UN​​ធ្វើ​ដូចម្តេច ​​បន្ទាប់ពី​រកឃើញ​កប៉ាល់​៤​គ្រឿង​​ល្មើស​ទណ្ឌកម្ម​​ដាក់​លើ​​កូរ៉េខាងជើង?

ដោយ៖ អ៊ុន សុខឡា 10-10-2017 2:02 pm 1858
រូបថតឯកសារបង្ហាញពីកប៉ាល់របស់កូរ៉េខាងជើង

​មិនបង្កកទ្រព្យសម្បត្តិ ឬមិនហាមឃាត់ ចំពោះការធ្វើដំណើរឡើយ ប៉ុន្តែអង្គការសហប្រជាជាតិ បាន​ហាមឃាត់​កប៉ាល់​ចំនួន​៤​គ្រឿង មិនឲ្យ​ចូលចតក្នុង​កំពង់ផែ​នានា​ក្នុង​សាកលលោកតែម្តង បន្ទាប់ពី​រកឃើញថា​បាន​រំលោភបំពាន លើ​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិ សុខ​អង្គការសហប្រជាជាតិ ដែល​បានដាក់​លើ​កូរ៉េខាងជើង​។ 

​ការសម្រេច​ដាក់​បម្រាម​លើ​កប៉ាល់​ទាំង​៤​គ្រឿង​នេះ ធ្វើឡើង​បន្ទាប់ពី​អង្គការសហប្រជាជាតិ​(UN) បានរៀបចំ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ចន្ទ​។ លោក Hugh Griffiths អ្នកសម្របសម្រួល នៃ​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ ស្តីពី ទណ្ឌកម្ម​របស់​កូរ៉េខាងជើង បាន​និយាយ​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ថា កប៉ាល​ទាំង​៤​គ្រឿង​ត្រូវបាន​រកឃើញ ថា ដឹកជញ្ជូន​ទំនិញ​ដែល​បាន​ហាមឃាត់​។ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បង្ហើប​ថា កប៉ាល់​នេះ​បាន​ដឹក ធ្យូង​ថ្ម រ៉ែ​ដែក​និង​អាហារ​សមុទ្រ​។ 

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ពង្រីក​ទណ្ឌកម្ម​ដា​ក់លើ​កូរ៉េខាងជើង កាលពី​ខែ​មុន ដើម្បី​ឆ្លើយតប​នឹង​ទីក្រុង​ព្យុងយ៉ាង ដែល​បាន​ធ្វើតេស្ត​មី​ស៊ី​ល​លើក​ទី​៦​។ ទណ្ឌកម្ម​ដែល​បានអនុម័ត​កាលពី​ខែ​មុន បាន​ហាមឃាត់ ការនាំចេញ​ធ្យូងថ្ម អាហារ​សមុទ្រ​និង​រ៉ែ​ដែក​ពី​កូរ៉េខាងជើង​។ ទណ្ឌកម្ម​ដែល​បាន​ពង្រីក​កាលពី​ខែសីហា​នោះ ក៏មាន​ផងដែរ​នូវ​ការចែង​ពី​ការហាម នាំចេញ​វាយ​ន​ភណ្ឌ​ពី​កូរ៉េខាងជើង​។ 

​សូមបញ្ជាក់ថា កប៉ាល់​ចំនួន​៤​គ្រឿង​នោះ​មានឈ្មោះ Petrel 8 មាន​ចុះបញ្ជី​នៅ Comoros , Hao Fan 6 ចុះបញ្ជី​នៅ Saint Kitts និង Nevis , Tong San 2 ចុះបញ្ជី​នៅ​កូរ៉េខាងជើង និង​កប៉ាល់​ឈ្មោះ Jie Shun ពុំមាន​កត់ត្រា​ថា​បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​ណា​នោះទេ​។ ពាក់ព័ន្ធ​នឹង​ប​ញ្ហ​នេះ អ្នកការទូត​កូរ៉េខាងជើង ដែលមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ មិន​ធ្វើ​ការអត្ថាធិប្បាយ​អ្វី​ទាំងអស់​។ នេះ​បើតាម​ប្រភពពី​អ្នកការទូត​៕

ព័ត៌មានផ្សេងទៀត