លោក​សុខ ឥសាន​បដិសេធ​រឿង​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ចែក​អាសនៈ​គណបក្ស​ប្រឆាំង​

ដោយ៖ សៅ វិសាល 10-10-2017 4:25 pm 14710

សំណើរ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដែលមាន​ខ្លឹមសារ​បែក​ចែក​អាសនៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ ឲ្យទៅ​គណបក្ស​ដទៃ​ផ្សេងទៀត ត្រូវបាន​ធ្លាក់​ដល់ដៃ​រដ្ឋសភា​ហើយ ដែល​នឹង​ត្រូវ​ប្រជុំ​ពិនិត្យ​សម្រេច​អនុម័ត នៅ​ថ្ងៃ​ព្រហស្បត្តិ៍ សប្តាហ៍​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

​បើ​តាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក លោក​អេង ឆៃអ៊ាង នៅ​ថ្ងៃ​ទី​១០ តុលា​នេះ បានឲ្យដឹងថា ថ្ងៃនេះ សេចក្តីស្នើសុំ​វិសោធនកម្ម​ច្បាប់ ចំនួន​៤ របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទៅ​ដល់​រដ្ឋសភា ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​ប្រជុំ​សម្រេច​ចាត់​នីតិវិធី នៅវេលា​ម៉ោង ៧:៣០ ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ ។​
​សេចក្តីស្នើសុំ​វិសោធនកម្ម ច្បាប់​ទាំង​បួន គឺ :

១-​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​

២-​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​

៣-​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​

៤-​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ។​

​លោក​អេង ឆៃអ៊ាង បន្តថា ខ្លឹមសារ នៃ​ការសុំ​ធ្វើ​វិសោធនកម្ម ច្បាប់​ទាំង​៤​នេះ គឺ​យក​អាសនៈ របស់​គណបក្ស​ដែល​ត្រូវ​រំលាយ ដោយ​តុលាការ ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេងៗ តាម​រូបមន្ត​សមាមាត្រ ដែល​ចែង​ក្នុង​ច្បាប់​ទាំង​៤ ខាងលើ ។​

​ជុំវិញ​បញ្ហា​នេះ ត្រូវបាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បដិសេធ និង​បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃ​រដ្ឋសភា កាលពី​សប្តាហ៍​មុន គឺ​មិន​បាន​លើកយក ពី​របៀបវារៈ ស្តី​ពីការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម លើ​ច្បាប់​ទាំង​៤ ដែល​លើកឡើង ដោយ​លោក​អេង ឆៃអ៊ាង​នោះទេ​។ មាន​តែ​របៀបវារៈ​ស្តីពី​បញ្ហា​ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម រវាង​អាស៊ាន​-​ចិន​តែប៉ុណ្ណោះ​។​

សំឡេង​

​បើ​តាម​សេចក្តីជូនដំណឹង របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បានឲ្យដឹងថា សម័យប្រជុំ​រដ្ឋសភា លើក​ទី​៩ នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​១២ តុលា​នោះ មាន​របៀបវារៈ​ចំនួន​៥ រួមមាន

១. ព្រះរាជសារ ព្រះមហាក្សត្រ នរោត្តម សីហ​មុនី ផ្ញើ​ជូន​សម័យប្រជុំ​រដ្ឋ​សភា​នីតិកាល​ទី​៥​។

២. របាយការណ៍​ស្ដីពី​សកម្មភាព​របស់​រដ្ឋសភាច​ន្លោះ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៨ និង​លើក​ទី​៩ នីតិកាល​ទី​៥ ។​

៣. ពិភាក្សា អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីឧ​បា​ស្រ័យ​ពាណិជ្ជកម្ម​។​

៤. ពិភាក្សា អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ទូលំទូលាយ និង​កិច្ចសហប្រតិបត្តិការ​មួយចំនួនទៀត​។​

៥. ពិភាក្សា អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការទទួលស្គាល់ សុពលភាព​នៃ​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​ស្ថាប័ន​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​។​

​លោក​សុខ ឥសាន បាន​បន្តថា ចំពោះ​ការលើកឡើង​នេះ គឺជា​ការបង្កើត​បញ្ហា ដើម្បី​ដាក់បន្ទុក​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​បន្ថែមថា បញ្ហា​នៃ​ការ​បែងចែក​អាសនៈ​នៅ​រដ្ឋសភា ជា​តួនាទី របស់​គ​.​ជ​.​ប ពុំមែន​ជា​ដែន​សមត្ថកិច្ច​របស់​គ​ណ​បក្ស​នយោបាយ​នោះ​ឡើយ​។​

សំឡេង​

​មាត្រា​១៣៨ ស្ទួន នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បានចែង​ថា ក្នុង​នីតិកាល​នៃ​រដ្ឋសភា ប្រសិនបើ​មាន​គណបក្សនយោបាយ​ណាមួយ ប្រកាស​បោះបង់​ចោល​អាសនៈ ឬ​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ ឬ​ត្រូវ​រំលាយ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ បញ្ជី​បេក្ខជន និង​តំណាងរាស្ត្រ​ទាំងអស់ នៃ​គណបក្ស​នយោបាយ​នោះ លែង​មាន​សុពលភាព និង​លែង​មាន​គុណសម្បត្តិ​ទៅ​ទៀត​ហើយ​។

​ក្នុង​ករណី​ខាងលើ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​ធ្វើ​ការបែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈពេល​៧​ថ្ងៃ ទៅឲ្យ​គណបក្សនយោបាយ​នានា ដែល​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ជាមួយ ដោយ​មិន​គិត​បញ្ចូល​គណបក្សនយោបាយ ដែល​បោះបង់ចោល​អាសនៈ ឬ​ដែល​ត្រូវ​លុបឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្សនយោបាយ ឬ​ដែល​ត្រូវ​រំលាយ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត