មន្ត្រី​រដ្ឋាភិបាល​ថា​​ពានរង្វាន់​​ការពារ​សិទ្ធិមនុស្ស​ ជា​ពាន​យុទ្ធសាស្ត្រ​​មាន​និន្នាការ​​នយោបាយ​

ដោយ៖ ខាត់ សុធី 09-10-2017 5:37 pm 1527
ពីរូបទី៣ លោកនី សុខា លោកនី ចរិយា លោកយី សុខសាន លោកណៃ វ៉ង់ដា និងលោកស្រីលឹម មុនី

​​អគ្គលេខាធិការរង​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​០១​រូប និង​អ្នកការពារ​សិទ្ធិមនុស្ស ០៤​រូប​របស់​សមាគម អាដហុក ដែល​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល ៤២៧​ថ្ងៃ ទទួលបាន​ពានរង្វាន់​Martin Ennals ដែលមាន​អង្គការ​អន្តរជាតិ​ធំៗ​ចំនួន​១០ បាន​ផ្តល់ជូន ដែល​ពានរង្វាន់​នេះ គឺ​សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៣ ដើម្បី​លើកកម្ពស់​និង​ការពារ​បុគ្គល​នៅ​ជុំវិញ​ពិភពលោក ដែល​បង្ហាញ​ពី​ភាពក្លាហាន ពិសេស​ក្នុង​ការការពារ​និង​លើកកម្ពស់​សិទ្ធិមនុស្ស​។​ពិធី​ប្រគល់​ពាន​នេះ នឹង​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៧​នៅ​ទីក្រុង​Geneva ប្រទេស​Zwitzerland​។​

មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ រដ្ឋាភិបាល លោក​ផៃ ស៊ី​ផាន ថា​លោក​មិនមាន​ការភ្ញាក់ផ្អើល​សោះឡើយ ចំពោះ​ការផ្តល់​ពាន​នេះ ពីព្រោះ​ការផ្តល់​នេះ គ្រាន់តែ​ជា​ការលើកទឹកចិត្ត ដល់​បុគ្គល​ដែល​បម្រើ​ផលប្រយោជន៍​របស់គេ​នោះ​តែប៉ុណ្ណោះ​។​លោក​ផៃ ស៊ី​ផាន​មើលឃើញ​ទៀតថា វា​គឺជា​ពាន​យុទ្ធសាស្ត្រ ដែលមាន​និន្នាការ​នយោបាយ​.......

​សំឡេង​លោក​ផៃ ស៊ី​ផាន​៖

​លោក​គល់ បញ្ញា​នាយក​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​ធ្លាប់បាន​ទទួល​ពានរង្វាន់​«Ramon Magsaysay» ពី​មូលនិធិ រ៉ូ​ម៉ាន ម៉ា​ក់​សៃសៃ អា​វ័ដ (Romon Magsaysay Award Foundation) កាលពី​ឆ្នាំ ២០១១ ដែល​ត្រូវបាន​គេ​ចាត់ទុក​ដូចជា​រង្វាន់ ណូបែល​សន្តិភាព ដែរនោះ បានប្រកាស​សាទរ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស ៥​រូបនេះ ។​

​ចំណែក​លោក​សន ជ័យ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​យល់ថា នេះ​ជា​មហា​កិត្តិយស​មួយ​សម្បើម​ណាស់ សម្រាប់​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ទាំងនោះ ពីព្រោះ​ពួកគាត់​បាន​លះបង់​ច្រើនណាស់​ក្នុង​បុព្វហេតុ​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​បើតាម​លោក​មើលឃើញ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ទាំងនោះ មិនដែល​ធ្វើ​សកម្មភាព​បម្រើ​គណបក្សនយោបាយ ឬ​បរទេស ដូច​ការលើកឡើង​ពី​មន្ត្រី​រដ្ឋាភិបាល​ទេ​.......

​សំឡេង​លោក​សន ជ័យ​៖

សូមបញ្ជាក់ថា មន្ត្រី​ការពារ​សិទ្ធិមនុស្ស ៤​រូប គឺ​លោក​នី សុខា លោក​យី សុខ​សាន លោកស្រី​លឹម មុនី លោក​ណៃ វ៉ង់​ដា និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត ១​រូប គឺ​លោក​នី ចរិយា ដែល​ទទួលបាន​ពានរង្វាន់​ខាងលើ ត្រូវបាន​អង្គភាព​ប្រឆាំង​ពើ​ពុករលួយ ចាប់ខ្លួន និង​ត្រូវ​តុលាការ សម្រេច​ឃុំខ្លួន កាលពីដើម​ខែឧសភា​ឆ្នាំ​២០១៦ ក្រោម​ការ​ចោទ​ពីបទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី នៅ​ក្នុងករណី នាង​ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​ទម្លាយ​ថា មាន​ទំនាក់ទំនង​ស្នេហា​ដ៏​ចម្រូងចម្រាស់​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង លោក​កឹម សុខា​។ អ្នក​ទាំង​០៥​នេះ ត្រូវបាន​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧៕

ព័ត៌មានផ្សេងទៀត