ក្រុម​មូស្លីម​​រ៉ូ​ហ៊ីង​យ៉ា​ប​ន្ដ​ជម្លៀសខ្លួន​​ទៅ​បង់ក្លា​ដែស​​ប្រមាណ​២​ពាន់​នាក់​​ក្នុង​មួយថ្ងៃ​

ដោយ៖ ពេញ ផេង 10-10-2017 10:53 am 245
ក្រុមរ៉ូហ៊ីងយ៉ា​ដែលចាកចោល​លំនៅស្ថាន

បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​អាជ្ញាធរ មាន​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ប៉ុន្មាន​ពាន់​នាក់​បន្ថែមទៀត បាន​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​ចូលទៅក្នុង​ប្រទេស​បង់​ក្លា​ដែស​ក្នុងពេល​ថ្មីៗ​។​មាន​របាយការណ៍​រាយការណ៍​ផងដែ​រថា ក្មេងៗ​ជាច្រើន​នាក់​បាន​ស្លាប់​ដោយសារតែ​អត់ឃ្លាន អស់កម្លាំង និង​គ្រុនក្ដៅ​ក្នុងការ​ភៀសខ្លួន​ថ្មីៗ​នេះ​។​

​តាម​ការប៉ាន់ប្រមាណរ​បស់​អង្គការសហប្រជាជាតិ ចំនួន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែស កើន​ដល់​៥១៩,០០០​នាក់ ជា​ចំនួន​សរុប​ក្នុង​រយៈពេល​៦​សប្ដាហ៍​កន្លងមក​។​ក្រុម​នេះ​ជាច្រើន​នាក់​ក៏​ត្រូវបាន​ស្លាប់ ដោយសារ​លិច​ទូក​នៅពេល​ពួកគេ​ជិះ​ឆ្លង​មក​បង់​ក្លា​ដែស​។​

​ការជម្លៀស​ខ្លួន​យ៉ាងគំហុក​របស់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា កំពុង​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិភាព​ក្នុង​ការរស់នៅ ដោយសារ​ខ្វះខាត​ជំនួយ​ស្បៀងអាហារ គ្មាន​ជំរំ​ជ្រកកោន​គ្រប់គ្រាន់ ទើប​មាន​អ្នកខ្លះ​ត្រូវ​ស្នាក់នៅ​តាម​ចិញ្ចើមថ្នល់​។​អ្វីដែល​បារម្ភ​បំផុត​មួយទៀត គឺ​ការថែទាំ​សុខភាព​។​

​សូមបញ្ជាក់ថា ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​បាន​ជម្លៀស​ខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែស បន្ទាប់ពី​មាន​ការវាយប្រហារ​លើ​ប៉ុស្ដិ៍​ប៉ូលិស​និង​មូលដ្ឋាន​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​២៥​សីហា បង្កឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​។​ក្រោយមក​មី​យ៉ាន់​ម៉ា​បាន​បញ្ជូន​កងទ័ព​ចុះបង្ក្រាប​ក្រុម​សកម្ម​ប្រយុទ្ធ បានសម្លាប់​ពួកគេ​ជាច្រើន​រយ​នាក់​។​ប៉ុន្ដែ​ក៏​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា បង្ក​ការភ័យខ្លាច ហើយ​មាន​សេចក្ដីរាយការណ៍​ថា កងទ័ព​បាន​ធ្វើទុក្ខបុកម្នេញ​ពួកគេ​ទៀត តែ​ត្រូវ​កងទ័ព​បដិសេធ​។​

​អង្គការសហប្រជាជាតិ​និង​អន្ដរជាតិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ត្រូវ​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់ ព្រោះ​ទង្វើ​ដែល​កងទ័ព​ធ្វើ​ដាក់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា ដូចជា​មាន​ចេតនា​ចង់​បោសសម្អាត​ក្រុម​ជនជាតិភាគតិច​ចេញពី​ប្រទេស​។​មី​យ៉ាន់​ម៉ា​គ្មានអ្វី​ត្រូវ​និយាយ ក្រៅពី​សុំ​ពេលវេលា​ដើម្បី​ដោះស្រាយ​វិបត្ដិ​ដ៏​រ៉ាំរ៉ៃ​។​

​ចំពោះ​ប្រទេស​លោកខាងលិច​និង​អាមេរិក​វិញ បាន​នឹង​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ជុំវិញ​ការបង្ក្រាប​លើ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​បណ្ដាលឲ្យ​ពួកគេ​ជម្លៀសខ្លួន​រាប់ម៉ឺន​នាក់ ប្រឈម​នឹង​ហានិភ័យ​គ្រប់បែបយ៉ាង​៕

ព័ត៌មានផ្សេងទៀត