​លោក​សម រង្ស៊ី​ថា​​ប្រជាជន​​ភាគច្រើន​​ធុញទ្រាន់​​នឹង​​លោក​​ហ៊ុន សែន​​

ដោយ៖ អឿន ភារ៉ា 11-10-2017 3:13 pm 8563

​លោក​សម រង្ស៊ី បាន​ថ្លែង​ពី​ក្រៅប្រទេស​ថា ស្ថានភាព​នៅ​កម្ពុជា​រយៈពេល​ចុងក្រោយ​នេះ គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​រំខាន​ដំណើរការ​បោះឆ្នោត ដែល​គ្រោង​នឹង​ធ្វើឡើង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ TRT World ផ្សាយ​ចេញពី​ទីក្រុង អ៊ី​ស្តា​ន​ប៊ូល (Istanbul) ប្រទេស​តួ​គី (Turkey) កាលពី​ថ្ងៃ​០៥​តុលា និង​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោកសម រង្សី​ទ កាលពី​ថ្ងៃ​ម្សិលមិញ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បន្ត​អះអាងថា នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ដឹងខ្លួន​ថា នឹង​ចាញ់​ការបោះឆ្នោត​នោះ ទើប​ចាប់ខ្លួន​មេបក្ស​ប្រឆាំង​លោក​កឹម សុខា ហើយ​បន្ត​ចាប់ខ្លួន​សមាជិកសភា​មកពី​គណបក្សប្រឆាំង​ជាច្រើន​នាក់​ទៀត​។ ដែល​ទង្វើ​នេះ លោក​សម រង្ស៊ី ចាត់ទុកថា នឹង​មិនអាច​មានការ​បោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌​ឡើយ ពីព្រោះ​បក្ស​កាន់អំណាច អាច​ឈ្នះ​ការបោះឆ្នោត​នេះ​យ៉ាង​ងាយ ដោយ​គ្មាន​គូ​ប្រកួត​។​

​ថ្លែងប្រាប់​បន្ត​ទៅកាន់​ទូរទស្សន៍​អន្តរជាតិ​មួយ​នេះ លោក​សម រង្ស៊ី បញ្ជាក់ថា «​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ជាពិសេស យុវជន​ប្រមាណ ៧០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ទាំងមូល មាន​អាយុ​ក្រោម​៣០​ឆ្នាំ ពួកគេ​ធុញទ្រាន់​នឹង​លោក​ហ៊ុន សែន ណាស់ តាំងពី​ពួកគេ​កើតមក ស្គាល់​តែ​លោក​ហ៊ុន សែន​។ ពួកគេ​មើលឃើញ​ការផ្លាស់ប្តូរ​នៅលើ​ពិភពលោក​ដ៏​ល្អប្រសើរ ខណៈដែល​ប្រទេស​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​ក្រ​ជាងគេ​ក្នុង​ពិភពលោក ពុករលួយ​ខ្លាំងជាងគេ និង​ពោរពេញ​ដោយ​ភាពអយុត្តិធម៌​ក្នុងសង្គម​»​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ការលើកឡើង​របស់លោក​សម រង្ស៊ី​ថា យកជាការ​មិន​បានទេ ព្រោះ​លោក​សម រង្ស៊ី ត្រូវបាន​ផាត់​ចេញពី​ពិភពលោក​ទៅហើយ​។ លោក​បញ្ជាក់ថា ទង្វើ​របស់លោក​សម រង្ស៊ី គ្រាន់តែ​ជា​ការបង្កើត​បញ្ហា​ពី​រឿង​មួយ​ទៅ​រឿង​មួយ និង​គ្មាន​ប្រសិទ្ធភាព និង​គ្មាន​ន័យ​អ្វី​ទាំងអស់​។ លោក​សុខ ឥសាន បន្ថែម​.....
​សំឡេង​លោក​សុខ ឥសាន​៖

ចំពោះ​ការលើកឡើង​របស់លោក​សម រង្ស៊ី ដែល​អះអាងថា ប្រជាជន​ភាគច្រើន​ធុញទ្រាន់​នឹង​លោក​ហ៊ុន សែន​នោះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ យល់ថា គឺ​ផ្ទុយ​ពី​ការពិត​ទាំងស្រុង​។ លោក​ថ្លែងថា​៖ «​ថា​តែ​សម រង្ស៊ី​ទេ ប្រជាជន​ទូទៅ​គេ​មាន​ថា​អញ្ចឹង​ឯណា ទាំងអស់គ្នា​សុទ្ធតែ​មើលឃើញ​ពី​ការរីកចម្រើន​លូតលាស់​ជា​បន្តបន្ទាប់ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អត់​មានការ​អន់ថយ​ដូច​សម រង្ស៊ី និយាយ​ឯណា ដូច្នេះ​ចំណង់​ចំណូលចិត្ត​របស់​ប្រជាពលរដ្ឋ​គឺ​កាន់តែ​បង្កើន​ការគាំទ្រ​លើ​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន សែន លើកលែងតែ​ខ្លួន​គាត់​ទេ​(​លោក​សម រង្ស៊ី​) ដែល​ត្រូវ​ប្រជាជន​បដិសេធ​»​។​

​បែបនេះ​ក្តី លោក​សម រង្ស៊ី ថ្លែងថា គេ​ចង់ឲ្យមាន​ការផ្លាស់ប្តូ​រ ប៉ុន្តែ​ជា​ការផ្លាស់ប្តូរ​ដោយ​សន្តិវិធី និង​ផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ តាមរយៈ​ការបោះឆ្នោត​។ លោក​បន្តថា ការផ្លាស់ប្តូរ​តាម​បែបបទ​ប្រជាធិបតេយ្យ ដោយមាន​ការគាំទ្រ​ពី​អ្នកប្រជាធិបតេយ្យ​ដូចគ្នា​ក្នុង​ពិភពលោក ដូចជា​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី និង​ជប៉ុន​ជាដើម ដែល​វា​មិនមែនជា​ឧក្រិដ្ឋកម្ម និង​អំពើ​ក្បត់ជាតិ ដូចដែល​បាន​ចោទប្រកាន់​នោះទេ​៕

ព័ត៌មានផ្សេងទៀត