ពិតជា​រឿង​ត្រឹមត្រូវ​​ដែល​អាមេរិក​ថា​​ចិន​នឹង​បង្ក​​ការគំរាមកំហែង​​ខ្លាំង​បំផុត​?

ដោយ៖ ពេញ ផេង 10-10-2017 5:23 pm 2919
រូបប្រអប់ដៃតំណាងអាមេរិក(ឆ្វេង)និងតំណាងចិន(ស្ដាំ)

​ថ្មីៗ​នេះ​រដ្ឋមន្ដ្រី​មួយរូប​របស់​អាមេរិក​ទើបតែ​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ចិន និង​ថា​ចិន​អាច​បង្ក​ការគំរាមកំហែង​ខ្លាំងក្លា​បំផុត​នៅ​ថ្ងៃ​ខាងមុខ​។​សម្អាង​លើ​ហេតុផល​សេដ្ឋកិច្ច នយោបាយ ការបង្កើន​សកម្មភាព​នៅ​ដែនសមុទ្រ ពិសេស​វិស័យ​យោធា ដែល​ធ្វើឲ្យ​អាមេរិក​បារម្ភ​ពីចិន​។​បច្ចុប្បន្ន​មាន​កូរ៉េខាងជើង​កំពុង​គំរាមកំហែង​អាមេរិក ប៉ុន្ដែ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នឹង​ដល់​វេន​ចិន​ម្ដង​ហើយ​។​ពិត​ទេ​ដែល​អាមេរិក​ត្រូវ​ខ្លាច​ចិន​?​អាមេរិក​ចាត់ទុក​ចិន​ជា​សត្រូវ​ធំ​នៅពេល​អនាគត​ត្រូវ​ឬក៏​ខុស​?

​ដើម្បី​យល់​បន្ថែម​ព័ត៌មាន​នេះ សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង​នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​អាមេរិក​គឺជា​មហាអំណាច​លេខ​មួយ​នៅក្នុង​លោក​។​បើ​គិតពី​យោធា​និង​សេដ្ឋកិច្ច គ្មាន​ប្រទេស​ណាមួយ​អាច​ប្រៀប​នឹង​អាមេរិក​បានទេ​។​ប៉ុន្ដែ​យ៉ាងណាមិញ​អាមេរិក​នៅតែ​បារម្ភ ដោយ​កំពុង​ស្វែងរក​ដៃគូ​ប្រកួតប្រជែង ដើម្បី​យក​សមត្ថភាព​នៃ​គូប្រជែង​នោះ មក​អភិវឌ្ឍ​បន្ថែម​សមត្ថភាព​យោធា​របស់ខ្លួន​។​

​ការដួលរលំ​នៃ​សហភាពសូវៀត បានធ្វើឲ្យ​អាមេរិក​ស្ថិតនៅ​លំដាប់​កំពូល​ជា​ប្រទេស​មហាអំណាច​តែម្នាក់ឯង​គត់​។​វា​ជា​ការល្អ​សម្រាប់​សន្ដិភាព​ពិភពលោក ប៉ុន្ដែ​ចាប់តាំងពី​ពេល​នោះមក គោលនយោបាយ​ការបរទេស​អាមេរិក​ភាគច្រើន​ដែល​បាន​បង្កើតឡើង ក្នុង​បំណង​ស្វែងរក​សត្រូវ​ថ្មី ដើម្បី​បង្ហាញ​ពី​ការបង្កើន​សមត្ថភាព​យោធា​។​

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ មិនជា​គិត​ច្រើនពេក​ទេពី​ភូមិសាស្ដ្រ​នយោបាយ ប៉ុន្ដែ​មន្ដ្រីជាន់ខ្ពស់​របស់​អាមេរិក​កំពុង​គិតថា ប្រទេស​ចិន​នឹង​បង្ក​ការគំរាមកំហែង​ខ្លាំង​ដល់​អាមេរិក​ទៅ​ថ្ងៃ​អនាគត​។​នៅក្នុង​របាយការណ៍​មួយ​របស់​អាមេរិក​និយាយថា ការអភិវឌ្ឍ​ផ្នែក​យោធា​និង​សន្ដិសុខ​របស់​ចិន​ក្នុង​ឆ្នាំ​២០១៧ ក្រសួង​ការពារជាតិ​អាមេរិក​កត់សម្គាល់ឃើញ​ថា ចិន​បាន​បង្កើន​សមត្ថភាព​ធ្វើ​ប្រតិ​បត្ដិកា​រ និង​បង្កើន​សមត្ថភាព​ប្រយុទ្ធប្រឆាំង​ជម្លោះ​ដែនដី​។​

​បន្ថែម​លើ​នេះ ចិន​បាន​ប្រើប្រាស់​អានុភាព​របស់ខ្លួន អះអាង​ទាមទារ​អធិបតេយ្យភាព​នៅក្នុង​សមុទ្រ​ចិន​ខាងកើត​និង​សមុទ្រ​ចិន​ខាងត្បូង ដោយបាន​ប្រើ​កលល្បិច​បង្ខិតបង្ខំ ដូចជា​ការប្រើប្រាស់​នាវា ការ​អនុវត្ដ​ច្បាប់​សមុទ្រ និង​ប្រើ​កម្លាំង​ទ័ព ព្រោះតែ​ចង់​កាន់កាប់​នៅ​ដែនសមុទ្រ​មាន​ជម្លោះ និង​ដើម្បី​ផលប្រយោជន៍​នៅ​ទីនោះ​។​វា​ជា​ទង្វើ​ដែល​អន្ដរជាតិ​គិតថា ចិន​កំពុង​រុញច្រាន​វិបត្ដិ​ធ្លាក់​ក្នុងស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​។​

ប្រហែលជា​រឿង​សំខាន់បំផុត ដែល​មន្ទីរ​បញ្ច​កោណ​គូសបញ្ជាក់ថា  មេដឹកនាំ​ចិន​នៅតែ​ផ្ដោតលើ​ការអភិវឌ្ឍ​សមត្ថភាព ដើម្បី​ទប់ស្កាត់​ឬ​កម្ចាត់​ការវាយប្រហារ​របស់​ស​ត្រូវ និង​ប្រឆាំង​ការអន្ដរាគមន៍​របស់​ភាគី​ទី​បី ក្នុងនោះ​មាន​អាមេរិក​ជាដើម ក្នុងពេល​មាន​ជម្លោះ​ឬ​វិបត្ដិ​កើតឡើង​។​ក្នុងនោះ​មាន​ផងដែរ​ការកំណត់​អត្ថប្រយោជន៍​បច្ចេកវិទ្យា​របស់​អាមេរិក​។​

​ប៉ុន្ដែ​បើតាម​លោក​Doug Bandow ជា​សមាជិក​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​Cato ជា​អង្គការ​សេរីនិយម​អាមេរិក​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន និង​ជា​បណ្ដាញសារព័ត៌មាន​ពិសេស​របស់​China Daily​ប្រចាំ​នៅ​អាស៊ី លោក​ថា​ទាំងអស់នេះ​គ្មានអ្វី​ភ្ញាក់ផ្អើល ឬ​គំរាមកំហែង​ដល់​អាមេរិក​ទេ​។​ទីក្រុង​វ៉ាស៊ីនតោន​គួរតែ​ទទួលយក​ឥរិយាបថ​របស់​ចិន ដែល​ប្រកាន់យក​ជំហរ​ដឹកនាំ​របស់​អាមេរិក​។​បច្ចុប្បន្ន អន្ដរជាតិ​កំពុង​មើលឃើញថា​ចិន​ពិតជា​គូប្រជែង​ដ៏​អស្ចារ្យ​របស់​អាមេរិក ទាំង​វិស័យ​យោធា សេដ្ឋកិច្ច រួមទាំង​នយោបាយ​។​ប៉ុន្ដែ​ធាតុពិត ចិន​គ្មាន​គោលដៅ​ចង់​បង្កបញ្ហា​ជាមួយ​អាមេរិក ឬ​បញ្ឆេះ​សង្គ្រាម​ជាមួយ​អាមេរិក​ឡើយ​។​នេះ​ជាការ​បញ្ជាក់បន្ថែម​របស់លោក​Doug​។

លោក​បន្ថែមថា សហរដ្ឋអាមេរិក​មាន​យោធា​ធំ​ជាង ហើយ​ចំណាយ​ច្រើនជាង​ចិន​៤​ដង លើ​កងកម្លាំងប្រដាប់អាវុធ​។​អាមេរិក​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើនជាង​ចិន​ដល់​៦​ដង​។​ចំណែក​នាវា​ផ្ទុក​យន្ដហោះ​វិញ​អាមេរិក​មាន​ដល់​១០​គ្រឿង រីឯ​ចិន​មានតែ​មួយគ្រឿង​ប៉ុណ្ណោះ​។​អ្វីដែល​សំខាន់បំផុត​មួយទៀត ទីក្រុង​ប៉េកាំង​មាន​សមត្ថភាព​តិចតួច​ណាស់​អាច​វាយប្រហា​រ​ទ្វីប​អាមេរិក ប៉ុន្ដែ​អាមេរិក​វិញ​មាន​សមត្ថភាព​ទ្វេដង​ក្នុង​ការវាយប្រហារ​ប្រទេស​ចិន​។​

​ទីក្រុង​វ៉ាស៊ីនតោន​ក៏បាន​បង្កើន​អំណាច​របស់ខ្លួន​តាមរយៈ​ការ​ចងសម្ព័ន្ធជា​មួយ​ប្រទេ​ស​ឧស្សាហកម្ម​ជាច្រើន ហើយ​អនុវត្ដ​សកម្មភាព​រួម​គ្នា​នៅតាម​បណ្ដោយ​ដែនដី​ភាគ​ខាងកើត​ប្រទេស​ចិន​។​តែ​សម្រាប់​ចិន​វិញ​ស្ថិតនៅ​តែឯង ហើយ​ព័ទ្ធជុំវិញ​ដោយ​ប្រទេស​ធ្លាប់ជា​គូ​ជម្លោះ​ក្នុងសម័យ​សង្គ្រាម​។​ដែន​ជម្លោះ​មួយចំនួន​ផុយស្រួយ​បំផុត​អាច​បង្ក​ជា​អំពើហិង្សា​។​និយាយ​ដោយ​ខ្លី អាមេរិក​ពិតជា​មាន​ភាគរយ​តិច​បំផុ​តដែល​ត្រូវ​បារម្ភ​ពី​ចិន បើទោះបី​ចិន​ចង់​គំរាមកំហែង​ដែនដី​អាមេរិក ឬ​រារាំង​ពាណិជ្ជកម្ម​អាមេរិក​ក៏ដោយ ចិន​មាន​សមត្ថភាព​តិចតួច​ណាស់​ក្នុង​ការធ្វើ​វា​។​

​អ្វីដែល​ទីក្រុង​ប៉េកាំង​ចង់បាន​នៅពេលនេះ គឺ​ការបញ្ចប់​ឥទ្ធិពល​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅតាម​តំបន់​ដែល​ប៉ះពាល់​ដល់​ចិន និង​ស្វែងរក​ការពារ​ខ្លួន​ជាជាង​ការវាយលុក​។​ជាក់ស្ដែង​និយាយ​ពី​ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាងកើត ដែល​ចិន​កំពុងមាន​វិវាទ​ជាមួយ​ប្រទេស​មួយចំនួន អាមេរិក​ក៏​លូកដៃ​ចូល​ទាំង​ខ្លួនឯង​មិនមែនជា​ភាគី​ពាក់ព័ន្ធ​។​ចិន​ប្រឆាំង​សកម្មភាព​អាមេរិក ព្រោះ​ចង់​ការពារ​ដែន​អធិបតេយ្យ​ជា​របស់​ចិន និង​មិន​ចង់ឲ្យមាន​ការជ្រៀតជ្រែ​ក​ពីភាគី​ដែលមិន​ជាប់ទាក់ទង ចង់បាន​ការដោះស្រាយ​ទល់មុខ​គ្នា​រវាង​ចិន​ជាមួយ​ប្រទេស​គូ​ជម្លោះ​។​តែ​អាមេរិក​បែរជា​ចោទ​ចិន​ចង់​ក្ដោប​ក្ដាប់​យក​សមុទ្រ​ចិន​ខាងត្បូង​។​

​ចិន​កំពុង​ផ្ដោតជាសំខាន់​លើ​ការបង្កើន​សេដ្ឋកិច្ច ដូច្នេះ​ចិន​មិនអាច​ធ្វើ​អ្វី​ហួស​ពី​ដែន​អំណាច​របស់ខ្លួន​បានឡើយ​។​ច្បាស់​ណាស់​ថា​ចិន​និង​អាមេរិក​ខ្វែងគំនិត​គ្នា ប៉ុន្ដែ​ប្រទេស​ទាំងពីរ​គ្មាន​រឿង​អី​ដែល​ត្រូវ​ប្រកាសសង្គ្រាម​ទេ​។​ពិតជា​គ្មាន​មូលហេតុ​ណា​បង្ក​វិបត្ដិ​ធ្ងន់ធ្ងរ​កើតឡើង​ដាច់ខាត បើសិន​អាមេរិក​មាន​ឆន្ទៈ​ចង់​សម្របសម្រួល​លើ​ការកើនឡើង​សកម្មភាព​របស់​ចិន​៕

ព័ត៌មានផ្សេងទៀត