អង្គ​ការ​​ស្បៀង​អា​ហារ​​ពិភព​លោក​​ប្ដេជ្ញា​​បន្ត​​ជួយ​​ដល់​​កម្ពុជា​​

ដោយ៖ សេង បារាំង 11-10-2017 2:40 pm 419

​អង្គការ​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​ប្តេជ្ញាចិត្ត​ក្នុង​ការបន្ដ​ជួយឧបត្ថម្ភ និង​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ដល់​កម្ពុជា ក្នុង​ការជួយ​ផ្នែក​សន្តិសុខ​ស្បៀងអាហារ ការផ្គត់ផ្គង់​ម្ហូបអាហារ និង​ការជួយ​ដល់​កុមារ​កម្ពុជា តាមរយៈ​កម្មវិធី​ផ្គត់ផ្គង់​ម្ហូបអាហារ​នៅតាម​សាលារៀន​។

​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ហៅ​កាត់​ថា WFP គឺជា​អង្គការ​មួយ​ជួយ ទៅលើ​ផ្នែក​សន្តិសុខ ស្បៀងអាហារ ការផ្គត់ផ្គង់​ម្ហូបអាហារ ទៅដល់​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ផ្សេងៗ​។ 

​ក្នុងជំនួប​ជាមួយ​លោក​ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស​កម្ពុជា នៅ​ថ្ងៃទី​១០ តុលា ឆ្នាំ​២០១៧​តំណាង​ថ្មី​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី Nancy Walters បាន​អះអាង​អំពី​ការប្ដេជ្ញាចិត្ត​របស់​កម្ម​វិធី​ស្បៀងអាហារ​ពិភពលោក ក្នុង​ការបន្ត​ជួយឧបត្ថម្ភ និង​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា​បន្តទៀត​។ 

​តំណាង​ថ្មី​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក បាន​គូសបញ្ជាក់​អំពី​ជោគជ័យ​នៃ​សកម្មភាព​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៅ​កម្ពុជា ជាពិសេស គឺ​កិច្ចសហប្រតិបត្តិការ និង​ការជួយ​ដល់​កម្ពុជា លើ​ផ្នែក​សន្តិសុខ​ស្បៀងអាហារ ការផ្គត់ផ្គង់​ម្ហូបអាហារ និង​ការជួយ​ដល់​កុមារ​កម្ពុជា តាមរយៈ​កម្មវិធី​ផ្គត់ផ្គង់​ម្ហូបអាហារ​នៅតាម​សាលារៀន​ជាដើម​។​

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស បាន​បញ្ជាក់ថា អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក បាន​ចូលមក​ជួយ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៧៩ គឺ​ក្នុងពេលដែល​កម្ពុជា​កំពុង​ជួប​ការលំបាក​ខ្លាំង​ខាង​ផ្នែក​ស្បៀងអាហារ​។ កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន និង​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ក្នុង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូរ​រវាង​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ស្ថាប័ន​ផ្សេងៗ​របស់​កម្ពុជា ជាមួយ​អង្គការ​ស្បៀងអាហារ​ពិភពលោក​ផងដែរ​៕

ព័ត៌មានផ្សេងទៀត