មន្ត្រី​បក្សប្រឆាំង​​មិន​ខ្វល់​នឹង​​ការរំលាយ ​តែ​អំពាវនាវ​​ឲ្យ​ពលរដ្ឋ​​ចុះឈ្មោះ​​បោះឆ្នោត​!

ដោយ៖ ខាត់ សុធី 09-10-2017 2:21 pm 6913

​ខណៈ​មជ្ឈដ្ឋាន​ទូទៅ ទាំង​ជាតិ និង​អន្តរជាតិ កំពុង​តាមដាន​មើល​ពី​ជោគវាសនា គណបក្សប្រឆាំង ដែលជា​គូ​ប្រកួតប្រជែង​ដ៏​ស្រួចស្រាវ​តែមួយគត់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា របស់លោក នាយក រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​កំពុង​កាន់អំណាច ថា​តើ​គណបក្ស​នេះ អាច​នឹងត្រូវ​រំលាយ​ដូចដែល​លោក​ហ៊ុន សែន និង​មន្ត្រី​របស់លោក ព្រមាន​ជា​ច្រើនលើកច្រើនសា​នោះ​ឬទេ​?

មកដល់ពេលនេះ ការមើលឃើញ​ពី​ភាពរលាយ​ខ្សុល នៃ​គណបក្ស​សង្គ្រោះ​ជាតិ កាន់តែ​មែនទែន​ហើយ បន្ទាប់ពី​ក្រសួងមហាផ្ទៃ ចាត់ការ​ករណីនេះ តាម​សំណើ​គណបក្ស​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន​ពីរ គឺ គណបក្ស​យុវជន​កម្ពុជា​របស់លោក​ពេជ្រ ស្រស់ និង​គណបក្ស​ហ្វ៊ុន ស៊ិន ប៉ិច របស់​សម្តេមក្រុមព្រះ ន រោ​ត្តមរ​ណ​ឫទ្ធិ បើទោះបី​ក្រុមអ្នកច្បាប់​មួយចំនួន ស្នើឲ្យ​ក្រសួងមហាផ្ទៃ ពិចារណា និង​ស៊ើបអង្កេត​ឲ្យបាន​ល្អិតល្អន់​សិន មុននឹង​ទទួលយក​សំណើ​របស់​គណបក្ស​ទាំងពីរ​ដែល​គ្មាន​អាសនៈ​នៅក្នុង​សភា ទាមទារ​ប្ដឹង​សុំ​រំលាយ​គណបក្សប្រឆាំង​ដូច្នេះ​។​

​ចំណាត់ការ​ចុងក្រោយ​នេះ ត្រូវគេ​ទស្សន៍ទាយ​ថា ជោគវាសនា គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ នឹង​ដល់​ថ្ងៃ​សូន្យ​ក្នុងពេល​ឆាប់ៗ ដែល​អាច​នៅមុន​ដំណាច់ឆ្នាំ​២០១៧​នេះ​ផង​ក៏​ថា​បាន​។​

​តែ​ជា​ការកត់សម្គាល់ ខណៈ​ថ្ងៃ​អន្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ខិតជិត​មកដល់ បែរជា​អតីត​ប្រធាន​គណបក្សប្រឆាំង និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​នេះ រិត​តែ​បង្កើន​ការអំពាវនាវ​របស់ខ្លួន ដល់​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ចាប់ពី​១៨​ឆ្នាំ ឡើងទៅ ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត និង​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ អញ្ជើញ​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​ឈ្មោះ​ក្នុង បញ្ជី​ឈ្មោះ បោះឆ្នោត នៅតាម មណ្ឌល ឃុំ​- សង្កាត់ រៀងៗ​ខ្លួនឲ្យបាន​គ្រប់ៗ​គ្នា ទៅវិញ​។ លោក​សម រង្ស៊ី ថា​ការចុះឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​ឈ្មោះ​ក្នុង បញ្ជី​ឈ្មោះ បោះឆ្នោត គឺ​ដើម្បី​បាន​បោះឆ្នោត ជ្រើសរើស តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ សម្រេច​ជោគវាសនា​ប្រទេសជាតិ​យើងទាំងអស់គ្នា​។​

​ចំណែក​លោកស្រី​មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​នេះ ក៏បាន​ស្រែក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គ្រប់​អាយុ​បោះឆ្នោះ​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ពិសេស​ពលករ​ចំណាកស្រុក​ដែល​កំពុង​រស់នៅ​ធ្វើការ​ក្នុង​ប្រទេសជិតខាង មាន​ថៃ​ជាដើម​។​លោកស្រី បាន​ប្រើ​វោហា​សាស្ត្រ លើកទឹកចិត្ត​អ្នក​ទាំងនោះ​ថា «​ជោគវាសនា​ជាតិ​មាតុភូមិ​យើង​ស្ថិត​លើក​ក្មួយៗ​នេះហើយ​»​។​

​ហេតុអ្វី ក៏​គណបក្ស​មួយ ដែល​ត្រូវគេ​កំពុង​ប៉ុនប៉ង​សម្លាប់​ឲ្យ​សូន្យ​ចេញពី​សង្វៀន​នយោបាយ នា​រដូវ​កាល​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខ បែរជា​សម្រុក បង្កើន​ការអំពាវនាវ ឲ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត ដើម្បី​កែប្រែ​ជោគវាសនា​ប្រទេសជាតិ​ទៅវិញ​? តើ​ការអំពាវនាវ​នេះ មានន័យ​ដូចម្តេច​វិញ បើ​ខ្លួន​ត្រូវគេ​រំលាយ មិនអាច​ចូលរួម​បោះឆ្នោត​បាន​ផង​នោះ​?

 


ព័ត៌មានផ្សេងទៀត