ក្រសួងបរិស្ថាន​​វាយតម្លៃថា​​ការផ្សាយ​​ពី​ការបាត់បង់​​គម្រប​ព្រៃ​ មាន​របៀបវារៈ​​នយោបាយ​​

ដោយ៖ ខាត់ សុធី 11-10-2017 10:45 am 407

ម្សិលមិញ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះផ្សាយ​ពី​អត្រា​នៃ​ការបាត់បង់​ព្រៃឈើ​នៅ​កម្ពុជា ដែល​ដាក់​ចំណងជើង​លើ​អត្ថបទ​ខ្លួន​ថា​«​អត្រា​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦»​។ ក្នុង​អត្ថបទ​នេះ បាន​យោង​លើ ទិន្នន័យ​ថ្មី​ចេញ​ដោយ​សាកលវិទ្យាល័យ Maryland ដែល​តាមដាន​ការបាត់បង់​គម្រប​ព្រៃឈើ​ទូទាំង​ពិភពលោក​ក្នុង​រយៈ​កាលពី ១៦ ឆ្នាំ​ចុងក្រោយ​ដោយ​ប្រើ​រូបភាព​ផ្កាយរណប​។ 

​ទិន្នន័យ​នេះ បង្ហាញថា​ការបាត់បង់​គម្រប​ព្រៃឈើ​ពិតជា​បាន​ធ្លាក់ចុះ​ក្នុង​ឆ្នាំ ២០១៤ និង ២០១៥ ដែល​ឆ្នាំ ២០១៤ ធ្លាក់ចុះ ១៣ ភាគរយ និង​ឆ្នាំ ២០១៥ ធ្លាក់ចុះ ១៦ ភាគរយ ប៉ុន្តែ​អត្រា​បាត់បង់​បាន​កើនឡើង​ដល់ ៣០ ភាគរយ​ក្នុង​ឆ្នាំ ២០១៦ និង​មាន​ចំនួន​ប្រមាណ ២ សែន​ហិកតា​នៅក្នុង​គម្រប​ព្រៃឈើ​ដែល​បាត់បង់​។ ជាង​ពាក់កណ្តាល​នៃ​ផ្ទៃដី ២ សែន​ហិកតា​ជា​គម្រប​ព្រៃ​ក្រាស់​ដែល​ស្រដៀង​នឹង​ព្រៃបៃតងជានិច្ច​។​

​ក្រោយ​ការចុះផ្សាយ​នេះ ក្រសួងបរិស្ថាន​បាន​ផ្ទុះ​ប្រតិកម្ម​ដោយ​ចាត់ទុការ​ផ្សាយ​បែបនេះ ថា​មាន​ចេតនា​ទុច្ចរឹត បង្ក​ការភ័ន្តច្រឡំ និង​មាន​របៀបវារៈ​នយោបាយ​នៅ​ពីក្រោយ​របាយការណ៍​មិន​ពិត ទាក់ទង​នឹង​គម្រប​ព្រៃឈើ​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់ ក្រសួង​បរិស្ថាន នៅ​ថ្ងៃទី​១០ តុលា បាន​បញ្ជាក់ថា​អ្នកជំនាញ​បច្ចេកទេស​បកស្រាយ​គម្រប​ព្រៃឈើ​របស់​ក្រសួងបរិស្ថាន​បានធ្វើ​បទ​បង្ហាញ​អំពី​វិធីសាស្ត្រ នៃ​ការវាយតម្លៃ​ធនធាន​គម្រប​ព្រៃឈើ​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៦ រួចហើយ កាលពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៧ កន្លងមក​។​

​បើ​ផ្អែក​តាម​ទិន្នន័យ​ថ្មី ចេញ​ដោយ​សាកលវិទ្យាល័យ Maryland បង្ហាញថា​តំបន់​ឦសាន​នៃ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​មាន​ការកាប់​ព្រៃឈើ​សម្រាប់​ការនាំចេញ​ឈើ​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​។​រូបភាព​ផ្កាយរណប​ដែល​ទើប​ចេញ​កាលពីពេល​ថ្មីៗ​បាន​បង្ហាញថា ការកាប់បំផ្លាញ​ព្រៃឈើ​បាន​កើនឡើង​ចំនួន ៣០ ភាគរយ​ក្នុងប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន និង​ស្របពេល​មានការ​អួត​ពី​រដ្ឋាភិបាល​អំពី​ក្រុមការងារ​ពិសេស​របស់​កងរាជអាវុធហត្ថ​ថ្មី​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការកាប់​ឈើ​ខុសច្បាប់ ខណៈ​សកម្មជន​ព្រៃឈើ​ថា​គ្មាន​ប្រសិទ្ធភាព និង​គ្មានអ្វី​ភ្ញាក់ផ្អើល​ទេ​រហូត​មកទល់ពេលនេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន បញ្ជាក់ថា លទ្ធផល​របស់​ក្រុមការងារ​បច្ចេកទេស​ថ្នាក់ជាតិ​បានបង្ហាញ​អត្រា​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦ ជា​មធ្យម​ប្រចាំ​ឆ្នាំមាន​០,៦៧% ដែល​ទទួលស្គាល់​ពី​ដៃគូ​អភិវឌ្ឍន៍ មាន​លក្ខណៈ​បច្ចេកទេស​ជា​អន្តរជាតិ​ផងដែរ​។​

​ក្រសួង​បរិស្ថាន ចាត់ទុក​ការផ្សាយ​នេះ បង្កឲ្យមាន​ការយល់ច្រ​ឡំ ក្នុងចំណោម​មតិសាធារណៈ ដោយ​មិន​អើពើ និង​មិន​ទទួលស្គាល់​ការខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការពារ​និង​គ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ​ដែល​កំពុង​ទទួលបាន​ជោគជ័យ​នាពេល​បច្ចុប្បន្ននេះ​៕


ព័ត៌មានផ្សេងទៀត