ក្រសួងមហាផ្ទៃ​បន្តព្រមាន​NGO​ដែលធ្វើសកម្មភាព​ផ្ទុយពីច្បាប់​កំណត់ ​

ដោយ៖ គួន សំបូរ 09-10-2017 3:59 pm 697
រូបមុខក្រសួងមហាផ្ទៃ។ប្រភពពី VOD

ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដល់អភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ស្តីពី ការធ្វើសកម្មភាពការងាររបស់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។ ក្នុងសេចក្តីជូនដំណឹង នោះ ក្រសួងមហាផ្ទៃបញ្ជាក់ថា សម្រាប់សមាគម និងអង្គការស្របច្បាប់ ដែលចង់ធ្វើសកម្មភាពត្រូវជូនដំណឹងដល់អាជ្ញាធនៅមូលដ្ឋាន។បន្ថែមពីនេះ ក្រសួងបានព្រមានចាត់វិធានការចំពោះសមាគម និងអង្គការណា ដែលធ្វើសកម្មភាពដោយពុំបានចុះបញ្ជីនៅក្រសួងមហាផ្ទៃផងដែរ។ 

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បានពន្យល់ថា ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានគោលបំណងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់កំណត់ គឺមានសិទ្ធិពេលលេញ ក្នុងការបំពេញសកម្មភាពក្នុងប្រទេសកម្ពុជា ស្របតាមច្បាប់ និងលក្ខន្កិកៈរបស់ខ្លួនដែលតម្គល់ទុកនៅក្រសួងមហាផ្ទៃ។

បើតាមក្រសួងមហាផ្ទៃ បានបញ្ជក់ថា ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលស្របច្បាប់ណា ចង់ធ្វើសកម្មភាព បើកសាខា អនុវត្តកម្មភាព អាចជូនដំណឹងមកក្រសួងមហាផ្ទៃ ឬដោយជូនទៅរដ្ឋបាលថ្នាក់ក្រោយជាលាយលក្ខណ៍អក្សក្នុងរយៈពេល៣ថ្ងៃ មុនផ្តើមសកម្មភាព។ ករណីនេះ មិនតម្រូវឲ្យរដ្ឋបាលថ្នាក់ក្រោមឆ្លើយតបឡើយ។ ប៉ុន្តែបើសមាគម និងអង្គការណា ធ្វើសកម្មភាពផ្ទុយ ពីការជូនដំណឹង ដូចជាការប្រមូលគ្នាធ្វើបាតុកម្មនានា ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរនឹងចាត់វិធានការទប់ស្កាត់។

រីឯសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ឬក្រសួងសម្រេចលុបចោល បើនៅតែបន្តធ្វើសកម្មភាពបន្តទៀត អាជ្ញាធរមានសមត្ថកិច្ចនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់។

គួរកត់សម្គាល់ថា ក្រោយច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចេញជាផ្លូវការ គេសង្កេតឃើញថា មានអង្គការមិនមែនរដ្ឋាភិបាលចំនួនត្រូវបានរដ្ឋាភិបាលបិទ និងផ្អាកសកម្មភាពដូចជា៖ អង្គការNDI, អង្គការសមធម៌កម្ពុជា,និង អង្គការមាតាធម្មជាតិដែលប្រកាសបិទខ្លួនឯង។ ចំណែកអង្គការមួយចំនួនផ្សេងទៀតត្រូវបានក្រសួងចេញសេចក្តីព្រមាន។

បើទោះបីជាក្រសួងមហាផ្ទៃអះអាងថា ច្បាប់អង្គការនេះមានគោលបំណងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្តី តែសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានសម្តែងភាពមិនពេញចិត្ត ក្រោយច្បាប់នេះចេញជាធរមាន។

លោក សំ គន្ធាមី នាយកប្រតិបត្ដិអង្គការ និចហ្វិច បានអះអាងថា ក្រោយច្បាប់អង្គការនេះចេញជាផ្លូវការ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន លំបាកបំពេញការងាររបស់ខ្លួន។លោកថាមាត្រាមួយចំនួននៅក្នុងច្បាប់នេះ រឹតត្បិតទៅលើសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល ក្នុងនោះដូចជាសេរីភាពខាងការបង្កើតអង្គការ សមាគម សេរីភាព ខាងការបញ្ចេញមតិ សេរីភាពខាងការជួបប្រជុំ សិទ្ធិក្នុងការចូលរួមក្នុងជីវភាពសាធារណៈ ព្រមទាំងការរឹតបន្តឹងទៅលើមតិប្រឆាំងជាដើម…

សំឡេងលោក សំ គន្ធាមី៖

បើតាមលោក សំ គន្ធាមី បានបញ្ជាក់ថា សព្វថ្ងៃមានអង្គការមួយចំនួន កំពុងតែប្រឈមនឹងការបិទទ្វារ ដោយសារតែពួកគេមិនទាន់យល់ពីច្បាប់ថ្មីមួយនេះ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានតំណាងរាស្រ្តដែលមានតែគណបក្សប្រជាជនកម្ពុជា ប្រជុំអនុម័ត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ហើយនៅថ្ងៃទីកាលពីថ្ងៃទី ១២ សីហាឆ្នាំដដែរ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយ ព្រះហស្តលេខាប្រកាសឲ្យប្រើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕ 

ព័ត៌មានផ្សេងទៀត