្សត្រ​ធ្លាប់បាន​ធ្វើ​កាលពី ឆ្នាំ​១៩៩៣ និង​ឆ្នាំ​២០០៣ ។​ខ្លះទៀត​ចង់ឲ្យ​អន្តរជាតិ​ចូលមក​ដោះស្រាយ​បញ្ហា តាមរយៈ​ការដាក់​គំនាប​សេដ្ឋកិច្ច នយោបាយ ជាពិសេស​បណ្តា​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ។​ឬក៏​អ្នក​ខ្លះទៀត តម្រូវឲ្យមាន​ការដោះលែ​ង លោក​កឹម សុខា ឲ្យបាន​មុន​ថ្ងៃ ២៣ តុលា ២០១៧ ដែលជា​ថ្ងៃ​ខួប​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​។​

​ប៉ុន្តែ​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ការលើកឡើង​ខាងលើ​ថា​ជា​ទស្សនៈ ឡប់ៗ​។​លោក បាន​ចេញមុខ​ឆ្លើយតប​ចំពោះ មតិ​ខាងលើ​ថា វប្បធម៌​សន្ទនា​នៅ​កម្ពុជា​បាន​ស្លាប់​បាត់ទៅហើយ ដោយសារ​ភាពមិនស្មោះត្រង់​របស់​មេបក្ស​ប្រឆាំង​ទាំង​មុន​និង​ក្រោយ​។​ចំណែក​ករណី​ចង់ឲ្យមាន​ព្រះរាជតួនា​ទី​ព្រះមហាក្សត្រ ត្រូវ​លោក​សុខ ឥសាន ថា ទ្រង់​មិន​កាន់ជើង​អ្នកប្រព្រឹត្ត​ល្មើសច្បាប់​ទេ ទុ​កឲ្យទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់សិន ជាពិសេស​បទល្មើស​ក្បត់​ជាតិ​។​ឯ​គំនិត​ចង់ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​មកលើ​កម្ពុជា ត្រូវ​លោក​សុខ ឥសាន​ឆ្លើយថា អត់​ផ្លូវ​ទេ​។​លោក​បន្តថា​រឿង​លោក​កឹម សុខា រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​បង្កើត​ទោស​ឲ្យ​គាត់​ទេ តែ លោក​កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​ខ្លួនឯង​។​

​ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្សប្រឆាំង ដែល​គ្រប់​មជ្ឈដ្ឋាន​កំពុង​តាមដាន​មើល យ៉ាង​យកចិត្តទុកដាក់ លោក​សុខ ឥសាន បកស្រាយ​ថា មកពី​មេដឹកនាំ​បក្សប្រឆាំង​តែប៉ុណ្ណោះ មិនត្រូវ បន្ទោស​អ្នកដទៃ​ទេ​។ លោក​ថា យោងទៅតាម​អំពើ​ប្រព្រឹត្ត​របស់​សា​ម៉ី​គណបក្ស ត្រូវ​ប្រឈម​នឹង​មាត្រា​៦ ថ្មី​ពីរ មាត្រា ៧ ថ្មី មាត្រា​៣៨ ថ្មី និង​មាត្រា ៤៤​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​

​គួរ​បញ្ជាក់ថា កន្លងមក​លោក​លឺ ឡាយស្រេង ជា​អ្នកនយោបាយ​ជើងចាស់​មួយរូប ធ្លាប់បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​អង្គ​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី ដោយបាន​ថ្លែងថា ស្ថានភាព​សង្គម​កម្ពុជា​សព្វថ្ងៃ គឺជា​សង្គម​ដែល​ពោរពេញ​ទៅដោយ​បរិយាកាស​អួអាប់​យ៉ាងខ្លាំង​ជាពិសេស​ទំនាក់ទំនង​មើលមុខ​គ្នា​មិន​ចំ​កាន់តែខ្លាំង​រវាង​គណ​បក្ស​កាន់អំណាច និង​គណបក្សប្រឆាំង​។​លោក​ស្នើសុំ​ព្រះមហាក្សត្រ​ជួយ​ត្រួសត្រាយ​រក​ផ្លូវ​ធ្វើឱ្យ​បរិយាកាស​អួអាប់​សព្វថ្ងៃ​ឱ្យ​ភ្លឺស្វាង និង​ប្រើប្រាស់​ព្រះរាជ​បុព្វសិទ្ធិ ជា​អាជ្ញាកណ្តាល​ដូច​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​សម្រុះសម្រួល​ឱ្យមាន​ការដោះស្រាយ​ទំនាស់​រវាង​គណបក្ស​ធំៗ​ទាំងពីរ​៕
 

ព័ត៌មានផ្សេងទៀត