សពអតីត​​មហាក្សត្រ​ថៃ​​ព្រះបាទ​ភូមិបុល អាឌុលយ៉ាដេត​​នឹងត្រូវ​បូជា​​នៅ​ថ្ងៃទី​២៦​តុលា​

ដោយ៖ ពេញ ផេង 11-10-2017 12:54 pm 3062
រូបតូចមហាក្សត្រថៃ​រូបធំព្រះមេន

​ពី​ថ្ងៃទី​២៥-២៩​ខែតុលា​នេះ ជា​ព្រះរាជ​ពិធីបុណ្យ​សព​របស់អតីត​មហាក្សត្រថៃ​ព្រះបាទ​ភូមិបុល អាឌុលយ៉ាដេត ក្រោយ​តម្កល់ទុក​រយៈពេល​ជាង​មួយឆ្នាំ បន្ទាប់ពី​ព្រះអង្គ​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១៦ ក្នុង​ព្រះជន្ម​៨៨​ព្រះវស្សា​។​ចំពោះ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នឹង​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​២៦​តុលា នៅ​វាល​ព្រះ​មេន​ដែល​ត្រូវបាន​សាងសង់ឡើង​យ៉ាង​ល្អឥតខ្ចោះ ក្នុង​ព្រះបរមរាជវាំង​។​

​នៅក្នុង​ពិធី​នេះដែរ​នឹងមាន​មនុស្ស​រាប់ម៉ឺន​នាក់​ចូលរួម ហើយក៏​មាន​កងកម្លាំង​រក្សា​សន្ដិសុខ​ចំនួន​៧៨,០០០ ជួយ​រក្សា​សណ្ដាប់ធ្នាប់​។​វា​ជា​ថ្ងៃ​ដែល​ប្រជាជន​ថៃ​ត្រូវ​លា​ជា​លើកចុងក្រោយ ពី​ព្រះមហាក្សត្រ​ជាទីគោរព​ស្រឡាញ់​របស់​ពួកគេ ក្រោយ​ទ្រង់​បាន​ជួ​យឲ្យប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​មាន​ភាពរុងរឿង បន្ទាប់ពី​សង្គ្រាមលោកលើកទី​ពីរ​។​

​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​និយាយថា ខែតុលា​គឺជា​ខែ​ដែល​ត្រូវ​កាន់ទុក្ខ​។​ដូច្នេះ​លោក​បាន​ស្នើសុំ​ឲ្យ​អ្នកនយោបាយ គណបក្សនយោបាយ ត្រូវ​ប្រកាន់​ជំហរ​សន្ដិភាព​និង​មាន​សណ្ដាប់ធ្នាប់​។​ថ្ងៃទី​២៦​តុលា​នឹងត្រូវ​ប្រកាស​ជា​ថ្ងៃ​បុណ្យជាតិ​នៅក្នុង​ប្រទេស​ថៃ​។​

សូមបញ្ជាក់ថា សម្រាប់​ប្រជាជន​ថៃ​ព្រះបាទ​ភូមិបុល អាឌុលយ៉ាដេត ត្រូវបាន​ចាត់ទុកជា​ស្តេច ដែលមាន​ឥទ្ធិពល ប្រៀបបាន​នឹង​អាទិទេព​។​ប្រជាជន​ថៃ​គោរព​កោតខ្លាច ព្រះមហាក្សត្រ​របស់ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន គេហដ្ឋាន​ប្រជាជន​ម្នាក់​ណា ក៏មាន​តាំង​រូប​ព្រះអង្គ ដែល​បង្ហាញ​ពី​ការស្រឡាញ់ និង​ការគោរព​ចំពោះ​ព្រះអង្គ​។​នៅ​ប្រទេស​ថៃ ព្រះមហាក្សត្រ​មានអំណាច​លើ​រដ្ឋាភិបាល​យ៉ាង​ស៊ីជម្រៅ ត្បិត​ថា​ព្រះអង្គ​លែងមាន​អំណាច​គ្រប់គ្រង​ប្រទេស​តាំងពី​ឆ្នាំ​១៩៣២​មក​ក្តី​។  

​ព្រះបាទ​ភូមិបុល ប្រសូត្រ​នៅ​ឆ្នាំ​១៩២៧​នៅ​សហរដ្ឋអាមេរិក ហើយ​ព្រះអង្គ​បាន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១៩៤៦​។​ព្រះអង្គ​គឺជា​ស្តេច​ទី​៩​នៃ​រាជ្យ​វង្ស​ចក្រី​។​ព្រះបាទ​ភូមិបុល អាប់​ឌុល​យ៉ា​ដេត បាន​ជាប់​ឈ្មោះ​ជា​ស្តេច​ដែល​គ្រងរាជ្យ​យូរ​ជាងគេ​នៅលើ​ពិភពលោក និង​ជា​ស្តេច​មួយអង្គ​ដែល​គ្រងរាជ្យ​យូរ​ជាងគេ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ​ផងដែរ​។​

​ព្រះអង្គ​បាន​រៀប​អភិសេក ជាមួយ​កូនស្រី​របស់​ឯកអគ្គរាជទូត​ថៃ ប្រចាំ​នៅ​ប្រទេស​បារាំង​ឈ្មោះ​នាង​សិរី​គីត គីតធិយា​ការ៉ា​(Sirikit Kitiyakara)​នៅ​ឆ្នាំ​១៩៥០​។​ចំណង​អាពាហ៌ពិពាហ៌​រវាង​ព្រះមហាក្សត្រ​​ភូមិបុល អាឌុលយ៉ាដេត និង​ព្រះ​អគ្គមហេសី​Sirikit Kitiyakara មាន​បុត្រ​ចំនួន​៤​ព្រះអង្គ​។​បច្ចុប្បន្ន បុត្រ​ទី​ពីរ​និង​ជា​បុត្រា​តែ​មួយអង្គ​គត់​របស់​ទ្រង់ ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន​(Maha Vajiralongkorn) បាន​ឡើង​គ្រងរាជ្យ​ជា​មហាត្សត្រ​ថៃ​ជំនួស​ព្រះអង្គ​៕


ព័ត៌មានផ្សេងទៀត