លោក​ហ៊ុន សែន​៖​រំលាយ​គណបក្ស​១​នឹង​កើត​មាន​គណបក្ស​៥​នៅ​សភា​

ដោយ៖ សៅ វិសាល 11-10-2017 11:11 am 7661

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការរំលាយ​គណបក្សនយោបាយ​១ នៅ​រដ្ឋសភា​ឆាប់ៗ​នេះ នឹង​កើត​មាន​គណបក្ស​ចំនួន​៥​ផ្សេងទៀត នៅក្នុង​រដ្ឋសភា​។ នេះ​សបញ្ជាក់​ឲ្យឃើញ​ថា កម្ពុជា​កាន់តែ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បាន​ល្អប្រសើរ​។

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​ដូច្នេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​កម្មករ​-​កម្មការិនី ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ​ISI ផ្លូវវេង​ស្រេង នា​ថ្ងៃ​ទី​១១ តុលា​នេះ​។​ ​បច្ចុប្បន្ននេះ សំឡេង​នៅក្នុង​​សភា មាន​គណបក្ស​ចំនួន​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើតចេញ​ពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ​។​

ជុំវិញ​បញ្ហា​នេះ មាន​ការលើកឡើង​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់សំណើរ​ទៅ​រដ្ឋសភា ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដើម្បី​បែងចែក​អាសនៈ របស់​គណបក្ស ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេងៗ តាម​រូបមន្ត​សមាមាត្រ ដែល​ចែង​ក្នុង​ច្បាប់​ទាំង​៤​ខាងលើ​។​

​យ៉ាងណាក៏ដោយ ការលើកឡើង​នេះ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច បដិសេធ និង​អះអាងថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ស្នើឲ្យ​រដ្ឋសភា ធ្វើ​វិសោធកម្ម​លើ​ច្បាប់​ទាំង​៤ ដើម្បី​បែងចែក​អាសនៈ​គណបក្ស​នយោបាយ នៅ​សភា​នោះទេ ព្រោះ​មិនមែន​ជា​ដែន​សមត្ថកិច្ច របស់​គណបក្ស​នយោបាយ ប៉ុន្តែ​ជា​តួនាទី​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត